website_news:2017010901

សមត្ថកិច្ចបញ្ជូនមេខ្យល់នាំស្រ្តីខ្មែរយកទៅលក់ធ្វើជាស្រ្តីបម្រើការមេផ្ទះនៅម៉ាឡេស៊ីទៅតុលាការ

http://police.gov.kh/blog/ 9:19 am 1 កញ្ញា 2017

ភ្នំពេញ ៖ នគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបញ្ជូនខ្លួនមេខ្យល់ឈ្មោះ អ៊ុំ រ៉ាឌីន (ហៅ មាំ, ហៅ ម៉ាដាម, ហៅ ជោលី) ភេទស្រី អាយុ ២៦ឆ្នាំ ទីលំនៅផ្ទះលេខ ៣៩៦ឃ ផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ ទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងការនាំស្រ្តីខ្មែរចំនួន២៤នាក់ យកទៅលក់ធ្វើជាស្រ្តីបំរើការមេផ្ទះនៅម៉ាឡេស៊ី។

បើតាមនគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ជនល្មើសខាងលើនេះ បានធ្វើសកម្មភាពឃោសនា បោកបញ្ជោត ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម១៦នាក់ កំពង់ធំ៦នាក់ និងខេត្តកំពង់ឆ្នាំងចំនួន២នាក់ ឲ្យទៅធ្វើជាស្រ្តីជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ី និងទទួលបានប្រាក់ឈ្នួលខ្ពស់ចាប់ពី៣០០ទៅ៤០០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែ។ ដោយឡែកចំពោះសោហ៊ុយគ្រប់យ៉ាងជនល្មើសជាអ្នកចំណាយទាំងអស់។ ប្រភពដដែលបានបញ្ជាក់ថា ដោយជឿតាមការឃោសនា បោកបញ្ជោត ជនរងគ្រោះទាំងអស់បានយល់ព្រមទៅតាម ហើយត្រូវបានជនល្មើសរៀបចំបែបបទ ធ្វើលិខិតឆ្លងដែន និងបាននាំទៅប្រទេសម៉ាឡេស៊ីចាប់តាំងពីឆ្នាំ២០១៤មក ដោយបញ្ជូនជនរងគ្រោះតាមច្រកទ្វារអន្តរជាតិភ្នំពេញ និងប៉ោយប៉ែត ឆ្លងកាត់តាមប្រទេសថៃ ចូលទៅប្រទេសម៉ាឡេស៊ី។

ប្រភពដដែល បានបន្តថា នៅពេលដែលទៅប្រទេសម៉ាឡេស៊ីជនល្មើស បានប្រគល់ពលការិនីទៅឲ្យឈ្មោះ ហូ ជនជាតិម៉ាឡេស៊ី ដោយទទួលបានប្រាក់ក្នុងម្នាក់ៗចំនួន៦,០០០រីងហ្គីត ប្រហែល១,៥០០ដុល្លារអាមេរិក ពីឈ្មោះ ហូ ហើយឈ្មោះ ហូ បានបញ្ជូនជនរងគ្រោះឲ្យទៅធ្វើជាស្រ្តីជំនួយការមេផ្ទះ ដោយធ្វើការ១៨ម៉ោងក្នុងមួយថ្ងៃ និងគ្មានថ្ងៃសម្រាក។ ប្រភពដដែលបានបញ្ជាក់ទៀតថា ពលការិនីទាំងនោះ ត្រូវបានសមត្ថកិច្ចកម្ពុជា សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួយសង្រ្គោះ និងបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។

សូមជម្រាបថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំបញ្ជាដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋាន និងលោកស្រី វ៉ា សក្កដា ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្រ្កាបចាប់ខ្លួនមេខ្យល់ម្នាក់ឈ្មោះ អ៊ុំ រ៉ាឌីន ភេទស្រី អាយុ ២៦ឆ្នាំ ដែលបាននាំស្រ្តីខ្មែរចំនួន ២៤នាក់ យកទៅលក់នៅប្រទេសម៉ាឡេស៊ី ៕

website_news/2017010901.txt · Last modified: 2017/09/06 11:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki