website_news:2017010307

ស្ត្រីខ្មែរដែលត្រូវបានសង្គ្រោះពីជប៉ុន ទទួលប្រាក់សំណង

http://www.postkhmer.com Wed, 1 March 2017 ផាក់ ស៊ាងលី

ភ្នំពេញៈ ស្ថានទូតកម្ពុជា និងនគរបាលជប៉ុនបានសហការគ្នាជួយសង្គ្រោះស្ត្រីខ្មែរចំនួន ៥ នាក់ពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងប្តឹងទាមទារសំណងបានជាង ១ សែនដុល្លារពីក្រុមហ៊ុនមួយ។

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងនគរបាលជប៉ុននៅខេត្ត Tochigi បានសហការណ៍គ្នាសង្គ្រោះស្ត្រីខ្មែរ ៥ នាក់បន្ទាប់ពីស្ត្រីរងគ្រោះទាំងនោះបានលួចស្នើសុំអន្តរាគមន៍តាមរយៈហ្វេសប៊ុករបស់ស្ថានទូតនៅក្នុងខែកុម្ភៈមកនេះ។

មន្ត្រីទាំងពីរភាគីបានចុះស្រាវជ្រាវរកឃើញកន្លែងដែលមេខ្យល់បានរៀបចំឲ្យស្ត្រីរងគ្រោះស្នាក់នៅដែលមានចម្ងាយ ១១០ គីឡូម៉ែត្រពីស្ថានទូត។ ស្ត្រីទាំង ៥ នាក់ត្រូវបានសង្គ្រោះហើយនាំយកទៅស្ថានទូតដើម្បីធ្វើការសាកសួរពីការកេងប្រវ័ញ្ចរបស់ក្រុមហ៊ុន និងបានឲ្យពួកគេស្នាក់នៅបណ្តោះអាសន្ននៅស្ថានទូត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃចន្ទ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ពួកគេបានសួរព័ត៌មានលម្អិតពីកន្លែងការងារ និងលក្ខខណ្ឌការងារដែលពួកគេបានធ្វើ និងមូលហេតុដែលចាញ់បោកមេខ្យល់។ ដើម្បីការពារផលប្រយោជន៍ពលរដ្ឋខ្មែរ ស្ថានទូតបានទាក់ទងទៅថៅកែក្រុមហ៊ុនដើម្បីដោះស្រាយបញ្ហាប្រាក់បៀវត្សរ៍ដែលថៅកែបានកិបកេងប្រាក់ម៉ោង និងចំនួនធ្វើការលើសម៉ោងកន្លងមក»។ ជាលទ្ធផលជនរងគ្រោះទាំង ៥ នាក់នោះទទួលបានប្រាក់សំណងពីក្រុមហ៊ុនជាលក្ខណៈគ្រួសារនៅខេត្ត Tochigi នោះដែលសរុបមានចំនួន ១០២៤៧១ ដុល្លារ។

ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា ស្ត្រីរងគ្រោះទាំងនោះមានឈ្មោះ តូច សុធា អាយុ ៣១ ឆ្នាំ មកពីខេត្តស្វាយរៀង អឿន តុលា អាយុ ៣០ ឆ្នាំ ម៉ាប់ រ័ត្ន អាយុ ៣០ ឆ្នាំ ហ៊ុន ផាណា អាយុ ២៤ ឆ្នាំអ្នកទាំង ៣ មកពីខេត្តពោធិ៍សាត់ និង គឹម អ៊ិញ អាយុ ២៧ ឆ្នាំ មកពីខេត្តតាកែវ។ ដោយសារប្រាក់សំណងមានចំនួនច្រើនថៅកែក្រុមហ៊ុនបានស្នើសុំបង់សងជាដំណាក់កាល និងសន្យាបង់ឲ្យអស់ក្នុងអំឡុងឆ្នាំ ២០១៧។ ចំពោះការសងបន្តនេះក្រុមហ៊ុននឹងផ្ញើប្រាក់ចូលគណនីរបស់កម្មសិក្សាការីផ្ទាល់តែម្តង ហើយក្រុមហ៊ុននឹងរាយការណ៍ជូនស្ថានទូតដើម្បីស្ថានទូតអាចតាមដាន និងក្រើនរំឭកដល់ក្រុមហ៊ុនរហូតដល់សងគ្រប់ចំនួន។

ក្រៅពីថៅកែក្រុមហ៊ុននោះ នគរបាលខេត្ត Tochigi បានធ្វើការសាកសួរស្ត្រីរងគ្រោះពីព័ត៌មានបន្ថែមទាក់ទងទៅនឹងមេខ្យល់ចំនួន ៣ នាក់ដើម្បីមានវិធានការពួកគេតាមផ្លូវច្បាប់។ ក្នុងចំណោមមេខ្យល់ទាំងនោះមានម្នាក់ជាអតីតកម្មសិក្សាការីខ្មែរផងដែរ ដែលបានរត់ចោលក្រុមហ៊ុន និងក្លាយជាអ្នកអូសទាញស្ត្រីរងគ្រោះដទៃទៀតឲ្យបោះបង់ចោលកន្លែងការងារចាស់ដើម្បីទៅធ្វើការនៅកន្លែងថ្មីដែលមានប្រាក់ចំណូលច្រើនជាង។ ស្ត្រីរងគ្រោះទាំង ៥ នាក់បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដោយសុវត្ថិភាពកាលពីថ្ងៃសុក្រ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសមិនអាចទាក់ទងសុំអត្ថាធិប្បាយបន្ថែមបានទេកាលពីម្សិលមិញ។ ទោះយ៉ាងណាមន្ត្រីម្នាក់នៅស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនដែលបដិសេធប្រាប់ឈ្មោះបានឲ្យដឹងថាស្ត្រីទាំង ៥ នាក់នោះធ្លាប់មានបទពិសោធការងារជាកម្មកររោងចក្រនៅកម្ពុជាហើយត្រូវគេជ្រើសរើសឲ្យទៅធ្វើការនៅរោងចក្រដេរពូកឡានមួយនៅខេត្ត Tochigi នោះជាបន្តបន្ទាប់ដែលអ្នកខ្លះបានធ្វើការអស់រយៈពេល ៣ ឆ្នាំក៏មានដែរ។ មន្ត្រីរូបនេះមានប្រសាសន៍ថា៖ «រោងចក្រហ្នឹងគេឲ្យតម្លៃទាបពេកខុសនឹងច្បាប់ការងារជប៉ុនព្រោះកន្លែងខ្លះ ១ ម៉ោងបានទាបបំផុត ៧០០ យ៉េន [ជាង ២ ម៉ឺនរៀល] ប៉ុន្តែគេឲ្យតែ ៣០០ យ៉េន។ អ៊ីចឹងទៅគ្នាបានឲ្យស្ថានទូតជួយដោះស្រាយ»។ លោកបន្តថាស្ថានទូតបានអន្តរាគមន៍ឲ្យស្ត្រីទាំង ៥ នាក់ទទួលបានប្រាក់ដែលថៅកែកេងប្រវ័ញ្ចទាំងអស់មកវិញ។​ករណីដាច់ដោយឡែកផ្សេងទៀតស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងចិនបានជួយសង្គ្រោះស្ត្រីខ្មែរ ៥ នាក់ពីការងារលំបាក និងរស់នៅមិនចុះសម្រុងនឹងប្តីចិន។

សេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសកាលពីម្សិលមិញបានឲ្យដឹងថាស្ត្រីម្នាក់ក្នុងចំណោម ៤ នាក់នៅម៉ាឡេស៊ីនោះដែលមានកូនប្រុសអាយុ ៣ ឆ្នាំម្នាក់មកពីខេត្តកំពង់ចាមបានចាញ់បោកមេខ្យល់ទៅធ្វើជាអ្នកសុំទានតាមរយៈប្រទេសថៃកាលពីឆ្នាំ ២០១៦។

ដោយឡែកស្ត្រីម្នាក់អាយុ ២៨ ឆ្នាំមកពីខេត្តកំពង់ចាមផងដែរត្រូវបានគេបោកប្រាស់ឲ្យរៀបការជាមួយនឹងបុរសចិនមានសតិមិនគ្រប់ម្នាក់កាលពីឆ្នាំ ២០១៤។ ក្រោយមកនាងបានរៀបការនឹងបុរសចិនម្នាក់ទៀតហើយបានលែងលះគ្នាវិញ។ ក្រោយមកនាងក៏ត្រូវបានបង្ខំឲ្យរស់នៅជាមួយនឹងបុរសម្នាក់ផ្សេងទៀតដែលរស់នៅមិនសូវចុះចម្រុងគ្នា។ តាមរយៈម្តាយរបស់នាងស្ថានទូតកម្ពុជាប្រចាំប្រទេសចិនបានជួយឲ្យនាងបានត្រឡប់មកវិញកាលពីថ្ងៃអាទិត្យ៕

website_news/2017010307.txt · Last modified: 2017/03/01 17:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki