website_news:2017011007

ប្រធានាធិបតីសិង្ហបុរីមិនពិភាក្សាអំពីខ្សាច់ និងស្ត្រីជំនួយការមេផ្ទះ

(http://www.cambodiadailykhmer.com) ដោយ ឃី សុវុឌ្ឍី | ថ្ងៃអង្គារ ទី 10 ខែមករា ឆ្នាំ2017

ដំណើរទស្សនកិច្ចរបស់លោក តូនី តាន់ កេង យាំ (Tony Tan Keng Yam) ប្រធានាធិបតីសិង្ហបុរីមកកាន់រាជធានីភ្នំពេញកាលពីម្សិលមិញ សម្រេចបានកិច្ចព្រមព្រៀងពីរលើវិស័យអប់រំ និងសុខាភិបាល ប៉ុន្តែមិនបានលើកឡើងអំពីការនាំចូលខ្សាច់ដ៏ចម្រូងចម្រាស ឬបញ្ហាស្ត្រីជំនួយការមេផ្ទះនោះទេ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីជំនួបរវាងមេដឹកនាំទាំងពីរនៅវិមានសន្តិភាពថា លោក តូនី តាន់ កេង យាំ បានអបអរសាទរកម្ពុជាចំពោះការរីកចម្រើនថ្មីៗយ៉ាងឆាប់រហ័សរបស់ខ្លួនក្រោមការដឹកនាំ “ដ៏ឈ្លាសវៃ” របស់លោក ហ៊ុន សែន។ លោកមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ទៅលោក តូនី តាន់ កេង យាំ វិញថា មានសក្ដានុពលជាច្រើនសម្រាប់ពាណិជ្ជកម្មបន្ថែមទៀតរវាងប្រទេសទាំងពីរ ដែលមានទំហំសរុប៥០០លានដុល្លារនៅឆ្នាំ២០១៥ ហើយបានស្នើឱ្យរដ្ឋបុរី (ប្រទេសមានតែក្រុង) មួយនេះនាំចូលអង្ករបស់កម្ពុជា។

លោក អ៊ាង សុផល្លែត ថ្លែងថា មិនមានការពិភាក្សាអំពីការបញ្ជូនស្ត្រីជំនួយការមេផ្ទះកម្ពុជាបន្ថែមទៀតទៅប្រទេសសិង្ហបុរីនៅឆ្នាំនេះ ឬអំពីការនាំចេញខ្សាច់កាលពីពេលថ្មីៗនេះទៅកាន់រដ្ឋបុរីមួយនេះឡើយ ”ព្រោះនេះជាការពិភាក្សាទូទៅ មិនមែនជាការពិភាក្សាលម្អិត”។ ក្រសួងហត្ថពលកម្មរបស់សិង្ហបុរីបានសម្រេចកាលពីខែតុលា យកកម្ពុជាធ្វើជាប្រទេសផ្គត់ផ្គង់ស្ត្រីជំនួយការមេផ្ទះផ្លូវការទី១៣ និងចុងក្រោយរបស់ខ្លួន ថ្វីបើមានបញ្ហាមួយអំឡុងកម្មវិធីសាកល្បងមួយកាលពីឆ្នាំ២០១៣ក្ដី។ ស្ត្រីមួយចំនួនបានវិលត្រឡប់មកពីប្រទេសសិង្ហបុរីវិញ ហើយអះអាងថា ទីភ្នាក់ងារជ្រើសរើសពលករ  និងថៅកែរបស់ខ្លួនបានធ្វើឱ្យពួកគេជាប់ផុងក្នុងបំណុល ឬឱ្យប្រាក់ខែពួកគេតិចតួច។ ស្ត្រីម្នាក់អះអាងថា ខ្លួនបានរងការរំលោភបំពានផ្លូវភេទពីសំណាក់ឪពុករបស់ថៅកែខ្លួន។

បទពិសោធន៍នេះកើតមានឡើងក្រោយមានសេចក្ដីរាយការណ៍ព្រោងព្រាតអំពីការរំលោភបំពានស្ត្រីជំនួយការមេផ្ទះកម្ពុជាដែលបម្រើការងារនៅក្នុងប្រទេសម៉ាឡេស៊ីក្បែរខាង ជាច្រកទេសន្តរប្រវេសន៍មួយដែលត្រូវបានដាក់បម្រាមកាលពីឆ្នាំ២០១១ ហើយរហូតមកទល់ពេលនេះមិនទាន់បើកវិញនៅឡើយទេថ្វីបើមានការចរចាក្ដី៕ សុខុម

website_news/2017011007.txt · Last modified: 2017/09/06 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki