website_news:2016311004

នារីខ្មែរ៥នាក់ ចាញ់បោកមេខ្យល់ ធ្វើដំណើរតាមទូក ពីវៀតណាម ទៅចិន ត្រូវបានជួយសង្គ្រោះ

(http://dap-news.com/kh) សុក្រ, ២៨ តុលា ២០១៦ 20:03 ដោយ: ស៊ាន កុសល ID:038

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម បានសហការ ជាមួយក្រសួងនគរបាល វៀតណាម ជួយសង្រ្គោះនារីខ្មែរ រងគ្រោះចំនួន៥នាក់ ដែលត្រូវបានមេខ្យល់ ជួញដូរយកទៅរៀបការ ជាមួយបុរសជនជាតិចិន ដោយឆ្លងកាត់តាម ប្រទេសវៀតណាម អោយបានត្រឡប់មកកម្ពុជាវិញ។

បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន នៅល្ងាចថ្ងៃទី២៨ ខែតុលានេះ បានឲ្យដឹងថា នារីរងគ្រោះទាំំង៥នាក់នោះ ទី១.ឈ្មោះ ល.ស.ម អាយុ១៦ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង (មេខ្យល់សន្យាផ្តល់ប្រាក់៨៤០ដុល្លារអាមេរិក តែពុំទាន់បានទទួលទេ, ទី២.ឈ្មោះ ដ.រ អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង មេខ្យល់សន្យាផ្តល់ប្រាក់១០០០ ដុល្លារអាមេរិក តែពុំទាន់បានទទួលទេ, ទី៣.ឈ្មោះ គ.ហ អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម មេខ្យល់សន្យាផ្តល់ប្រាក់១៥០០ដុល្លារអាមេរិក តែទទួលបានតែ២០០ដុល្លារ, ទី៤.ឈ្មោះ ស.ធ អាយុ១៦ឆ្នាំ និងទី៥.ឈ្មោះ ឈ.រ អាយុ១៧ឆ្នាំ ។ បើតាមសេចក្តីជូនព័ត៌មាន បានបញ្ជាក់ថា នារីខ្មែររងគ្រោះទាំង៥នាក់ បានធ្វើដំណើរពីកម្ពុជាទៅដល់ប្រទេសវៀតណាម តាំងពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ហើយត្រូវបានមេខ្យល់បញ្ជូនបន្តទៅកាន់ប្រទេសចិន ដោយធ្វើដំណើរតាមទូក ប៉ុន្តែត្រូវបានប៉ូលីសចិន និងនគរបាលព្រំដែនវៀតណាម ទប់ស្កាត់។ បន្ទាប់ពីទទួលបានព័ត៌មាននេះ ស្ថានទូតកម្ពុជា ក៏បានសម្របសម្រួលជាមួយអាជ្ញាធរវៀតណាម បញ្ជូននារីរងគ្រោះ មកទីក្រុងហាណូយ នៅថ្ងៃទី១៧ កញ្ញា ឆ្នាំ ២០១៦។

នារីខ្មែរទាំង៥នាក់ បានស្នាក់នៅនិង ទទួលបានការគាំពារពីអង្គការអន្តរជាតិនាគខៀវ របស់វៀតណាមមួយរយៈ ដើម្បីសហការជាមួយនគរបាលវៀតណាម ក្នុងការស្រាវជ្រាវរកមេខ្យល់មកផ្តន្ទាទោស។ ក្រោមការរៀបចំរបស់ស្ថានទូតកម្ពុជា នារីទាំង៥នាក់ បានធ្វើដំណើរពីទីក្រុងហាណូយ នៅថ្ងៃទី២២ ខែ តុលា ឆ្នាំ២០១៦ តាមជើងយន្តហោះលេខ VN7271 និងបានទៅដល់ទីក្រុងហូជីមីញនៅម៉ោង ១១៖២៥ នាទី។ បន្ទាប់មក មន្រ្តីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមីញ បានជូនដំណើរនារីរងគ្រោះតាមរថយន្ត ទៅដល់ច្រកទ្វារព្រំដែនអន្តរជាតិបាវិត នៅវេលាម៉ោង៣រសៀល ថ្ងៃដដែល ហើយបានប្រគល់ជូន អាជ្ញាធរកម្ពុជា បន្តជូនដំណើរមកទីក្រុងភ្នំពេញ។

ដោយឡែកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ ប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចិនជួយសង្គ្រោះនារីខ្មែរឈ្មោះ ខ.ទ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង អោយបានត្រឡប់មកកម្ពុជាវិញ។ នារីរងគ្រោះ ត្រូវបានបុរសជនជាតិចិនម្នាក់ នាំទៅប្រទេសចិន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ដោយបានលួងលោមថា នាំទៅដើរលេង និងណែនាំអោយឳពុកម្តាយនៅប្រទេសចិនស្គាល់ មុនចូលស្តីដណ្តឹងតាមច្បាប់។ នារីរងគ្រោះ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១៥៖២០នាទី តាមជើងយន្តហោះលេខK6669 ៕

website_news/2016311004.txt · Last modified: 2017/03/13 11:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki