website_news:2017011006

សម្តេចតេជោឲ្យអាជ្ញាធរខេត្តជាប់ កម្ពុជា-ឡាវ ផ្សព្វផ្សាយ ការប្រើប្រាស់ប័ណ្ណ ឆ្លងកាត់ព្រំដែន

(http://dap-news.com/kh) អង្គារ, ១០ មករា ២០១៧ 11:07 ដោយ: អេង គឹមជាង ID:013

ភ្នំពេញ៖ ក្រោយពីថ្នាក់ដឹកនាំកម្ពុជា-ឡាវ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋ នៅតាមបន្ទាត់ព្រំដែន រវាងប្រទេសទាំងពីរ ប្រើប្រាស់ប័ណ្ណឆ្លងកាត់ព្រំដែនរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យអាជ្ញាធរខេត្ត ដែលជាប់ព្រំដែន រួមគ្នាផ្សព្វផ្សាយ ពីការប្រើប្រាស់ប័ណ្ណនេះ ដល់ពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធី សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀង-ណងណុកខៀន នៅព្រំដែនខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ប្រទេសឡាវ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ថា ក្នុងឱកាសសម្តេច បានអញ្ជើញចូលរួម ប្រជុំទ្វេភាគី ជាមួយ លោក ថងលុន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ នៅឯសណ្ឋាគារអប្សរា ផាឡែស ខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ភាគីទាំងពីរ បានឯកភាពគ្នាឲ្យពលរដ្ឋប្រើប្រាស់ ប័ណ្ណឆ្លងកាត់តាមព្រំដែន ដើម្បីងាយស្រួលចេញ-ចូល។ សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “ខ្ញុំសូមឲ្យអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ធ្វើការអប់រំផ្សព្វផ្សាយ ដល់ប្រជាជននៅតាមមូលដ្ឋានរៀងៗខ្លួន អំពីការប្រើប្រាស់ប័ណ្ណព្រំដែន”។

សូមបញ្ជាក់ថា កម្ពុជា-ឡាវ បានឯកភាពគ្នា ឲ្យប្រើប្រាស់ ប័ណ្ណឆ្លងកាត់តាមព្រំដែន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០១៧ ដើម្បីសម្រួលការឆ្លងកាត់ របស់ប្រជាពលរដ្ឋ ជាពិសេសខេត្តដែលមាន ព្រំប្រទល់ជាប់គ្នា៕

website_news/2017011006.txt · Last modified: 2017/09/06 14:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki