website_news:20170011201

ទូតកូរ៉េថា នឹងខិតខំជំរុញរដ្ឋាភិបាលកូរ៉េ បង្កើនចំនួនកូតាពលករខ្មែរ ឲ្យបានកាន់តែច្រើនថែមទៀត

http://www.cen.com.kh/archives/ December 1, 2017

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បាន អះអាងថា នឹងខិតខំជំរុញរដ្ឋាភិបាលកូរ៉េ បង្កើនចំនួនកូតាពលករខ្មែរ ឲ្យបានកាន់តែច្រើនថែមទៀត ខណៈពេលនេះ មានពលរដ្ឋខ្មែរជាង ៤៥០០០នាក់ កំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ។

នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក គីម វុនជិន ( Kim Weon-Jin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ដែលនឹងត្រូវចប់ អាណត្តិការទូតនៅកម្ពុជាចូលជួបសម្តែងការគួរសមនិងជំរាបលារនៅវិមានរដ្ឋសភា។ លោក គីម វុនជិនបាន លើកឡើងថា ការបង្កើតវិទ្យាស្ថានចលនារភូមិថ្មី បណ្តុះបណ្តាលកសិកម្ម នៅក្នុងខេត្តកំពង់ស្ពឺ ជាផ្នែកសំខាន់ ដែលនិងអាចជំរុញប្រាក់ចំណូលរបស់កសិករ ពីព្រោះការបណ្តុះបណ្តាលនៅទីនោះ នឹងធ្វើឲ្យវិស័យកសិកម្មមានការរីកចម្រើន។ ជាមួយគ្នានេះ លោកទូត ក៏បានលើកឡើងថា ពលរដ្ឋខ្មែរ ដែលបានចេញទៅធ្វើការនៅប្រទេសកូរ៉េ បានផ្តល់ប្រាក់ចំណូលមកកម្ពុជាផងដែរ។ រហូតមកដល់ពេលនេះ មានពលរដ្ឋខ្មែរប្រមាណជាង ៤៥ ០០០នាក់ កំពុងធ្វើការនៅសាធារណរដ្ឋកូរ៉េ។ លោក ឯកអគ្គរដ្ឋទូត អះអាងថា “នឹងខិតខំជំរុញរដ្ឋាភិបាលកូរ៉េ ក្នុងការបង្កើនចំនួនកូតាពលករខ្មែរ ឲ្យបានកាន់តែច្រើនថែមទៀត”។

ចំពោះ វិស័យទេសចរណ៍វិញ លោក គីម វុនជិន បានលើកឡើងថា កម្ពុជាមិនមែនមានតែប្រាសាទអង្គរវត្តនោះទេ កម្ពុជាមានប្រាសាទរាប់រយ នៅទូទាំងប្រទេស ដូចជា ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ ដែលទើបត្រូវបានការអង្គការយូណេស្កូ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីពេលថ្មីៗនេះសុទ្ធសឹងជាសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរ។ ប្រជាជនកូរ៉េ បានស្ថិតនៅក្នុងចំនួនច្រើន នៃអ្នកទេសចរបរទេស ដែលបានមកទស្សនាកម្ពុជា ហើយកូរ៉េបានបង្កើតអគ្គកុងស៊ុលរបស់ខ្លួន នៅទីក្រុងសៀមរាបរួចហើយ។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងអាណត្តិការទូតរបស់ លោក គីម វុនជិន ថាពិតជាបានរួមចំណែកដ៏ធំធេង សំដៅបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនយើងទាំងពីរ កម្ពុជា-កូរ៉េ មានការរីកចម្រើនជាបន្តបន្ទាប់ ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា រដ្ឋសភាកម្ពុជា បានសង្កេតឃើញ ដោយពេញចិត្ត ក្នុងរយៈពេល ២០ឆ្នាំ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ រវាងប្រទេសយើងទាំងពីរ កម្ពុជា-កូរ៉េ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី មានការវិវឌ្ឍន៍ រីកចម្រើនយ៉ាងឆាប់រហ័ស ទាំងវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ វប្បធម៌ និងទេសចរណ៍ បានប្រែក្លាយទៅជាទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រ“ ដែលបង្កើតបានជាសមិទ្ធិផលជាក់ស្តែងយ៉ាងច្រើន ដើម្បីឧត្តមប្រយោជន៍ជាតិទាំងសងខាង ជាពិសេសបានរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា។

ទោះជាត្រូវទៅបំពេញបេសកកម្មនៅប្រទេសផ្សេងពីកម្ពុជា ក៏ លោក គីម វុនជិន បានជម្រាប សម្តេចប្រធានរដ្ឋសភាថា នឹងខិតខំជំរុញ កិច្ចសហប្រតិបត្តិរវាងសភាកម្ពុជានិងកូរ៉េ ឲ្យរឹងមាំឡើង ពិសេសឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាបានច្រើនថែមទៀត៕ ដោយ៖បញ្ញាស័ក្តិ

website_news/20170011201.txt · Last modified: 2017/12/04 13:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki