website_news:20170106006

ការយកចិត្តទុកដាក់ ជួយពលរដ្ឋខ្មែរ ១២២នាក់ របស់ស្ថានទូតកម្ពុជា នៅម៉ាឡេស៊ីឲ្យវិលមកមាតុភូមិវិញ

http://www.daem-ampil-news.html ថ្ងៃពុធ, ៣១ ឧសភា ២០១៧ 18:30 ដោយ: ដើមអម្ពិល ID:030

ភ្នំពេញ៖ តាមរបាយការណ៍ របស់ស្ថានទូតកម្ពុជា នៅម៉ាឡេស៊ី ចាប់តាំងពីថ្ងៃទី១ ខែ មករា ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៧ ស្ថានទូតបានអន្តរាគមដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ សរុបចំនួន១២២នាក់។ តាមការបញ្ជាក់របស់ស្ថានទូត នៅពេលដែលពលករខ្មែរជួបបញ្ហាលំបាកផ្សេងៗ ដូចជា ត្រូវបាននិយោជករំលោភបំពាន វាយធ្វើបាប មិនបើកប្រាក់ខែឲ្យ តម្រូវឲ្យធ្វើការពុំមានពេលសម្រាក ផ្តល់អាហារបរិភោគមិនគ្រប់គ្រាន់ ស្នាក់នៅនិងធ្វើការខុសច្បាប់ ឬពុំមានឯកសារជាប់ខ្លួន។ល។ ពួកគេតែងតែមកជួប ស្ថានទូត រឺទូរស័ព្ទចូលលេខHotline របស់ស្ថានទូត (+60176974855) សុំជួយអន្តរាគម ហើយស្ថានទូតតែងតែទទួលដោះស្រាយគ្រប់ពេលវេលា។

ក្រៅពីនេះ នៅពេលដែលស្ថានទូតទទួលព័ត៌មានថា មានពលរដ្ឋខ្មែរជាប់ពន្ធនាគារ ឬត្រូវកាត់ក្តីនៅតុលាការ នៅតាមរដ្ឋឆ្ងាយៗពីទីក្រុងគួឡាឡាំពួរ ស្ថានទូតក៏តែងតែចាត់មន្ត្រីទៅសួរសុខទុក្ខ និងសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ដើម្បីស្វែងរកដំណោះស្រាយជូនពួកគេទៅតាមលទ្ធភាពជាក់ស្តែង។

ក្នុងរយៈពេលរង់ចាំដំណោះស្រាយ ស្ថានទូតបានផ្តល់ដោយឥតគិតថ្លៃនូវកន្លែងស្នាក់នៅ អាហារបរិភោគ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ ជូនពលរដ្ឋខ្មែរជាមធ្យមចំនួន១៥ ទៅ២០នាក់ ជារៀងរាល់ថ្ងៃ ហើយពលរដ្ឋខ្លះត្រូវបន្តស្នាក់នៅជាច្រើនខែ ទំរាំបញ្ហាត្រូវបានដោះស្រាយរួចរាល់។ ក្រៅពីនេះ ស្ថានទូតក៏បានឧបត្ថម្ភសំបុត្រយន្តហោះ និងបង់ផាកពិន័យជូនការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ផងដែរ សម្រាប់ពលរដ្ឋខ្មែរណាដែលជួបការលំបាកផ្នែកថវិកា៕

website_news/20170106006.txt · Last modified: 2017/06/01 16:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki