website_news:20170102010

ចាប់ខ្លួនស្ត្រីម៉ារ៉ុកម្នាក់ព្យាយាមជួញដូរជនចំណាកស្រុកអាយុ១៩ឆ្នាំឆ្លងចូលព្រំដែនអេស្ប៉ាញ ក្នុងវ៉ាលិសមួយ

(http://www.rasmeinews.com/local) ដោយ ៖កញ្ញាដាលីស ថ្ងៃទី 2 មករា 2017 ម៉ោង 07:43:AM

ស្ត្រីម៉ារ៉ុកម្នាក់ត្រូវបានចាប់ខ្លួនពីបទព្យាយាមជួញដូរជនចំណាកស្រុកអាយុ ១៩ឆ្នាំ ម្នាក់មកពីប្រទេសហ្គាបុងឆ្លងកាត់ព្រំដែនប្រទេសអេស្ប៉ាញ ដែលអង្គុយពត់ខ្លួននៅក្នុងវ៉ាលិសមួយ។ ឆ្មាំស៊ីវិលអេស្ប៉ាញបានចាប់ខ្លួនស្ត្រីនោះនៅទីក្រុងស្វ័យត Ceuta (ហ្វេវតា–អានតាមសូរស័ព្ទអេស្ប៉ាញ) ក្បែរព្រំដែនម៉ារ៉ុកកាលពីថ្ងៃទី ៣០ ធ្នូ។

ការចាប់ខ្លួននេះធ្វើឡើងខណៈដែលជនចំណាកស្រុកអាហ្វ្រិកមកពីអនុតំបន់សាហារ៉ាប្រហែល ១.១០០ នាក់បានព្យាយាមឆ្លងចូលអេស្ប៉ាញពីម៉ារ៉ុកតាមរយៈទីក្រុងហ្វេវតាដោយផ្លោះរំលងរបងព្រំដែនកាលពីថ្ងៃទី ៣០ ធ្នូ។

វីដេអូរបស់ទូរទស្សន៍ក្នុងស្រុក Faro TV បានបង្ហាញ ជនចំណាកស្រុករាប់សិបនាក់បានផ្លោះរំលងរបងលួសបន្លាកម្ពស់៦ម៉ែត្រនៅព្រឹកព្រហាម មុនពេលដាក់ចុះក្រោមដោយដងសន្ទូចមួយ។ រដ្ឋាភិបាលអេស្ប៉ាញនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សតែ២នាក់ប៉ុណ្ណោះត្រូវបានអនុញ្ញាតឱ្យចូលទីក្រុងហ្វេវតា ដើម្បីនាំទៅមន្ទីរពេទ្យ ខណៈអ្នកផ្សេងទៀតត្រូវបានបញ្ជូនទៅម៉ារ៉ុកវិញ។

រដ្ឋាភិបាលបានបន្ថែមថា ប៉ូលិសអេស្ប៉ាញ ៥ នាក់ និងប៉ូលិសម៉ារ៉ុក ៥០ នាក់បានរងរបួស បន្ទាប់ពីជនចំណាកស្រុកបានប្រើដុំថ្ម និងដែកវែងដើម្បីព្យាយាមកម្ទេចរបងលួសបន្លាឆ្លងមកព្រំដែន និងប៉ះទង្គិចជាមួយអាជ្ញាធរ។ ទីក្រុងស្វ័យតពីររបស់អេស្ប៉ាញក្នុងប្រទេសម៉ារ៉ុក គឺ ហ្វេវតា និង មេលីឡា (Melilla) ត្រូវបានប្រើជាញឹកញាប់ធ្វើជាច្រកចូលអឺរ៉ុបសម្រាប់ជនចំណាកស្រុកអាហ្វ្រិក ដែលឡើងផ្លោះរបងលួសបន្លាដើម្បីហែលទឹកចូលមកអេស្ប៉ាញ៕

website_news/20170102010.txt · Last modified: 2017/02/14 13:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki