website_news:2017010203

កម្ពុជា គ្រោងសើរើកិច្ចព្រមព្រៀងជាមួយអាមេរិក រឿងចាប់បញ្ជូនពលរដ្ឋខ្មែរល្មើសច្បាប់ត្រឡប់មកវិញ

(http://www.freshnewsasia.com) 2017-02-10

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា មានផែនការនឹងសើរើកិច្ចព្រមព្រៀងមួយ ជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការចាប់បញ្ជូនពលរដ្ឋខ្មែរ ល្មើសច្បាប់ឱ្យត្រឡប់មកកម្ពុជាវិញ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា អ្វីដែលកម្ពុជាចង់បាននៅក្នុងកិច្ចព្រមព្រៀងថ្មីនោះ គឺស្នើឱ្យអាមេរិកធ្វើការចាប់បញ្ជូន ពលរដ្ឋខ្មែរដែលប្រព្រឹត្តល្មើស ឱ្យឈរលើគោលការណ៍ស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ។

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក បានកិច្ចព្រមព្រៀងបញ្ជូន និងទទួលយកពលរដ្ឋខ្មែរ កាលពីឆ្នាំ២០០២។ កិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបញ្ជូនពលរដ្ឋខ្មែរណាដែលប្រព្រឹត្តល្មើស ឱ្យត្រឡប់មកមាតុភូមិវិញ។ រហូតដល់ពេលនេះ សហរដ្ឋអាមេរិក បានបញ្ជូនពលរដ្ឋខ្មែរជាង៥០០នាក់ហើយ ឱ្យត្រឡប់មកប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំនៃកិច្ចព្រមព្រៀងនោះ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា កន្លងមកសហរដ្ឋអាមេរិកបានចាប់ពលរដ្ឋខ្មែរ ដែលមានរឿងរ៉ាវបន្តិចបន្តួចឱ្យត្រឡប់មកកម្ពុជាវិញ ដោយការបង្ខិតបង្ខំ ធ្វើឱ្យពួកគេមិនសប្បាយចិត្ត បែកពីប្រពន្ធកូន។ លោកថ្លែងយ៉ាងដូច្នេះថា «ចំពោះ MoU ដែលយើងចុះជាមួយអាមេរិកយូរមកហើយនោះ រាជរដ្ឋាភិបាលលោកបានណែនាំឱ្យពិនិត្យឡើងវិញ ព្រោះកន្លងមកឱ្យតែមានរឿងអីមួយ អាមេរិកបញ្ជូនមក ប៉ុន្តែអ្នកខ្លះគាត់អត់ស្ម័គ្រចិត្តទេ បែរជាចាប់បង្ខំគ្នាមក បែកប្រពន្ធបែកកូន ហើយមួយទៀតគឺពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកមិនសប្បាយចិត្ត ថ្វីត្បិតតែពួកគេមិនមានសញ្ជាតិអាមេរិកមែន ប៉ុន្តែពួកគេមានប្រពន្ធមានកូន ផ្ទះ ដីធ្លី នៅទីនោះហើយ »។ លោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រ ឱ្យសើរើឡើងវិញកិច្ចព្រមព្រៀងនេះ ជាមួយសហរដ្ឋអាមេរិក ដោយកំណត់ឱ្យការបញ្ជូន ត្រូវឈរលើគោលការណ៍ស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ៕

website_news/2017010203.txt · Last modified: 2017/02/10 14:28 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki