website_news:2016311002

អ្នកលក់ចេកអាំងនៅព្រំដែនថៃ មួយថ្ងៃរត់គេចប៉ូលិស២ដង ប្ដូរប្រាក់៣ម៉ឺនរៀល

(http://www.rasmeinews.com) ដោយ ៖មុន្នី រម្យ ថ្ងៃទី 31 តុលា 2016 ម៉ោង 09:01:AM

ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ផ្នែកខាងទឹកដីថៃ គឺពោរពេញទៅដោយអ្នកលក់ដូររបស់របរផ្សេងៗ ដែលសុទ្ធតែប្រជាជនខ្មែរទាំងអស់នៅលក់កន្លែងនេះ ដោយត្រូវគេចពីប៉ូលិសថែរក្សាសណ្ដាប់ធ្នាប់ថៃ មួយថ្ងៃ២ដង ព្រឹកនិងល្ងាច។

ក្រុមការងារ ផ្លូវទៅស្រុក បានសម្ភាសន៍ផ្ទាល់ជាមួយប្អូនស្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ឈរលក់ចេកអាំងកណ្ដាលថ្ងៃត្រង់ថា ប្អូនលក់ចេកនៅកន្លែងច្រកព្រំដែនខាងថៃនេះ ១០ឆ្នាំមកហើយ។ ដោយមួយថ្ងៃអាចចំណេញប្រាក់ប្រហែល៣ម៉ឺនរៀលប៉ុណ្ណោះ ដើម្បីចិញ្ចឹមក្រពះ។ ផលលំបាកនៃការលក់ដូរឆ្លងដែននេះ ប្អូនស្រីបានបញ្ជាក់ថា ត្រូវគេចពីប៉ូលិសសណ្ដាប់ធ្នាប់ថៃ មួយថ្ងៃ២ដង គឺព្រឹក និងពេលល្ងាច។ ប្រសិនបើពួកប៉ូលិសថៃចាប់បាន ត្រូវបញ្ជូនទៅកន្លែងរបស់គេ ហើយទាមទារសំណងដល់ទៅ៤ពាន់បាតដោយចោទថា លក់ដូរខ្វះអនាម័យ នាំឱ្យខូចបរិស្ថាន។ ទោះជាយ៉ាងនេះក្ដី ប្អូនស្រីខាងលើបានបន្ថែមថា រាល់ដងពេលចាប់ខ្លួន មិនអស់លុយទេ ដោយមានខាងមន្ត្រីទូតខ្មែរជាអ្នកជួយអន្តរាគមន៍ ឱ្យរួចខ្លួនមកវិញ។

ទាក់ទិននឹងរឿងខាងលើនេះ អ៊ំស្រីម្នាក់ដែលកំពុងឈរលក់នំប៉័ងក៏បានប្រាប់ដែរថា ការពិតទៅភ្ញៀវដែលមកទិញនៅកន្លែងខាងដីថៃនេះ សុទ្ធតែខ្មែរគ្នាឯងដដែលទេ ប៉ុន្តែដោយសារតែមានអ្នកឆ្លងដែនច្រើន ទើបតម្រូវឱ្យអ្នកលក់មកលក់នៅខាងដីថៃវិញទៅ។ ការលក់ខាងដីខ្មែរ មិនសូវមានអ្នកទិញនោះទេ។ ចំពោះមូលហេតុដែលធ្វើឱ្យអ្នកស្រី និងប្អូនស្រី សុខចិត្តមកលក់ទាំងគេចប៉ូលិសរាល់ថ្ងៃយ៉ាងនេះ គឺដោយសារតែវាជារបររាប់ឆ្នាំមកហើយ។ ប្រសិនបើពួកគាត់ឈប់លក់ទៅ មិនដឹងទៅពឹងផ្អែកលើអ្វីដើម្បីចិញ្ចឹមក្រពះនោះទេ។ អ្នកទាំងពីរខាងលើនេះ បញ្ជាក់បន្ថែមថា ធ្លាប់មានអាជ្ញាធរមកប្រាប់ឱ្យឈប់លក់បែបនេះដែរ ប៉ុន្តែធ្វើមិច បើមិនលក់ មានតែអត់លុយចាយប៉ុណ្ណោះ។

សូមបញ្ជាក់ថា ប៉ោយប៉ែត ជាក្រុងមួយស្ថិតក្នុងខេត្តបន្ទាយមានជ័យ ជាព្រំប្រទល់រវាងប្រទេសកម្ពុជានិងប្រទេសថៃ។ ក្រុងមួយនេះសំបូរប្រជាជនធ្វើការចំណាកស្រុកមកពីតាមបណ្ដាខេត្តនានាទៅកាន់ប្រទេសថៃ ដើម្បីរកការងារធ្វើ។ ចំពោះរបរអ្នកនៅក្នុងទីក្រុងនេះ គឺដឹកជញ្ជូនទំនិញឆ្លងព្រំដែន និងធ្វើការនៅកាស៊ីណូជាដើម៕

website_news/2016311002.txt · Last modified: 2017/03/13 11:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki