website_news:2017010206

ប៉ូលិសជប៉ុន ស្វែងរកចាប់ខ្លួនឧក្រិដ្ឋជននាំស្ត្រីខ្មែរ៧នាក់ ទៅជួញដូរផ្លូវភេទនៅជប៉ុន

http://www.cen.com.kh/local (ថ្ងៃទី 10 កុម្ភៈ 2017, ម៉ោង 11:13:AM) | ដោយ: មុនីរាជ

ភ្នំពេញ: សមត្ថកិច្ចរបស់ប្រទេសជប៉ុន កំពុងតែស្រាវជ្រាវ ដើម្បីស្វែងរកចាប់ខ្លួន ក្រុមឧក្រិដ្ឋជន ដែលបានប្រព្រឹត្តិបទល្មើស នាំស្ត្រីខ្មែរ ចំនួន៧នាក់ ទៅជួញដូរ នៅប្រទេសជប៉ុន។

ស្ត្រីរងគ្រោះទាំង៧នាក់ ត្រូវបានមេខ្យល់ បោកបញ្ឆោត នាំទៅដល់ប្រទេសជប៉ុន កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានការរៀបចំ ឯកសារសុំទិដ្ឋាការ និងសំបុត្រយន្តហោះ ពីបុរសជនជាតិជប៉ុនម្នាក់ ដែលជាម្ចាស់ភោជនីយដ្ឋានមួយ នៅក្នុងខេត្ត Gunma ។ បុរសនោះ បានសន្យាផ្តល់ការងារធ្វើ នៅភោជនីយដ្ឋានរបស់ខ្លួន ដល់ស្ត្រីរងគ្រោះ ជាមួយនឹងប្រាក់ខែខ្ពស់ តែផ្ទុយទៅវិញ បានគំរាមកំហែង និងបង្ខំអោយស្ត្រីរងគ្រោះ បំរើសេវាផ្លូវភេទ ដល់ភ្ញៀវ នៅភោជនីយដ្ឋានទៅវិញ និងមិនបានផ្តល់ ប្រាក់បៀវត្សឡើយ។

ពាក់ព័ន្ធករណីនេះ លោកជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានឲ្យដឹងថា មកដល់ពេលនេះ ការស៊ើបអង្កេត កំពុងត្រូវបានបន្ត ដោយយកចិត្ត ទុកដាក់ ដើម្បីស្វែងរកចាប់ខ្លួន ឧក្រិដ្ឋជន ដែលបានប្រព្រឹត្តិ បទល្មើសជួញដូរមនុស្ស ទៅប្រទេសជប៉ុន ហើយពួកគេ នឹងមិនអាចរួចខ្លួនឡើយ ពីព្រោះនេះជាបទល្មើស ជួយដូរមនុស្ស។

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ក្រសួងការបរទេស បានជូនដំណឹងពីបញ្ហា ដែលស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច ខេត្ត Gunma របស់ប្រទេសជប៉ុន ជួយសង្គ្រោះ និងរៀបចំមាតុភូមិនិវត្តន៍ ដល់ស្ត្រីខ្មែរ ចំនួន៧នាក់ ដែលរងគ្រោះ ដោយការជួញដូរផ្លូវភេទ មកប្រទេសកម្ពុជាវិញ ក្រោយពីមានការផ្តល់ព័ត៌មានផ្ទាល់ ពីស្ត្រីរងគ្រោះទៅកាន់ ទំព័រហ្វេសប៊ុករបស់ស្ថានទូត ហើយស្ត្រីខ្មែរទាំងនោះ ក៏បានមកដល់កម្ពុជាវិញ ផងដែរ។

លោកបានបន្តថា ទាក់ទងបញ្ហាការចាប់ខ្លួន ឧក្រិដ្ឋជនជួញដូរមនុស្ស ទៅប្រទេសជប៉ុននេះ គឺបន្ទាប់ពីមាន ការផ្សព្វផ្សាយព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា នៅពេលស្ត្រីរងគ្រោះ បានទាក់ទងផ្តល់ព័ត៌មាន មកស្ថានទូត គឺស្ថានទូត បានធ្វើអន្តរាគមន៍ភ្លាមៗ ហើយយើងបានដឹងច្បាស់ថា បញ្ហានេះបានកើតឡើង បន្ទាប់ពីស្ថានទូត ទទួលព័ត៌មានពី ស្ត្រីរងគ្រោះ ហើយស្ថានទូត ក៏បានធ្វើអន្តរាគមន៍ភ្លាមៗ។ លោកបានបន្តថា ជាមួយបញ្ហានេះដែរ ស្ថានទូតបានប្តឹងផ្តល់ ទៅស្ថាប័នមានសមត្ថកិច្ច របស់ប្រទេសជប៉ុន ហើយនៅពេលនោះ អាជ្ញាធរមានសមត្ថកិច្ច របស់ជប៉ុន ក៏បានធ្វើកិច្ចសហប្រតិបត្តិការ ភ្លាមៗជាមួយ សមត្ថកិច្ចរបស់កម្ពុជា ហើយជាប្រការមួយ ដែលយើងរីករាយ នៅពេលដែលស្ថាប័ន នៃប្រទេសទាំងពីរ បានចាត់វិធានការ យ៉ាងលឿន ទាន់សភាពការណ៍ និងមានប្រសិទ្ធភាព។ លោក ជុំ សុន្ទរី បានឲ្យដឹងទៀតថា ចំពោះបញ្ហានេះ នៅប្រទេសជប៉ុន ដំណើរការស៊ើបអង្កេត កំពុងត្រូវបានបន្ត ដោយយកចិត្តទុកដាក់ ហើយឧក្រិដ្ឋជន ដែលបានប្រព្រឹត្ត បទល្មើសនេះ នឹងមិនអាចរួចខ្លួនឡើយ។

សូមជម្រាបថា ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ បានជូន ដំណឹងថា ស្ត្រីរងគ្រោះ ចំនួន៧នាក់ ដែល២នាក់ មកពីភ្នំពេញ ២នាក់ពីខេត្តព្រៃវែង ម្នាក់ពីខេត្ត ពោធិ៍សាត់ ម្នាក់ពីខេត្តកំពង់ស្ពឺ និងម្នាក់ទៀតពីខេត្តតាកែវ ត្រូវបានមេខ្យល់ បោកបញ្ឆោតនាំទៅ ដល់ ប្រទេសជប៉ុន កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានការរៀបចំ ឯកសារសុំទិដ្ឋាការ និងសំបុត្រយន្តហោះ ពីបុរសជនជាតិជប៉ុនម្នាក់ ដែលជាម្ចាស់ ភោជនីយដ្ឋានមួយ នៅក្នុងខេត្ត Gunma ។

បុរសនោះ បានសន្យាផ្តល់ការងារធ្វើ នៅភោជនីយដ្ឋានរបស់ខ្លួន ដល់ស្ត្រីរងគ្រោះ ជាមួយនឹងប្រាក់ខែខ្ពស់ តែផ្ទុយទៅវិញ បានគំរាមកំហែង និងបង្ខំអោយស្ត្រីរងគ្រោះ បំរើសេវាផ្លូវភេទ ដល់ភ្ញៀវ នៅភោជនីយដ្ឋានទៅវិញ និងមិនបានផ្តល់ប្រាក់បៀវត្សឡើយ៕N/S

website_news/2017010206.txt · Last modified: 2017/02/10 14:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki