website_news:2016310801

ពលករខ្មែរជាង ១៣ម៉ឺននាក់ ទទួលបានការងារធ្វើនៅថៃ ក្រោមកិច្ចព្រមព្រៀងស្តីពី ការ ប្រើប្រាស់ពលករ

(http://www.dap-news.com/kh) ថ្ងៃពុធ, ៣១ សីហា ២០១៦ 11:46 ដោយ: បាន សុខរិទ្ធិ ID:049

ភ្នំពេញ៖ ក្រោមអនុស្សារណៈ នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងកិច្ច ព្រៀងស្តីពីការ ប្រើប្រាស់ពលករ រវាងកម្ពុជា-ថៃ ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ រហូតដល់ខែកក្កដា ឆ្នាំ២០១៦ មានពលករខ្មែរប្រមាណ ១៣២ ៤៤២នាក់ បានទទួលការងារធ្វើ និងស្នាក់នៅក្នុង ប្រទេសថៃ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំលើកទី១០ នៃគណៈកម្មការចម្រុះ សម្រាប់ កិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកម្ពុជា-ថៃ នាទីក្រុងបាងកក កាលពីថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០១៦ បានឲ្យ ដឹងថា កម្ពុជាបានវាយតម្លៃខ្ពស់ ចំពោះភាគីថៃ ក្នុងការពន្យាសុពលភាព បណ្ណសម្គាល់ខ្លួនមិនជាជនជាតិថៃ (បណ្ណពណ៌ស៊ីជម្ពូរ) រយៈពេល ២ឆ្នាំទៀត រហូតដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៨ ដល់ពលករកម្ពុជា ដែលគ្មាន ឯកសារ និងមិនទាន់បំពេញ នីតិវិធីបញ្ជាក់សញ្ជាតិ ព្រមទាំងមិនទាន់ទទួលបានលិខិត ឆ្លងដែន/ឯកសារធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា ធ្វើការនៅក្រៅប្រទេស ។ ក្នុងកិច្ចប្រជុំភាគីទាំងពីរ បានលើកទឹកចិត្តការ អនុវត្តឲ្យកាន់តែទូលំទូលាយ ថែមទៀត ចំពោះកិច្ចព្រម ព្រៀងឆ្លងកាត់ព្រំដែន រវាងកម្ពុជា-ថៃ ដែលត្រូវបានកែសម្រួលនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ ក្នុងការអនុញ្ញាត ឲ្យប្រជាជន នៃខេត្តតាមបណ្ដោយព្រំដែន អាចប្រើប្រាស់ប័ណ្ណឆ្លងដែនទៅធ្វើការងារ ប្រចាំថ្ងៃ ឬតាមរដូវកាលនៅ តាមតំបន់ព្រំដែនបាន ។

កម្ពុជា-ថៃ បានឯកភាពជំរុញស្ថាប័នពាក់ព័ន្ធ ឲ្យពន្លឿនការចែកលិខិតឆ្លងដែន/ឯកសារធ្វើដំណើរ និងប័ណ្ណ ពលករកម្ពុជា ធ្វើការនៅក្រៅប្រទេស ដែលនៅសល់ចំនួន ២១៤ ៧០៨ ដល់ពលករកម្ពុជា ដែលបានបំពេញនីតិវិធី បញ្ជាក់សញ្ជាតិជាមួយខាងកម្ពុជារួច ។ ជាមួយគ្នានោះ ភាគីកម្ពុជាបានស្នើថៃអនុញ្ញាតឲ្យក្រុមការងារកម្ពុជា បន្តការងារបញ្ជាក់ សញ្ជាតិដល់ពលករកម្ពុជា ។

នាយករដ្ឋមន្ត្រី នៃប្រទេសថៃ លោក ប្រាយុទ្ធ ចាន់អូឆា បានមានប្រសាសន៍ ទទួលយកសំណូមពរ របស់កម្ពុជា ដែលសើ្នឲ្យថៃជួយចែកលិខិតឆ្លងដែន ជូនពលករខ្មែរ និងបានចេញបញ្ជា ឲ្យក្រសួងការងារថៃ ជួយ សហការ បំពេញកិច្ចការនេះ ។ លោកនាយករដ្ឋមន្ត្រី ក៏មានបំណងចង់ឲ្យពលករខ្មែរ មានសេរីភាពក្នុងការ ធ្វើដំណើរ និងអាចផ្លាស់ប្តូរទីកន្លែង ធ្វើការនៅក្នុងប្រទេសថៃបាន ព្រោះពលករខ្មែរ ក៏បានជួយដល់ការអភិវឌ្ឍ សេដ្ឋកិច្ចជាតិរបស់ថៃផងដែរ ។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បាន ថ្លែងអំណរគុណភាគថៃ ដែលបានជួយសម្រួល ដល់ការរស់នៅ ធ្វើការងារ និងការធ្វើឲ្យស្របច្បាប់ ដល់ពលករខ្មែរ ។ លោកទេសរដ្ឋមន្ត្រី ក៏បានអរគុណផ្ទាល់ចំពោះ លោក ប្រាយុទ្ធ ចាន់អូឆា ដែលបានគិតគូរចង់ឲ្យពលករកម្ពុជា មានសេរីភាព ក្នុងការដើរហើរក្នុងប្រទេសថៃ និងជួយអន្តរាគមន៍ ដល់ក្រសួងការងារ និងក្រសួងមហាផ្ទៃថៃ ឲ្យសហការជួយចែកលិខិត ឆ្លងដែនជូនបងប្អូនពលករខ្មែរ តាមសូមណូមពរកម្ពុជា ។

សូមបញ្ជាក់ថា អនុស្សារណៈ នៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យ ការងារ និងកិច្ច ព្រៀងស្តីពីការប្រើប្រាស់ ពលករ រវាងកម្ពុជា-ថៃ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ៕

website_news/2016310801.txt · Last modified: 2017/03/11 20:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki