website_news:2017010302

កម្ពុជាស្នើឲ្យអាមេរិកផ្អាកបញ្ជូនពលរដ្ឋខ្លួនត្រឡប់មកវិញ

http://wmc.org.kh/ ដោយ៖ លៀ ស៊ីណា ថ្ងៃទី 28 កុម្ភៈ 2017 ម៉ោង 6:31 PM

ភ្នំពេញ៖ កម្ពុជាកំពុងស្វែងរកលទ្ធភាពផ្អាកការបញ្ជូនពលរដ្ឋដែលប្រព្រឹត្តខុសច្បាប់នៅអាមេរិកមកកាន់កម្ពុជាវិញ។ នៅក្នុងកិច្ចប្រជុំនៅថ្ងៃនេះ ក្រសួងការបរទេសកម្ពុជាបានលើកផែនការចរចាជាមួយក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ការបញ្ជូនពួកគេស្របពេលដែលមិនទាន់មានការចរចាថ្មី។

ក្រសួងការបរទេសកម្ពុជាបានដាក់ផែនការថា ត្រូវបន្តចរចាជាមួយសហរដ្ឋអាមេរិកបន្ថែមទៀតនៅឆ្នាំ២០១៧នេះ ដើម្បីឲ្យសហរដ្ឋអាមេរិកផ្អាកការចាត់បញ្ជូនពលរដ្ឋខ្មែរខុសច្បាប់មកកាន់មាតុប្រទេសពួកគេវិញ។ ក្រសួងការបរទេសបានកំណត់ផែនការការងារដូច្នេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំដែលធ្វើឡើងនៅថ្ងៃអង្គា រទី២៨ កុម្ភៈនេះ ក្នុងទីក្រុងភ្នំពេញ។ យោងតាមកិច្ចព្រមព្រាងរវាងកម្ពុជានិងសហរដ្ឋអាមេរិក កម្ពុជាត្រូវទទួលយកពលរដ្ឋរបស់ខ្លួនដែលប្រព្រឹត្តល្មើសច្បាប់អាមេរិកចំនួន ៣៦នាក់បន្ថែមទៀតនៅឆ្នាំនេះ។

លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្ដិការអន្ដរជាតិកម្ពុជា មានប្រសាសន៍ទៅកាន់ក្រុមអ្នកកាសែតថា កម្ពុជាត្រូវបន្ដចរចាជាមួយសហរដ្ឋអាមេរិកបន្ដទៀតស្ដីពី “អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងអាមេរិកស្ដីពីការធ្វើមាតុភូមិនិវត្ដន៍ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក” មុននឹងទទួលយកពលរដ្ឋទាំងនោះមកវិញ។ លោក អ៊ុច បូរិទ្ធ ប្រកាសថា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ មុនពេលមានការពិភាក្សាករណីនេះច្បាស់លាស់ កម្ពុជានឹងមិនទទួលយកពលរដ្ឋខ្មែរដែលត្រូវបញ្ជូនពីអាមេរិកវិញនោះជាដាច់ខាត។ «តែផ្អាកគឺផ្អាកហើយ បើយើងមិនព្រមទទួលរឿងអី អ្នកឯងបញ្ជូនមកកើត ហើយយើងមិនមែនឲ្យបញ្ឈប់ទេ យើងគ្រាន់តែឲ្យផ្អាកបណ្ដោះអាសន្នទេ ដើម្បីឲ្យយើងពិភាក្សាគ្នាឲ្យបានច្បាស់លាស់។»

ជាមួយគ្នានេះ លោក អ៊ុច បូរិទ្ធ បានឲ្យដឹងដែរថា មូលហេតុដែលរដ្ឋាភិបាលកម្ពុជារៀបចំសំណើនេះ ពីព្រោះតែមានពលរដ្ឋខ្មែជាច្រើន បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ជួយអន្ដរាគមន៍រកដំណោះស្រាយជុំវិញរឿងនេះ ដោយសារអ្នកទាំងនោះអះអាងថា ការវិលត្រឡប់របស់ពួកគេពីសហរដ្ឋអាមេរិក នឹងធ្វើឲ្យពួកគេជួបផលលំបាកជាច្រើនក្នុងការតាំងលំនៅថ្មី។

កាលពីថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១៧ ទាំងមន្ត្រីរដ្ឋាភិបាល ទាំងអ្នកនាំពាក្យស្ថានទូតអាមេរិកសុទ្ធតែបានបញ្ជាក់ថា ប្រទេសកម្ពុជាបានដាក់សំណើសុំចរចាអំពីការធ្វើមាតុភូមិនិវត្តន៍នៃពលរដ្ឋកម្ពុជា ពីសហរដ្ឋអាមេរិកវិញរួចហើយ។ ពលរដ្ឋទាំងនេះនឹងត្រូវបញ្ជូនមកកាន់កម្ពុជាក្រោយពីពួកគេត្រូវចោទប្រកាន់ ពីការប្រព្រឹត្តិបទល្មើសឧក្រិដ្ឋ។ ប៉ុន្តែរហូតមកទល់ពេលនេះខាងភាគីកម្ពុជានៅមិនទាន់ទទួលចម្លើយយ៉ាងណាពីភាគីអាមេរិកនេះទេ។

ក្នុងចម្លើយតាមសារអេឡិចត្រូនិក ឬ អ៊ីម៉ែលនៅក្នុងខែនេះ អ្នកនាំពាក្យស្ថានទូតអាមេរិកលោក ជេ រ៉ាម៉េន (Jay Raman) បានបញ្ជាក់ឡើងវិញថា ៖«យើងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាជុំវិញការធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិនៃប្រទេសនេះ។»

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក បានចុះកិច្ចព្រមព្រៀងបញ្ជូន និងទទួលយកពលរដ្ឋខ្មែរ កាលពីឆ្នាំ២០០២។ យោងតាមកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងបញ្ជូនពលរដ្ឋខ្មែរណា ដែលប្រព្រឹត្តល្មើសច្បាប់ឲ្យត្រឡប់មកមាតុភូមិវិញ។ រហូតមកទល់ពេលនេះប្រទេសកម្ពុជាបានទទួលយកពលរដ្ឋ កម្ពុជាដែលត្រូវបញ្ជូនចេញពីសហរដ្ឋអាមេរិកមានចំនួន ៥០០នាក់ហើយ។

លោកអ៊ុច បូរិទ្ធ គូសបញ្ជាក់ថា ជំហររបស់កម្ពុជាគឺ «មិនចង់ឲ្យមានការព្រាត់ប្រាស់ក្រុមគ្រួសារនិងរងទុក្ខវេទនាដោយសារការបែកប្រាក់គ្រួសារ» បន្តទៀតដូចគ្រាដែលប្រទេសកម្ពុជាស្ថិតក្នុងសម័យសង្គ្រាមនោះ៕

website_news/2017010302.txt · Last modified: 2017/03/01 10:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki