website_news:2017010205

អភិបាលខេត្ត ជា សុមេធី៖ ខេត្តព្រៃវែងមានប្រជាពលរដ្ឋ ធ្វើចំណាកស្រុកជិត១៧ម៉ឺននាក់

(http://www.freshnewsasia.com) 2017-02-10

(ព្រៃវែង)៖ ខេត្តព្រៃវែងមានប្រជាពលរដ្ឋ ចំណាកស្រុកសរុបជិត១៧ម៉ឺននាក់ ក្នុងចំណោម ប្រជាពលរដ្ឋសរុបជាង១លាននាក់។ ក្នុងនោះចំណាកស្រុក ទៅក្រៅប្រទេសមានជាង៤ម៉ឺននាក់។ នេះបើយោងតាមការបញ្ជាក់របស់លោក ជា សុមេធី អភិបាលខេត្តព្រៃវែង ថ្លែងក្នុងជំនួបសំណេះ សំណាល ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានៅព្រឹកថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

លោក ជា សុមេធី ក៏បានឲ្យដឹងផងដែរថា ក្នុងខេត្តព្រៃវែង មានប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើងមានជិត៧៨ម៉ឺននាក់ ហើយប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតមានជាង៦២ម៉ឺន នាក់ ស្មើនិងជាង៧៩ភាគរយ។

សម្រាប់ការងារបង្កបង្កើនផល ស្រូវប្រាំងវិញ អនុវត្តបានចំនួន ៧៧,៦៩៨ ហិកតាស្មើ និង១០៣.០៦ ភាគរយ នៃផែនការ ៧៥,០០០ហិកតា និង ស្រូវវស្សាអនុវត្តបាន ២៧០,១១១ ហិកតា ស្មើនឹង១០៧.៣២ ភាគរយ នៃផែនការចំនួន ២៥០,០០០ហិកតា។ ទទួលបានទិន្នផលជាមធ្យម ៣,០២ តោនក្នុងមួយហិកតា។ តុល្យភាពស្បៀងសម្រាប់ឆ្នាំ២០១៧ ក្រោយពីកាត់ចេញទុកហូប ទុកពូជ និងចិញ្ចឹមសត្វ នៅសល់សរុបជាង ៨៤៣ពាន់តោនស្មើនិងអង្ករសរុបចំនួនជាង ៥៣៩ពាន់ តោន។

ចំពោះការងារសាធារណការ អភិវឌ្ឍន៍ជនបទ និងធារាសាស្រ្តវិញ លោក ជា សុមេធី បាន ឲ្យដឹងថា តាមរយៈការជួយឧបត្ថម្ភគាំទ្រពីថ្នាក់ជាតិ ជាពិសេសតាមរយៈអនុសាសន៍ជាបន្តបន្ទាប់ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការឆ្លើយតបសំណូមពរជាអាទិភាពរបស់ប្រជាពលរដ្ឋ ក្នុងខេត្ត ព្រៃវែង ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ ខេត្តទទួលបានគម្រោងហេដ្ឋារចនាសម្ព័ន្ធ ចំនួន៨០ គម្រោង ហើយរហូតមកទល់បច្ចុប្បន្នអនុវត្តបានចំនួន ៣៣គម្រោង និងកំពុងបន្តអនុវត្តមួយចំនួន ដែលសមិទ្ធផលទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុ្ងងការលើកកម្ពស់ផលិតភាព លើវិស័យ កសិកម្ម ការដាំដុះ ការជញ្ជូន បម្រើដល់តម្រូវការ និង ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន៕

website_news/2017010205.txt · Last modified: 2017/08/24 13:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki