website_news:2017010806

សម្ដេចតេជោ ហ៊ុន សែន ៖ សារព័ត៌មានអាមេរិក ខូចណាស់

http://www.daem-ampil-news.html អង្គារ, 01 សីហា ២០១៧ 11:14 ដោយ: មង្គល ID:013

ភ្នំពេញ៖ ក្រោយពីសារព័ត៌មានអាមេរិក CNN និងABC បានផ្សាយព័ត៌មានបំភ្លៃការពិត ដោយស្រង់សម្ដី ប្រធានអង្គការមេត្រីអន្ដរជាតិ មណ្ឌលបណ្ដុះបណ្ដាល ( AIM) ថា ម្តាយជាស្រ្តីរបស់កម្ពុជា បានយកកូនខ្លួនទៅលក់ ធ្វើជាស្រីពេស្យា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១ ខែសីហានេះ បានថ្លែងឆ្លើយតប ទៅនឹងការផ្សាយនេះវិញថា សារព័ត៌មានអាមេរិកខូចណាស់ ផ្សាយគ្មានមូលដ្ឋានច្បាស់លាស់ សមនឹងត្រូវប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ជេរមិនខុសមែន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីអញ្ជើញ ប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថា “ទូរទស្សន៍CNN សមតែប្រធានាធិបតីដូណាល់ត្រាំ គាត់ជេរ គាត់ជេរហ្នឹងជេរត្រូវណាស់ សុំផ្ដាំទៅប្រធានាធិបតីដូណាល់ត្រាំផង ថា ឯកឧត្តម ជេរ អាCNNនេះ គឺជេរត្រឹមត្រូវហើយ អត់ខុសទេ សារព័ត៌មានអាមេរិកខូចណាស់”។ ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់បទបញ្ជាឲ្យក្រសួងមហាផ្ទៃ និងក្រសួងការបរទេស ចុះបិទអង្គការមេត្រីអន្ដរជាតិ មណ្ឌលបណ្ដុះបណ្ដាល( AIM) និងអង្គការសង្គមស៊ីវិលផ្សេងៗទៀត ដែលពាក់ព័ន្ធដែលបានបានប្រមាថ មកលើស្រ្តីកម្ពុជាថា បានយកកូនខ្លួន លក់ធ្វើជាស្រីពេស្យា ដែលនេះជារឿង មិនអាចអត់ឱនឲ្យបានឡើយ ទោះក្នុងតម្លៃណាក៏ដោយ។

សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា“ សម្រាប់ប្រទេសរបស់យើង ត្រូវបានគេប្រមាថ រហូតដល់ទៅថា ម្ដាយយកកូនទៅលក់ តើវាសមហេតុសមផលទេ ? ឥឡូវអត់ទេ អង្គការមួយនេះ(AIM) ត្រូវតែស្ថិតនៅក្រោមស្ថានភាព នៃការស៊ើបអង្កេត ហើយខ្ញុំដាក់បទបញ្ជា ឲ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្រសួងការបរទេស ពិនិត្យមើល ហើយបិទចោលភ្លាមៗ”៕

website_news/2017010806.txt · Last modified: 2017/08/01 14:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki