website_news:2017010602

ពលរដ្ឋ៦គ្រួសារនៅខេត្តត្បូងឃ្មុំស្នើអាជ្ញាធរជួយស្វែងរកកូនស្រីនៅម៉ាឡេស៊ី

(http://www.rfa.org/khmer/news) ដោយ សូត សុខប្រាថ្នា 2017-01-05

ក្រុមគ្រួសារពលការិនីទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈមេខ្យល់នៅឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រួយបារម្ភពីសុវត្ថិភាពកូនៗរបស់ពួកគាត់ ដែលបានចាកចេញពីស្រុកកំណើតទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ប្រមាណ ៣ឆ្នាំមកហើយ ប៉ុន្តែបាត់ដំណឹងសូន្យ។ អាជ្ញាធរឃុំលើកទឹកចិត្តឲ្យពួកគាត់ដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធ ដើម្បីងាយស្រួលស្វែងរកស្ត្រីទាំងនោះ។ សាច់ញាតិពលការិនី ៦គ្រួសារ ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយស្វែងរកកូនៗរបស់ពួកគាត់ដែលបាត់ដំណឹងនៅប្រទេសម៉ាឡេស៊ី និងជួយនាំកូនៗពួកគាត់ត្រឡប់មកស្រុកកំណើតវិញ។ ការស្នើសុំនេះ ដោយសារពលការិនីម្នាក់ក្នុងចំណោម ៧នាក់ បានវិលត្រឡប់មកស្រុកកំណើតវិញកាលពីខែធ្នូ កន្លងទៅ នៅឡើយតែកូនៗរបស់ពួកគាត់ ៦នាក់ទៀត ដែលមិនទាន់បានវិលត្រឡប់ និងបន្តបាត់ដំណឹងដដែល។

ម្តាយពលការិនីម្នាក់នៅឃុំជាំតាម៉ៅ លោកស្រី ហម ខ្លី មានប្រសាសន៍ថា តាំងពីកូនលោកស្រីចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៤ តាមរយៈមេខ្យល់ គឺបាត់ដំណឹងរហូតមក។ លោកស្រីចេះតែបារម្ភពីសុខទុក្ខកូនស្រីគាត់ជានិច្ច ដោយមិនដឹងថាស្លាប់ ឬរស់យ៉ាងណាឡើយ៖ «អូយ! ព្រួយបារម្ភចេះតែព្រួយហើយលោកគ្រូ»។

ពលការិនីទាំង ៦នាក់រួមមានឈ្មោះ នឹម ស៊ីណាត ឈ្មោះ ធាន ឡង ឈ្មោះ ស៊ុន គន្ធី ឈ្មោះ អ៊ុក ស្រីមុំ ឈ្មោះ យ៉ន ឡេង និងឈ្មោះ មី កន្ធឿន។ ពួកគេទាំងនេះអាយុចន្លោះពីជាង ២០ឆ្នាំទៅជាង ៣០ឆ្នាំ ដោយបានចាកចេញពីស្រុកកំណើតកាលពីខែមករា ឆ្នាំ២០១៤។ ឪពុកពលការិនីមួយរូបទៀត លោក នួន យ៉ន មានប្រសាសន៍ថា ដោយសារភាពក្រីក្រ ទើបលោកបណ្តោយឲ្យកូនស្រីចាកចោលស្រុកកំណើតទៅធ្វើការនៅប្រទេសក្រៅ ប៉ុន្តែលទ្ធផលទទួលបាន គឺមានតែភាពសោកសៅជាប់ជានិច្ច៖ «កាលពីចេញទៅហ្នឹង គេតេមកបានប្រហែលជាពីរដង»។ សមាជិកក្រុមប្រឹក្សាឃុំជាំតាម៉ៅ មកពីគណបក្សប្រឆាំង លោក ទុយ ណារិន មានប្រសាសន៍ថា អាជ្ញាធរទើបនឹងទទួលបានព័ត៌មានជុំវិញបញ្ហានេះ ពីព្រោះមេខ្យល់នាំពួកគាត់ទៅដោយលួចលាក់ ហើយគ្រួសារជនរងគ្រោះចេះតែសម្ងំ ម្យ៉ាងពួកគាត់ជាគ្រួសារទីទ័លក្រ ខ្វះមធ្យោបាយ ឬប្រាក់ និងមិនសូវមានចំណេះដឹង ជាដើម។ លោកលើកទឹកចិត្តឲ្យពួកគាត់ដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរឃុំ ហើយឃុំនឹងបញ្ជូនពាក្យបណ្ដឹងរបស់ពលរដ្ឋទៅស្រុក ឬខេត្តបន្តទៀត ដើម្បីជំរុញឲ្យស្ថាប័នពាក់ព័ន្ធជួយស្វែងរកកូនស្រីពួកគាត់ទាំងនោះ។ សមាជិកក្រុមប្រឹក្សាឃុំរូបនេះបារម្ភចំពោះការចំណាកស្រុកដោយប្រថុយប្រថាន ព្រោះបច្ចុប្បន្ន នៅឃុំរបស់លោក ការចំណាកស្រុក គឺកាន់តែមានច្រើន៖ «ខ្ញុំក៏ប្រាប់ដែរថា បងប្អូនយុវជន ខ្ញុំបានប្រាប់ទៅលោកមេភូមិឲ្យជួយផ្សព្វផ្សាយប្រាប់ប្រជាពលរដ្ឋយើង។ មុនទៅណា ត្រូវពិនិត្យមើលឲ្យបានវែងឆ្ងាយ»។ ទោះបីជាស្ថានភាពពលករពលការិនីចំណាកស្រុកទៅក្រៅប្រទេសមួយចំនួន រងគ្រោះជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ប៉ុន្តែចំនួនពលរដ្ឋចាញ់បោកគេ ឬចាញ់បោកក្រុមហ៊ុន នៅតែកើតឡើងដដែល។

បញ្ហានេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មានប្រសាសន៍ថា កត្តាមួយចំនួនដែលជំរុញឲ្យពួកគាត់នៅតែសម្រេចចិត្តចំណាកស្រុកដោយប្រថុយប្រថាន រួមមានកត្តាជីវភាពរស់នៅជួបការលំបាក បញ្ហាតម្លៃផលិតផលកសិកម្មគ្មានទីផ្សារ ឬមានតម្លៃថោក ជំពាក់បំណុលធនាគារ ព្រមទាំងចំណេះដឹងរបស់ពលរដ្ឋមួយចំនួននៅមានកម្រិត។ លោកបញ្ជាក់ថា ករណីពលការិនីបាត់ដំណឹងនេះ គ្រួសារជនរងគ្រោះអាចដាក់ពាក្យប្ដឹងទៅស្ថាប័នពាក់ព័ន្ធ ឬអង្គការមិនមែនរដ្ឋាភិបាល ដើម្បីឲ្យគេជួយអន្តរាគមន៍៖ «អ៊ីចឹងអង្គការខ្មែរយើងដូចអាដហុកដូចអី នៅស្រុកខ្មែរយើង គេនឹងយកព័ត៌មានហ្នឹង ហើយរាយការណ៍ទៅអង្គការគេដែលនៅក្នុងប្រទេសសាមីដែលពលករយើងទៅធ្វើការ»។

មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា ដើម្បីកាត់បន្ថយការចំណាកស្រុកបាន រាជរដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ បង្កើតការងារក្នុងស្រុកឲ្យបានច្រើន និងមានប្រាក់ខែសមរម្យ។ ជាងនេះទៀត ត្រូវពិភាក្សាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីដោះស្រាយបញ្ហាប្រាក់បំណុលរបស់ពួកគាត់។ បើពុំដូច្នេះទេ លោកថាប្រជាពលរដ្ឋនឹងបន្តចំណាកស្រុកដដែល បើទោះបីជាពួកគាត់ដឹងថា ការចំណាកស្រុកនោះប្រថុយប្រថានបែបណាក៏ដោយ៕

website_news/2017010602.txt · Last modified: 2017/09/06 14:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki