website_news:2017011004

ពលរដ្ឋខ្មែរ២នាក់រស់នៅជាប់ព្រំដែនដែលតម្រួតថៃឃាត់ខ្លួនត្រូវដោះលែងមកវិញ

(http://nokorwatnews.com) 10/01/2017

ប្រទេសថៃ៖ ពលរដ្ឋខ្មែរ២នាក់ ដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រងការចាប់ឃាត់ខ្លួនពីតម្រួតថៃ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ។

សេចក្តីរាយការណ៍ចុងក្រោយពីកងកម្លាំងការពារព្រំដែនកម្ពុជា ឈរជើងនៅតំបន់ស្រុកអូរជ្រៅប្រាប់ឱ្យដឹង ថា ពលរដ្ឋខ្មែរ២នាក់នោះត្រូវបានតម្រួតថៃដោះលែងត្រឡប់មកផ្ទះវិញហើយ កាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ដោយបញ្ជូនប្រគល់ឱ្យសមត្ថកិច្ចការពារព្រំដែនកម្ពុជានៅច្រករបៀងតំបន់៥ ក្នុង ភូមិសាស្រ្តឃុំអូរបីជាន់ស្រុកអូរជ្រៅ។ ការដោះលែងពលរដ្ឋខ្មែរ២នាក់នោះដែរ ក្រោយពីមានកិច្ចអន្តរាគមន៍សម្រប សម្រួលរវាងអាជ្ញាធរដែនដី សមត្ថកិច្ចការពារព្រំដែន នៃ ភាគីទាំងពីរឱ្យមានការដោះលែងអ្នកទាំង២នាក់នោះ។ សេចក្តីរាយការណ៍ដដែលឱ្យដឹងទៀតថា ក្នុងអំឡុងនៃការចាប់ខ្លួន ពលរដ្ឋខ្មែរ២នាក់ ត្រូវបានតម្រួតថៃចាប់ បញ្ជូន ដល់ខេត្តស្រះកែវធ្វើការអប់រំនិងឱ្យធ្វើកិច្ចសន្យាបញ្ឆប់ពួកគេឆ្លងដែនចូលក្នុងដីថៃដើម្បីលេងល្បែងខុសច្បាប់តទៅទៀត។

សូមរំលឹកថា កាលពីថ្ងៃទី៧ ខែមករាឆ្នាំ២០១៧ ពលរដ្ឋខ្មែរ២នាក់ត្រូវបានគេស្គាល់ឈ្មោះ ១,ឈឿន សេង ភេទប្រុស អាយុ៤៥ឆ្នាំ ២,អូន ដែង ភេទប្រុសអាយុ៣៣ឆ្នាំ អ្នកទាំង២នាក់រស់នៅភូមព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រងការចាប់ឃាត់ខ្លួនពីតម្រួតថៃក្រោយអ្នកទាំង២នាក់នោះលួចឆ្លងដែនខុស ច្បាប់ តាមច្រករបៀងតំបន់៥ ចូលក្នុងដីថៃ នៅចំនុចក្នុងព្រៃមួយកន្លែងដើម្បីលេងល្បែងជល់មាន់ ភ្នាល់ដាក់ប្រាក់ ស្ថិតក្នុងភូមិទ័ពសៀម ឃុំតាប្រាយ៉ា ស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ ឈមនិងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយចោទប្រកាន់ពីបទលួចឆ្លងដែននិងចូលលេងល្បែងខុសច្បាប់នៅក្នុងដីថៃ។ ពួកគេ ទាំង២នាក់នោះក្រោយពីឃាត់ខ្លួនមានរយៈពេល៣ថ្ងៃទើបតម្រួតថៃធ្វើការដោះលែងមកវិញ៕ សំវិច្ឆិកា

website_news/2017011004.txt · Last modified: 2017/08/24 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki