website_news:20170011206

អឺរ៉ុប និងអាហ្វ្រិកសម្រេចបានកិច្ចព្រមព្រៀងដើម្បី បំបាត់ទាសភាពនៅលីប៊ី

http://km.rfi.fr/europe/ ដោយ ឈាង បុប្ផា 30/11/2017

ថ្នាក់ដឹកនាំរបស់ប្រទេសអឺរ៉ុប និងអាហ្វ្រិកចំនួន ៩ បានរកឃើញកិច្ចព្រមព្រៀងអន្តរជាតិមួយ ដើម្បីដោះស្រាយវិបត្តិទាសភាព នៅប្រទេសលីប៊ី។ យោងតាមប្រសាសន៍របស់ប្រធានាធិបតី បារាំង លោកអេម៉ានុយអែល ម៉ាក្រុង ដែលបានចូលរួម នៅក្នុងជំនួបកំពូលអឺរ៉ុប និងអាហ្វ្រិក លើកទី ៥ នៅទីក្រុងអាប៊ីហ្សង់ សហភាពអឺរ៉ុប សហភាពអាហ្រ្វិក និងអង្គការសហប្រជាជាតិ បានសម្រេចព្រមព្រៀងគ្នាថា នឹងរៀបចំបេសកកម្ម មួយ នៅប៉ុន្មានថ្ងៃខាងមុខ ដើម្បី រំដោះ ជម្លៀស ជនអន្តោប្រវេសន៍ ដែលកំពុងធ្លាក់ខ្លួន ធ្វើជាទាសករ នៅក្នុងប្រទេសលីប៊ី។

បិទបញ្ចប់ការជួញដូរទាសករ នៅលីប៊ី នេះជាវិធានការបន្ទាន់ ដែលសហភាពអឺរ៉ុប និងសហភាពអាហ្វ្រិកបានយល់ព្រមព្រៀង ធ្វើរួមគ្នា នៅប៉ុន្មានថ្ងៃខាងមុខ។ នៅក្នុងសន្និសីទកាសែត នៅថ្ងៃម្សិលមិញ ប្រធានាធិបតីបារាំង ដែលជាអ្នកផ្តួចផ្តើមគំនិតឲ្យមានកិច្ចប្រជុំពិសេសស្តីពីទាសភាព នៅលីប៊ី បានលើកឡើងថា ប្រទេសនៅអឺរ៉ុប និងអាហ្វ្រិកចំនួន ៩ បានសម្រេចថា នឹងបើកប្រតិបត្តិការបន្ទាន់មួយ នៅប៉ុន្មានថ្ងៃខាងមុខ ដើម្បី ជម្លៀសចេញ ជនអន្តោប្រវេសន៍ ដែលកំពុងជាប់អន្ទាក់ ធ្លាក់ខ្លួនធ្វើជាទាសករ នៅក្នុងទឹកដីលីប៊ី។

យោងតាមប្រធានាធិបតីបារាំង រដ្ឋាភិបាលលីប៊ីបានយល់ព្រមសហការ ដើម្បី កំណត់ឈ្មោះ ជំរំ ជាទី ដែលជនអន្តោប្រវេសន៍ ត្រូវបានឈ្មួញទុច្ចរិត បោកបញ្ឆោត និងលក់ដូរ ក្នុងទីផ្សារទាសករ។ រូបភាពវីដេអូដែលបង្ហាញពីផ្សារទិញលក់ ទាសករ នាសតវត្សរ៍ ទី ២១ នៅក្នុងទឹកដីលីប៊ី បានបង្កឲ្យមានរលករិះគន់ខ្លាំង ពីសហគមអន្តរជាតិ។ តាមលោកប្រធានាធិបតី បារាំង សហភាពអឺរ៉ុប និងអាហ្រ្វិក នឹងពង្រឹងការសហការ ក្នុងផ្នែកសន្តិសុខ និងព័ត៌មានសម្ងាត់ ដើម្បី គាស់រំលើងបណ្តាញជួញដូរទាសករ នៅលីប៊ី។ ក្រៅតែពីចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិរបស់ឈ្មួញជួញដូរមនុស្ស វិធានការបន្ទាប់មកទៀត គឺធ្វើយុទ្ធនាការឃោសនាផ្សព្វផ្សាយ ដើម្បី កុំឲ្យយុវជនអាហ្រ្វិក អាចធ្លាក់ខ្លួន ក្នុងអន្ទាក់ទាសភាពរបស់ឈ្មួញទុច្ចរិត។

មួយវិញទៀត ទៅតាមកិច្ចព្រមព្រៀង នៅថ្ងៃម្សិលមិញ នៅក្រុងអាប៊ីហ្សង់ ប្រទេសកូតឌីវ័រ សហភាពអឺរ៉ុប អាហ្វ្រិក និងអង្គការសហប្រជាជាតិ នឹងគាំទ្រ សកម្មភាពរបស់អង្គការអន្តោប្រវេសន៍អន្តរជាតិ IOMដែលធ្វើការទៅលើការវិលត្រឡប់របស់ជនអន្តោប្រវេសន៍ អាហ្វ្រិក ទៅក្នុងប្រទេសកំណើត។ នៅក្នុងពិធីបើកសម្ពោធជំនួបកំពូលអឺរ៉ុប អាហ្វ្រិក ប្រធានាធិបតីម្ចាស់ផ្ទះរបស់ប្រទេសកូតឌីវ័រ បានអំពាវនាវកុំឲ្យយុវជនអាហ្វ្រិក ចាញ់ពាក្យឃោសនា និងផ្សងព្រេងប្រថុយជីវិត ដើម្បី ធ្វើដំណើរមកអឺរ៉ុប។ គេវាយតម្លៃថា ៦០ភាគរយនៃប្រជាជនអាហ្វ្រិក មានអាយុក្រោម ២៥ឆ្នាំ។ ដោយសារតែភាពក្រីក្រ គ្មានការងារធ្វើ ពួកគេជាច្រើនសែននាក់ បានប្រថុយគ្រោះថ្នាក់ ឆ្លងកាត់ប្រទេសលីប៊ី ដើម្បី ចង់ធ្វើអន្តោប្រវេសន៍ ចូលទឹកដីអឺរ៉ុប៕

website_news/20170011206.txt · Last modified: 2017/12/04 13:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki