website_news:2017010404

អ្នកពពោះជំនួសត្រូវបានឃាត់ខ្លួននៅប្រទេសហ្វីលីពីន

(http://www.cambodiadailykhmer.com) ដោយ បែន សុខហ៊ាន ថ្ងៃពុធ ទី 4 ខែមករា ឆ្នាំ2017

ស្ត្រីហ្វីលីពីនបួននាក់ដែលគេជឿថាបម្រុងធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីធ្វើជាម្តាយពពោះជំនួសទោះបី ជាការធ្វើបែបនេះត្រូវបានហាមឃាត់តាំងពីខែវិចិ្ឆកាមកក្តី តាមសេចក្តីរាយការណ៍ត្រូវបានស្ទាក់ចាប់ដោយក្រុមមន្ត្រីអន្តោប្រវេសន៍ ខណៈដែលពួកគេប្រុងឡើងជិះយន្តហោះនៅក្រុងម៉ានីល។

តាមសេចក្តីរាយការណ៍ព័ត៌មានកាលពីថ្ងៃអង្គារ ស្ត្រីប្រាំនាក់នោះបានចាប់ផ្តើមការធ្វើដំណើរជើងដំបូងរបស់ខ្លួនទៅក្រុងបាងកក នៅពេលនោះពួកគេត្រូវបានភ្នាក់ងារមកពីការិយាល័យអន្តោប្រវេសន៍ហ្វីលីពីនរារាំងដំណើរ។ ស្នងការអន្តោប្រវេសន៍ហ្វីលីពីន លោក Jaime Morente បាននិយាយថា ស្ត្រីទាំងនោះម្នាក់ៗបានប្រាក់ប្រហែល១០.០០០ដុល្លារ ដែលបង់ឲ្យដោយអតិថិជនបរទេស ដើម្បីពពោះកូនរបស់ពួកគេ។

តាមកាសែតហ្វីលីពីន Sunstar លោកបាននិយាយថា “នេះជាវិធីប្រតិបត្តិការថ្មីនៃក្រុមជួញដូរមនុស្ស ដែលកេងប្រវ័ញ្ចលើស្ត្រីហ្វីលីពីនរបស់យើង ដែលត្រូវគេបញ្ចុះបញ្ចូលឲ្យពពោះកូនរបស់មនុស្សចម្លែកដើម្បីបានថ្លៃឈ្នួល ដោយសារតែភាពក្រីក្ររបស់ពួកគេ”។ ស្ត្រីទាំងនោះបានប្រាប់ក្រុមមន្ត្រីថា ពួកខ្លួនគឺត្រូវជួបឈ្មួញកណ្តាលខ្មែរម្នាក់ក្នុងក្រុងភ្នំពេញ ដែលបានរៀបចំការព្រមព្រៀងជាមុនជាមួយគូស្វាមីភរិយាមកពីប្រទេសអាឡឺម៉ង់ នីហ្សេរីយ៉ា អូស្ត្រាលី និងប្រទេសចិន។ អាជ្ញាធរហ្វីលីពីនក៏ទទួលបានព័ត៌មានអំពីក្រុមទី២ ដែលគេគិតថានឹងចាកចេញទៅប្រទេសកម្ពុជាដែរ។

រដ្ឋាភិបាលកម្ពុជាបានប្រកាសបម្រាមស្តីពីការពពោះជំនួសកាលពីខែវិច្ឆិកា។ បន្ទាប់មកមិនយូរប៉ុន្មាន គិលានុបដ្ឋាយិកាអូស្ត្រាលី ថែមី ដេវីស ឆាលស៍ (Tammy Davis-Charles) និងសហការីពីរនាក់ត្រូវបានចោទប្រកាន់ពីបទស្នើឯកសារដោយបន្លំ និងធ្វើជាអន្តរការីរវាងឪពុកម្តាយចិញ្ចឹម និងស្ត្រីពពោះ។ អ្នកស្រី ដេវីស ឆាលស៍ និងគិលានុបដ្ឋាយិកា សំរិទ្ធ ចាន់ចរិយា អាយុ៣៥ឆ្នាំ ត្រូវបានសាកសួរនៅតុលាការក្រុងភ្នំពេញកាលពីថ្ងៃអង្គារ។ លោក កែវ ធា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានី មិនបានដឹងអំពីស្ថានការណ៍នៅប្រទេសហ្វីលីពីនទេ៕ និត (រាយការណ៍បន្ថែមដោយ អ៊ួច សូនី)

website_news/2017010404.txt · Last modified: 2017/09/06 13:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki