website_news:2017010406

ពលករនៅកូរ៉េ១០នាក់ស្លាប់ដោយគាំងបេះដូង

(http://www.khmertimeskh.com/news) TUESDAY, 03 JANUARY 2017

ភ្នំពេញ៖(ខ្មែរថាមស៍)ឯកអគ្គរាជទូតខ្មែរប្រចាំទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថាពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េប្រមាណជា១០នាក់បានស្លាប់បាត់បង់ជីវិតក្នុងឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ ដោយសារជម្ងឺ គាំងបេះដូង។

លោក ឡុង ឌីម៉ុង ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េ បានមានប្រសាសន៍តាមរយៈវីដេអូផ្សាយផ្ទាល់តាមបណ្តាញសង្គមរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រទេសកូរ៉េ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ថា នៅក្នុងឆ្នាំ ២០១៦កន្លងមកនេះ ពលករខ្មែរដែលធ្វើការនៅក្នុងប្រទេសកូរ៉េនេះប្រមាណជា១០នាក់បានស្លាប់ដែលការស្លាប់របស់ពួកគេភាគច្រើនគឺដោយសារជម្ងឺគាំងបេះដូង។ លោកបានថ្លែងថា៖ «ការស្លាប់ដោយសារគាំងបេះដូងនេះ យើងបានពិនិត្យរកមូលហេតុ គឺឃើញថាបងប្អូនមួយចំនួនគាត់មិនបានថែទាំងសុខភាពរបស់គាត់ទេ ដោយអ្នកខ្លះមានការធ្វេសប្រហែសចំពោះការថែសុខភាពរបស់ខ្លួនជាពិសេសគឺក្នុងរដូវរងានេះតែម្តង»។ លោកឌីម៉ង់ បាននិយាយទៀតថា ពួកគាត់មិនបានយកចិត្តទុកដាក់ថែទាំងសុខភាពរបស់ខ្លួន ហើយការហូបចំណីអាហារ នេះក៏មិនបានត្រឹមត្រូវទៀត។ អ្នកខ្លះហូបអាហារមិនទៀងទាត់ អាហារខ្វះជីវជាតិរួមនឹងអាកាសធាតុត្រជាក់ដែលធ្វើឲ្យមានការប៉ះពាល់ចំពោះសុខភាពរបស់ពួកគេ។ លោកបានបញ្ជាក់ឲ្យដឹងថា ពលករខ្លះហូបតែមី ដោយសារគាត់គិតថា ស្រួល និងចំណាយលុយតិចប៉ុន្តែការហូបបែបនេះ គឺមិនសូវល្អទេ។ លោកក៏បានអំពាវនាវដោយសុំឲ្យពលរដ្ឋខ្មែរ ពិសេសពលករខ្មែរដែលកំពុងតែធ្វើការនៅប្រទេសកូរ៉េនេះ បរិភោគអាហារណាដែលមានជីវជាតិដូចជាសាច់ ស៊ុត និងបន្លែឲ្យបានគ្រប់គ្រាន់ ទើបធ្វើឲ្យពួកគាត់មានកំលាំង និងឈ្នះអាកាសធាតុត្រជាក់បាន។

លោកឯកអគ្គរាជទូតរូបនេះបានបន្តថានៅពេលដែលមានករណីស្លាប់នេះក្រុមការងាររបស់ស្ថានទូតតែងតែចុះទៅដល់កន្លែងដើម្បីធ្វើការស្រាវជ្រាវស្រង់ព័ត៌មានភ្លាមៗ ដើម្បីបញ្ជូនព័ត៌មានទៅខាងគណៈកម្មការបណ្តុះបណ្តាលនិងបញ្ជូនពលកររបស់ក្រសួងការងារនៅកម្ពុជាដើម្បីផ្តល់ដំណឹងដល់ក្រុមគ្រួសាររបស់ពលករ។ លោកបានថ្លែងថា៖«យើងតែងតែជួយគាំពារគ្រប់បញ្ហាទាំងអស់ទាំងបញ្ហាផ្លូវច្បាប់ក៏ដូចជាដំណោះស្រាយផ្សេងៗ។យើងតែងតែសហការជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះជានិច្ច។យើងមិនចង់ឲ្យមានការស្លាប់បែបនេះទេដូចនេះសូមឲ្យបងប្អូនទាំងអស់ប្រយ័ត្នចំពោះសុខភាព។ សូមបងប្អូនទាំងអស់មេត្តាយល់អំពីសុខភាព ហើយសុំឲ្យបងប្អូននឹកឃើញពីសុខភាព និងសុវត្ថិភាពរបស់ខ្លួនជាចំបង»។ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃដែលនៅក្នុងប្រទេសកូរ៉េនេះមាន ស្រ្តីរៀបការមករស់នៅប្រទេសនេះមានប្រមាណជាង១ម៉ឺននាក់ ឯពលករមានប្រមាណ៤៦០០០នាក់។ លោករំពឹងថានៅក្នុងឆ្នាំ២០១៧នេះ នឹងមានពលករខ្មែរប្រមាណជា៦០០០ទៅ៧០០០នាក់នឹងមកប្រទេសកូរ៉េនេះ។

លោកមឿនតុលានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ បានប្រាប់កាសែតខ្មែរថាមស៍នៅថ្ងៃច័ន្ទម្សិលមិញនេះថា តាមលោកដឹងចំពោះគ្រោះថ្នាក់របស់ពលករខ្មែររហូតដល់ស្លាប់គឺមានច្រើនករណីគឺត្រជាក់ខ្លាំងពេករហូតគាំងបេះដូងស្លាប់ ការធ្វើការច្រើនពេកជាដើម។ លោកបានថ្លែងថា៖ «ការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសកូរ៉េ រាជរដ្ឋាភិបាលកម្ពុជាគួរតែធ្វើការជ្រើសរើស លើវិស័យនីមួយៗ ដែលធានានូវសុខ សុវត្ថិភាពដល់ពលរដ្ឋខ្មែរ។ វិស័យខ្លះមិនគួរបញ្ជូនពលករទៅធ្វើការនោះទេ ដូចជាវិស័យកសិកម្មដែលធ្ងន់ធ្ងរ ដែលតម្រូវឲ្យពួកគេដាំសារ៉ាយក្នុងសមុទ្រធ្វើឲ្យប៉ះពាល់សុខភាពរបស់ពួកគេពីអាកាសធាតុត្រជាក់ខ្លាំង ងាយនឹងគាំងបេះដូងស្លាប់»។ លោកបន្តថា រដ្ឋាភិបាលគួរតែសម្លឹងមើលវិស័យមួយចំនួនដែលពលករខ្មែរអាចនឹងរៀនជំនាញពីគេ និងងាយស្រួលក្នុងការបន្តមកធ្វើការនៅក្នុងប្រទេស។

លោក តុលា បន្ថែមថា អ្វីដែលស្ថានទូតគួរតែធ្វើ គឺត្រូវធ្វើការពិនិត្យមើលទៅលើអនុស្សារណៈនៃការយោគយល់គ្នារវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េ ដោយជួយដល់ពលករដែលពួកគាត់មិនសប្បាយចិត្ត ឬលក្ខខណ្ឌការងារនៅទីនោះមិនល្អ គឺគួរតែអនុញ្ញាតឲ្យពួកគាត់ប្តូរថៅកែឬកន្លែងធ្វើការ និងសហការជាមួយក្រសួងការងារកូរ៉េចុះពិនិត្យមើលលក្ខខណ្ឌការងាររបស់ពលករយើងឲ្យបានត្រឹមត្រូវ៕

website_news/2017010406.txt · Last modified: 2017/09/06 13:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki