website_news:20170106007

ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី និងស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងប៉ាក់សេ ប្រទេសឡាវ បន្តជួយពលរដ្ឋកម្ពុជាចំនួន០២នាក់ ឲ្យត្រឡប់មកស្រុកកំណើតវិញ

http://www.freshnewsasia.com/index.php/en/localnews/ 2017-05-31

(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ពលការិនីខ្មែរម្នាក់ ឈ្មោះ រ.ផ.យ អាយុ២៤ឆ្នាំ មកពីស្រុកជុំគិរី ខេត្តកំពត ដែលបានទៅធ្វើការជាអ្នកបោសសំអាតនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៩ ខែ មីនា ឆ្នាំ ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។

ដោយសារនាងត្រូវបាននិយោជកប្តូរការងារឲ្យធ្វើជាអ្នកម៉ាស្សា ហើយពុំអាចទ្រាំនឹងការងារលំបាកបាន ពលការិនី ក៏បានទៅស្ថានទូត នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ ស្នើសុំទាមទារប្រាក់ខែដែលនៅសល់ពីនិយោជក និងសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា «ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជកបានយល់ព្រមប្រគល់ប្រាក់ខែ ដែលនៅសល់ និងលិខិតឆ្លងដែនជូនពលការិនីវិញ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧។ ពលការិនី រ.ផ.យ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៥៖៥៥នាទី តាមជើងយន្តហោះ AK534។

ជាមួយគ្នានេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងប៉ាក់សេ ប្រទេសឡាវ បានសម្របសម្រួលឲ្យមានការដោះលែង និងរៀបចំមាតុភូមិនិវត្ត ជូនពលរដ្ឋខ្មែរម្នាក់ ឈ្មោះ ឆៀត ឆង អាយុ២៩ឆ្នាំ មកពីស្រុកពួក ខេត្តសៀមរាប ដែលត្រូវបានសមត្ថកិច្ចខេត្តចំប៉ាសាក់ ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ពីបទរៀបការខុសច្បាប់ជាមួយស្រ្តីឡាវ និងប្រើប្រាស់សៀវភៅគ្រួសារឡាវក្លែងក្លាយ»។

បើតាមលោក ជុំ សុន្ទរី អនុលោមតាមច្បាប់គ្រប់គ្រង ជនបរទេសរបស់ឡាវ ក្រុមគ្រួសារលោក ឆៀត ឆង បានបង់ប្រាក់ពិន័យចំនួន៥០០ដុល្លារ ពាក់ព័ន្ធនឹងបទល្មើសរៀបអាពាហ៍ពិពាហ៍ខុសច្បាប់ ជាមួយស្រ្តីឡាវ។

តាមសំណើរបស់ស្ថានអគ្គកុងស៊ុលកម្ពុជា ស្នងការនគរបាលនិងអយ្យការខេត្តចំប៉ាសាក់ បានសម្រេចមិនចោទប្រកាន់ លោក ឆៀត ឆង ពីបទប្រើប្រាស់សៀវភៅគ្រួសារក្លែងក្លាយទេ។ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ បុរសខ្មែរខាងលើ ត្រូវបានអាជ្ញាធរខេត្តចំប៉ាសាក់ ដោះលែង ឲ្យមានសេរីភាពវិញ ហើយស្ថានអគ្គកុងស៊ុល បានជូនដំណើរគាត់មកជួបក្រុមគ្រួសារនៅទីក្រុងភ្នំពេញ៕

website_news/20170106007.txt · Last modified: 2017/06/01 16:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki