website_news:2017010401

តុលាការបន្ត សាកសួរស្ត្រី អូស្ត្រាលីម្នាក់ ករណីជាឈ្មួញកណ្ដាល ជួលឲ្យស្ត្រីខ្មែរ ពពោះកូនជំនួស

(http://dap-news.com/kh) អង្គារ, 03 មករា ២០១៧ 14:58 ដោយ: គិរី

ភ្នំពេញ ៖ ស្ត្រីជនជាតិអូស្រ្តាលីម្នាក់ ត្រូវបានអនុរក្សពន្ធនាគារ បញ្ជូនមកតុលាការ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ ដើម្បីបន្តការសាកសួរករណី ជាឈ្មួញកណ្ដាល ជួលឲ្យស្ត្រីខ្មែរពពោះកូនជំនួស ។

សំណុំរឿងនេះ ស្ថិតក្រោមចំណាត់ការ របស់លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ ស្ត្រីរូបនេះ ត្រូវបានចោទប្រកាន់ជនសង្ស័យទាំងបីនាក់ពីបទ អន្តរការរវាងអ្នកសុំនិងស្ត្រីពរពោះ និងបទការ សុំឲ្យផ្តល់ឯកសារដោយទុច្ចរិត តាមមាត្រា៣៣២ និងមាត្រា៦៣២ នៃក្រមព្រហ្មទណ្ឌ ។

របាយការណ៍សមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បង្ហាញថា ជនសង្ស័យទាំង៣នាក់ ទី១. ឈ្មោះ CHALES TAMMY ALAYNE ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិអូស្ត្រាលី កាន់លិខិតឆ្លងដែនលេខ PE-0402481, ទី២. ឈ្មោះ ពេញ រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងទី៣. ឈ្មោះ សំរិទ្ធ ចាន់ចរិយា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរឆ្មប ស្នាក់នៅសង្កាត់ វាលវង់ ខណ្ឌ៧មករា ។

ក្រុមជនសង្ស័យ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយ អធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ និងខណ្ឌដូនពេញ ឃាត់ខ្លួនកាលពី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

សមត្ថកិច្ច បញ្ជាក់ថា នៅពេលដែលបណ្តាប្រទេសដទៃចេញច្បាប់បិទមិនឲ្យមានការជួលស្រី្តពរពោះដើម្បីកើតកូនជំនួស បណ្តាញជំនួញនេះបានហូរចូលកម្ពុជា ហើយបង្កើតមេខ្យល់ឲ្យដើរលួងលោម អូសទាញស្ត្រីឲ្យរកស៊ីឈ្នួល ពរពោះជំនួសអ្នកដែលចង់បានកូន ហើយរហូតដល់ក្រុមមនុស្សប្រុសស្រលាញ់ប្រុសដូចគ្នាចង់បានកូន ក៏មកកម្ពុជារកកូនដែរ ។ ជំនួញមួយនេះ ធ្វើឲ្យពួកឈ្មួញចំណេញកប់ពពក អ្នកចង់បានកូនត្រូវចំណាយ ៥ម៉ឺនដុល្លារអាមេរិក ៕

website_news/2017010401.txt · Last modified: 2017/09/06 13:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki