website_news:20170106004

កម្ពុជា-ថៃជួបគ្នានៅច្រកទ្វារប៉ោយប៉ែតដើម្បីសម្រួលការវិលត្រឡប់របស់ពលករខ្មែរថ្ងៃបោះឆ្នោត

http://www.phnompenh-thmey-news.html ចេញផ្សាយ ថ្ងៃទី 01/06/2017 ខេត្តបន្ទាយមានជ័យ៖ មេបញ្ជាការយោធភូមិភាគទី៥របស់កម្ពុជា លោក ប៊ុន សេង ដែលជាមេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការភូមិភាគទី១ របស់ថៃ លោក អភិរ៉ាត់ ឃុងសំភុង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានជួបគ្នាដើម្បីពិភាក្សាពីបញ្ហាពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ ដោយសម្របសម្រួលឯកសារ ក្នុងការត្រឡប់មកចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នាប៉ុន្មានថ្ងៃទៀតនេះ ក្នុងនោះដែរកិច្ចប្រជុំនេះត្រូវបានបិទច្រកទ្វាអន្តរជាតិប៉ោយប៉ែត-ខ្លងលឹករយៈពេល២០នាទីផងដែរ។

គោលបំណងនៃកិច្ចជំនួបនេះ គឺដើម្បីសំណេះសំណាលពិភាក្សាការងារ ក្នុងន័យរឹតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសប្រតិបត្តិការលើគ្រប់វិស័យ រវាងកងទ័ពទាំងពីរ យោធភូមិភាគទី៥កម្ពុជា កងទ័ពភូមិភាគទី១ថៃ ឲ្យកាន់តែល្អប្រសើរឡើង ថែមទៀត ពិសេសលើការងារសម្របសម្រួលឯកសារ ពលករឆ្លងដែន ការប្រយុទ្ធប្រឆាំងភេរវកម្ម ការបង្ក្រាប បទល្មើសគ្រឿងញៀន។ ជំនួបនេះផងដែរ ចាត់ទុកថា ជាជំនួបពិសេសមួយស្របពេលដែល ប្រទេសកម្ពុជា នៅសល់តែ៤ថ្ងៃទៀតទេ នឹងត្រូវដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ (គឺនៅថ្ងៃទី០៤ ខែមិថុនាខាងមុខ)។

លោក ប៊ុន សេង បានស្នើដល់មេបញ្ជាការកងទ័ពភូមិភាគ១ថៃ ជាពិសេសអង្គភាពពាក់ព័ន្ធចំណុះ កងទ័ពភូមិភាគទី១ និងកងកម្លាំងដែល ឈរជើងតាមបណ្តាច្រក ឆ្លងកាត់ព្រំដែន ជួយសម្រួលដល់ពលករកម្ពុជា ដែលទៅធ្វើការនៅក្នុងប្រទេសថៃ បានវិលត្រឡប់មកចូលរួមការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាថ្ងៃខាងមុខនេះ ឲ្យបានទាន់ពេលវេលាផង។ កិច្ចប្រជុំបានប្រព្រឹត្តទៅ ក្នុងបរិយាកាសស្និទ្ធស្នាល រីករាយ មិត្តភាព និងភាតរភាព៕

website_news/20170106004.txt · Last modified: 2017/08/24 14:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki