website_news:2017010403

សាកសពស្ត្រីខ្មែរម្នាក់ទៀតហើយ ត្រូវបានអាជ្ញាធរថៃដឹកបញ្ជូនត្រឡប់មកវិញ

(https://kohsantepheapdaily.com.kh) ដោយ ៖ ឆោម ពិសម័យ ថ្ងៃអង្គារ (03-01-2017 18:41)

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា សាកសពពលករខ្មែរដែលអាជ្ញាធរថៃ ទើបបញ្ជូនមកថ្មីៗនេះ ឈ្មោះ ម៉ី ជូ ភេទស្រី អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល។ បើតាមកំណត់ហេតុរបស់សមត្ថកិច្ចថៃ ដែលបានប្រគល់មកភាគីកម្ពុជា បានបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរឈ្មោះ ម៉ី ជូ នេះ បានស្លាប់នៅព្រឹកថ្ងៃទី០៣ ខែមករា នេះ នៅខេត្តចាន់បុរី ប្រទេសថៃ ដោយសារជំងឺមហារីកក្រពះ។ គួរកត់សម្គាល់ដែរថា មានសាកសពពលករខ្មែរច្រើននាក់ហើយដែលអាជ្ញាធរថៃ បញ្ជូនត្រឡប់មកប្រទេសកំណើតវិញ ជាបន្តបន្ទាប់រយ:ពេលប៉ុន្មានខែចុងក្រោយនេះ តាមច្រកទ្វាអន្តរជាតិដូង ក្នុងស្រុកកំរៀង ដែលស្លាប់ដោយមូលហេតុផ្សេងៗគ្នា។

ការបញ្ជូនសាកសពពលរដ្ឋខ្មែរផ្ទូនៗត្រឡប់មកស្រុកវិញពីសំណាក់ភាគីថៃខាងលើនេះ បាន និងកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួនធំដែលមានកូនចៅចេញទៅធ្វើការនៅប្រទេសថៃ មានការព្រូយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពរបស់ពួកគេ។ ប៉ុន្តែអ្វីដែលធ្វើឲ្យមានការបារម្ភកាន់តែខ្លាំងនោះ គឺភាគីកម្ពុជាមិនបានចុះពិនិត្យសាកសពត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសជាមួយភាគីថៃ នៅពេលមានពលករខ្មែរស្លាប់ម្ដងៗ។

បើតាមការកត់សម្គាល់គឺភាគីកម្ពុជាបានទទូលរបាយការណ៍តាមតែភាគីថៃ អះអាងតែប៉ុណ្ណោះ នៅពេលបញ្ជូនសាកសពមកដល់ព្រំដែន មុនពេលប្រគល់ជូនក្រុមគ្រួសារដឹកទៅធ្វើបុណ្យ។ ដូច្នេះហើយទើបក្រុមគ្រួសារជនរងគ្រោះមួយចំនួននៅមានមន្ទិលថា តើសាច់ញាតិរបស់ពួកគេស្លាប់ដោយសារអ្វីពិតប្រាកដ បើមានតែការអះអាងពីភាគីថៃ តែម្ខាងប៉ុណ្ណោះ៕

website_news/2017010403.txt · Last modified: 2017/09/06 13:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki