website_news:20170111004

ស្ថានតំណាងកម្ពុជាប្រចាំម៉ាឡេស៊ី អន្តរាគមន៍ ជួយពលរដ្ឋខ្មែរ២១នាក់

https://www.dap-news.com/kh ថ្ងៃពុធ, 01 វិច្ឆិកា ២០១៧ 08:59 ដោយ: ស៊ាន កុសល ID:069

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមជួយដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍ របស់ពលករ-ពលការិនីខ្មែរ ចំនួន១១នាក់ ឲ្យបានវិលមកមាតុភូមិវិញ។ បើតាម លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងនៅព្រឹកថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ពលករ-ពលការិនី ដែលអាជ្ញាធរកម្ពុជា បានជួយអន្តរាគមន៍នោះ៖

១.ពលការិនី រិន ស្រីល័ក្ខ អាយុ២០ឆ្នាំ មកពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានទៅធ្វើការងារតាមផ្ទះនៅម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៧ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។ នៅថ្ងៃទី១២ ខែតុលា ពលការិនីបានស្នើសុំស្ថានទូតជួយឲ្យបានត្រឡប់មកកម្ពុជាវិញ ដោយសារមានជំងឺ។ ភ្នាក់ងារក្រុមហ៊ុនបានប្រគល់ថ្លៃសំបុត្រយន្តហោះ និងថ្លៃបង់ពិន័យជូនពលការិនី តាមសំណើរបស់ស្ថានទូត។

២.ពលការិនី គ្រងម៉េង អាំង អាយុ២៩ឆ្នាំ មកពីស្រុកកោះធំ ខេត្តកណ្តាល បានធ្វើដំណើរតាមរថយន្ត ឆ្លងកាត់ប្រទេសថៃ ទៅធ្វើការងារតាមផ្ទះនៅម៉ាឡេស៊ី កាលពីខែសីហា ឆ្នាំ២០១៥។ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ពលការិនីបានទៅស្ថានទូត ស្នើសុំជួយឲ្យបានត្រឡប់មកកម្ពុជាវិញ ពីព្រោះនាងពុំមានលិខិតឆ្លងដែន។

៣.ពលការិនី ងួន ស្រីនាថ អាយុ២១ឆ្នាំ មកពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានធ្វើដំណើរ តាមរថយន្តឆ្លងកាត់ប្រទេសថៃ ដោយខ្លួនឯង ទៅធ្វើការនៅអាហារដ្ឋានមួយ នៅម៉ាឡេស៊ី កាលពីខែឧសភា ឆ្នាំ២០១៧។

៤.ពលការិនី ពៅ សាវឿន អាយុ៤០ឆ្នាំ មកពីស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានធ្វើដំណើរតាមរថយន្ត ឆ្លងកាត់ប្រទេសថៃដោយខុសច្បាប់ ទៅធ្វើការងារតាមផ្ទះនៅម៉ាឡេស៊ី ពីខែសីហា ឆ្នាំ២០១៥។ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ពលការិនីបានមកស្ថានទូត ស្នើសុំជួយទាមទារប្រាក់ខែ ដែលនៅសល់ពីនិយោជក និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ ដោយសារបញ្ហាសុខភាព។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជកបានប្រគល់ប្រាក់ខែដែលនៅខ្វះ និងសំបុត្រយន្តហោះជូននាង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ។

៥.ពលករ សួន ណាំ អាយុ១៩ឆ្នាំ ៦.ពលករ រី ឈុនឡេង អាយុ២៣ឆ្នាំ ៧.ពលការិនី ឆីវឆរី អាយុ២២ឆ្នាំ ៨.ពលការិនី សួន ម៉ៅ អាយុ២១ឆ្នាំ ៩.ពលការិនី សួន ណូ អាយុ៣៧ឆ្នាំ ១០.ពលការិនី ឈីវ ការ៉េ អាយុ១៧ឆ្នាំ ពលករ-ពលការិនីទាំង៦នាក់ (លេខរៀងទី៥-១០) មកពីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានធ្វើដំណើរតាមរថយន្ត ឆ្លងកាត់ប្រទេសថៃ ទៅធ្វើការនៅរោងចក្រប្លាស្ទិក ក្នុងរដ្ឋ Johor ប្រទេសម៉ាឡេស៊ី កាលពីខែឧសភា ឆ្នាំ២០១៦ តាមរយៈមេខ្យល់។ និងទី(១១) ពលករ ប៊ុន អេនឌី អាយុ១៧ឆ្នាំ មកពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានធ្វើដំណើរតាមរថយន្ត ឆ្លងកាត់ប្រទេសថៃទៅម៉ាឡេស៊ី ដោយខ្លួនឯង និងធ្វើការនៅរោងចក្រកាត់ដេរ នៅក្នុងរដ្ឋ Johor កាលពីខែឧសភា ឆ្នាំ២០១៦។

លោក ជុំ សុន្ទី បានបន្តថា ស្ថានទូតបានចេញលិខិតធ្វើដំណើរ និងសម្របសម្រួល ជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី ហើយពលករ-ពលការិនី ទាំង១១នាក់នេះ បានមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ តាមកាលបរិច្ឆេទខាងក្រោម៖

-ពលការិនី២នាក់ (លេខរៀងទី១និងទី២) នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០៧:៣៥នាទីព្រឹក តាមជើងយន្តហោះ AK536 ។

-ពលការិនី ងួន ស្រីនាថ (លេខរៀងទី៣) នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០៧:៣៥នាទីព្រឹក តាមជើងយន្តហោះ AK536។

-ពលករ៨នាក់ទៀត (លេខរៀងទី៤-១១) នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧វេលាម៉ោង១២:៥៥នាទីរសៀល តាមជើងយន្តហោះ AK538 ។

២.ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសសិង្ហបូរី បានអន្តរាគមជួយពលការិនីខ្មែរម្នាក់ ឈ្មោះ សេង សំណាង អាយុ២៧ឆ្នាំ មកពីខេត្តកំពង់ស្ពឺ ដែលបានទៅបម្រើការងារតាមផ្ទះ នៅសិង្ហបូរី កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ តាមរយៈក្រុមហ៊ុនមួយ នៅកម្ពុជា។ ដោយសារពលការិនី មានសុខភាពខ្សោយ មិនអាចបំពេញការងារបន្ត នាងបានស្នើស្ថានទូត ជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោជកបានទិញសំបុត្រយន្តហោះ ហើយភ្នាក់ងារនាំពលករ បានប្រគល់លិខិតឆ្លងដែនជូន ពលការិនីវិញ។ ពលការិនី បានមកដល់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៤:៤០នាទី តាមជើងយន្តហោះJetstar 3K593។

៣.ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសហការជាមួយ អាជ្ញាធរវៀតណាម រៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ចំនួន៩នាក់ ដែលចូលទៅប្រកបរបរលក់ឆ្នោត នៅប្រទេសវៀតណាម។ ពលរដ្ឋទាំង៩នាក់ មានអាយុចន្លោះពី ១ឆ្នាំដល់៤០ឆ្នាំ (ក្នុង កុមារមានចំនួន៧នាក់) មកពីស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ហើយត្រូវបានអាជ្ញាធរវៀតណាម រៀបចំអោយស្នាក់នៅបណ្តោះអាសន្នក្នុងមជ្ឈមណ្ឌលគាំពារ សង្គមទីក្រុងហូជីមិញ មុនពេលបញ្ជូនមកស្ថានអគ្គកុងស៊ុលកម្ពុជា។

ស្ថានអគ្គកុងស៊ុលនឹងជូនពលរដ្ឋទាំង៩នាក់ មកកម្ពុជាវិញនៅថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០១៧ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត (ខេត្តស្វាយរៀង) ដើម្បីប្រគល់ជូនអាជ្ញាធរកម្ពុជា ចាត់ចែងបញ្ជូនបន្តទៅស្រុកកំណើត៕

website_news/20170111004.txt · Last modified: 2017/11/01 14:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki