website_news:2016310504

UNICEFប្រកាសអាសន្នពីការស្លាប់ជនភៀសខ្លួននិងជនអន្ដោប្រវេសន៍ក្នុងសមុទ្រមេឌីទែរ៉ាណេ

(http://vayofm.com/) គេហទំព័រវិទ្យុវាយោ ថ្ងៃទី 30-05-2016 12:58 pm

អង្គការមូលនិធិកុមារនៃអង្គការសហប្រជាជាតិ(UNICEF)បានប្រកាសអាសន្នភ្លាមៗ បន្ទាប់ពីជនអន្ដោប្រវេសន៍និងជនភៀសខ្លួនយ៉ាងហោចណាស់ក៏៧០០នាក់ដែរ អាចត្រូវស្លាប់បាត់បង់ជីវិត នៅពេលពួកគេព្យាយាមនឆ្លងសមុទ្រមេឌីទែរ៉ាណេឆ្ពោះទៅតំបន់អឺរ៉ុបកាលពីសប្ដាហ៍មុន។អ្នកដែលស្លាប់ជាច្រើនជឿជាក់ថាជាអនីតិជនគ្មានសាច់ញាតិ។ការប្រកាសអាសន្នដោយសារអ្នកស្លាប់នៅតែបន្ដកើនឡើង ហើយមានទាំងកុមារថែមទៀត ដូច្នេះអង្គការUNICEFបានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធអន្ដរជាតិជួយការពារពួកគេនៅពេលធ្វើចំណាកស្រុកតាមសមុទ្រ។

មួយវិញទៀតដោយរំពឹងថាចំនួនជនអន្ដោប្រវេសន៍ក្មេងៗអាចកើនឡើងក្នុងរដូវក្ដៅ គឺពួកគេអាចឆ្លងកាត់តាមច្រកដ៏គ្រោះថ្នាក់នៃប្រទេសលីប៊ីនិងអ៊ីតាលី អង្គការUNICEFនឹងចាប់ផ្ដើមសហការជាមួយរដ្ឋាភិបាលអ៊ីតាលី និងដៃគូពាក់ព័ន្ធផ្សេងទៀត ដើម្បីផ្ដល់ការការពារនិងគាំទ្រ។នេះបើតាមការបញ្ជាក់ពីទីភ្នាក់ងារអង្គការសហប្រជាជាតិក្នុងពេលធ្វើសន្និសីទកាសែត។

អង្គការUNICEFបានឲ្យដឹងទៀតថា ដោយសារក្មេងៗភាគច្រើនភៀសខ្លួនដោយគ្មានសាច់ញាតិឬអាណាព្យាបាលមកជាមួយ ហេតុនេះពួកគេអាចប្រឈមខ្ពស់នឹងការជួញដូរ ការរំលោភបំពានកម្លាំងពលកម្ម ហើយអាចស្លាប់ពេលជិះទូកឆ្លងកាត់តាមសមុទ្រ ទាំងមិនទាន់ទៅដល់គោលដៅផង។អ៊ីចឹងហើយចាំបាច់ត្រូវយកចិត្ដទុកដាក់ចំពោះពួកគេ។

សូមបញ្ជាក់ថា ជាមធ្យមមានក្មេងៗគ្មានសាច់ញាតិប្រមាណ១ពាន់នាក់ បានធ្វើដំណើរទៅដល់អ៊ីតាលីក្នុងមួយខែៗក្នុងឆ្នាំ២០១៦នេះ ប៉ុន្ដែអង្គការUNICEFរំពឹងថានៅប៉ុន្មានខែក្រោយតួលេខអាចនឹងកើតឡើងច្រើនជាងមុន។ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិវិញបានឲ្យដឹងថា កាលពីសប្ដាហ៍មុនមានហេតុការណ៍លិចទូកដឹកជនភៀសខ្លួនជាច្រើនគ្រឿង នៅពេលទូកដឹកពួកគេឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ៕

website_news/2016310504.txt · Last modified: 2017/03/02 14:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki