website_news:2017010303

គេបញ្ជូនមកវិញ ក៏ដោយសារតែយើងខុសច្បាប់

https://kohsantepheapdaily.com.kh/ ៖ ឆោម ពិសម័យ ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១៦:៥២

ខេត្តបាត់ដំបង ៖ មន្ត្រីស្រុកកំរៀងបានរាយការណ៍ថា អាជ្ញាធរថៃបានធ្វើការបញ្ជូនពលករខ្មែរប្រុស-ស្រី ដែលលួចឆ្លងដែនខុសច្បាប់មានចំនួនជាង៣០០នាក់ ឱ្យត្រឡប់មកស្រុកកំណើតវិញ តាមច្រកទ្វាអន្តរជាតិដូង ក្នុងស្រុកកំរៀង កាលពីវេលាម៉ោង០៣ និង១០នាទីរសៀលថ្ងៃទី២៨ កុម្ភ: នេះ ។

សេចក្ដីរាយការណ៍បន្តថា ក្នុងចំណោមពលករសរុបចំនួន៣១៥នាក់ ក្នុងនោះ១៤៧នាក់ ជាស្ត្រី ។ ពលករទាំងនេះត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកពីតាមបណ្ដាខេត្តនានា នៅក្នុងទឹកដីថៃ ដែលត្រូវចោទប្រកាន់ថា បានលួចឆ្លងដែនដោយខុសច្បាប់ ចូលប្រទេសថៃ ដើម្បីរកការងារធ្វើដោយលួចលាក់។ បើតាមការសួរនាំពេលបញ្ជូនដល់ដីខ្មែរ ក្រុមពលករខ្មែរទាំងនោះ មានស្រុកកំណើតផ្សេងៗគ្នា ហើយពួកគេនិយាយថា ពួកគេពិតជាគ្មានលិខិតឆ្លងដែនមែន តែដោយសារខ្វះខាតជីវភាព និងគ្មានការងារធ្វើ ទើបពួកគេសុខចិត្តរកលុយបង់ឲ្យមេខ្យល់បន្តិចបន្តួចដើម្បីបានឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ។

បើតាមពលករដែលបញ្ជាក់ថា ពួកគេមួយចំនួនឆ្លងដែនដល់ដីថៃ និងបានសម្ងំធ្វើការរយ:ជាង១ខែក្នលងមកហើយ តែមួយចំនួនទៀត ទើបលួចឆ្លងដែនទៅដល់ ក៏ត្រូវតម្រូត និងទាហានថៃ តាមចាប់បានបញ្ជូនមកស្រុកខ្មែរតែម្ដង ។

មន្ត្រីព្រំដែនច្រកអន្តរជាតិដូងស្រុកកំរៀងបានឱ្យដឹងទៀតថា ពេលនេះមន្ត្រីព្រំដែនកំពុងសួរនាំក្រុមពលករចំណាកស្រុកទាំងនោះនៅឡើយ តែមិនទាន់ដឹងថា ពួកគេនឹងត្រូវត្រឡប់ទៅស្រុកកំណើតវិញ ឬបន្តស្វែងរកការងារធ្វើនៅតាមព្រំដែនខ្មែរ-ថៃ នោះទេ ព្រោះបើតាមមើលពួកគេហាក់គ្មានសោហ៊ុយ ដើម្បីធ្វើដំណើរទៅកាន់ស្រុកកំណើតវិញឡើយ ។

website_news/2017010303.txt · Last modified: 2017/08/24 15:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki