website_news:2017011101

ក្រសួងការបរទេស ជួយសង្គ្រោះ និងសម្រួលការងារដល់ពលរដ្ឋខ្មែរ បានជាង១ពាន់នាក់ក្នុងឆ្នាំ២០១៦ ពីប្រទេសចំនួន១៣

(http://bayontv.com.kh) 11/01/2017

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួយសង្គ្រោះ និងសម្រួលការងារដល់ ពលករ-ពល ការិនី និងស្ត្រីខ្មែរទាំងស្របច្បាប់ និងខុសច្បាប់ បានជាង១ពាន់ នាក់ចេញពីការធ្វើបាបពីសំណាក់ប្តី និងថៅកែបរទេសរបស់ពួកគេ នៅឆ្នាំ២០១៦នេះ មកពីចំនួន១៣ប្រទេស។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេសដែលបានចេញនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា តាមរយៈស្ថានទូត និងស្ថានអគ្គកុងស៊ុលរបស់ខ្លួន តាំងនៅប្រទេសនីមួយៗ បានជួយសង្គ្រោះស្ត្រីខ្មែរ និងពលករ-ពលការិនីខែ្មរទាំងស្របច្បាប់ និងខុសច្បាប់ បានចំនួន១.០៧៤នាក់ ពីប្រទេស ចំនួន១៣ បន្ទាប់ពីពួក គេទាំងនោះ មានទុក្ខលំបាក ការងារនិងចាញ់បោកមេខ្យល់យកទៅឲ្យរៀបការប្តីបរទេសជាដើម។ តែយ៉ាងណាក្តី ពួកគេទាំងនោះបានមកដល់ប្រទេសកម្ពុជាវិញជាបន្តបន្ទាប់។

សេចក្តីជូនដំណឹងរបស់ក្រសួងបានលើកឡើងថា ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៦ ក្រសួងបានជួយដោះស្រាយបញ្ហាជូនពលរដ្ឋ ពលករ-ពលការិនី និងស្ត្រីខ្មែរ សម្រេចបានលទ្ធផលសំខាន់ៗជា ច្រើនដូចជា ដោះស្រាយរាល់បញ្ហារបស់ពលករ-ពលការិនី នៅក្រៅប្រទេសទាំងស្របច្បាប់ និងមិនស្របច្បាប់។ ចរចា និងសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសតាំងនៅក្នុងការផ្តល់ប័ណ្ណការងារ និងទិដ្ឋាការ /ប័ណ្ណស្នាក់នៅ ជូនពលករ-ពលការិនីខ្មែរ។ ជួយសង្គ្រោះស្ត្រីខ្មែរ ដែលរងគ្រោះចាញ់បោកមេខ្យល់ ទៅរៀបការជា មួយជនបរទេសជាដើម។ សេចក្តីជូនដំណឹងដដែលបានបន្តថា ក្រសួងក៏បានអន្តរាគមន៍ចំពោះការរំលោភបំពាន ផ្សេងៗពីសំណាក់និយោជក ឬជនបរទេស មកលើពលករ-ពលការិនី ឬពលរដ្ឋខ្មែរតាមរយៈការជួយសង្គ្រោះ ការផ្ដល់ការគាំទ្រផ្នែកច្បាប់ និងការទាមទារសំណងឬ ប្រាក់ បៀវត្សដែលនៅសេសសល់។ ទាមទារប្រាក់ធានា រ៉ាប់រង សម្រាប់ពលករ-ពលការិនី ដែលរងគ្រោះថ្នាក់ ឬបាត់បង់ជីវិត ក្នុងពេលបំពេញការងារ។ ផ្តល់សេវាពន្យារ សុពលភាពលិខិតឆ្លងដែន និងសេវាកុងស៊ុលផ្សេងៗ ជូនពលរដ្ឋកម្ពុជានៅក្រៅប្រទេសដោយឥតគិតថ្លៃ។ ជួយឧបត្ថម្ភថវិកា និងតាមដានសុខទុក្ខរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលជួបការលំបាកក្នុងជីវភាពឬមាន គ្រោះថ្នាក់ផ្សេងៗ និងផ្តល់ការគាំទ្រផ្នែកច្បាប់ដល់ពលរដ្ឋខ្មែរណាដែលត្រូវបានអាជ្ញាធរនៃប្រទេសតាំងនៅ ចោទ ប្រកាន់ពីការប្រព្រឹត្តបទល្មើស ឬត្រូវបានចាប់ខ្លួន និងឃុំឃាំងជាដើម។ ក្រសួងធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរពាក់ព័ន្ធនៃប្រទេសតាំង នៅអង្គការជាតិ និងអង្គការអន្តរជាតិនានា ដើម្បីជួយដោះស្រាយនូវរាល់ បញ្ហារបស់ពលរដ្ឋ និងពលករខ្មែរ។ផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ព្រមទាំងរៀបចំមាតុភូមិនិវត្តន៍ ជូនពលរដ្ឋ និងពលករ-ពលការិនីខ្មែរ ដែលជួបការលំបាកក្នុងការរស់នៅឬក្នុងការងារនិងស្ត្រីរងគ្រោះដោយការ បោកបញ្ឆោតឬការជួញដូរផ្សេងៗជាដើមផងដែរ។

សូមរំលឹកថា ប្រទេសចំនួន១៣ដែលក្រសួងការបរទេសកម្ពុជា បានជួយសម្របសម្រួលការងារ និង មាតុភូនិវត្តដល់ពលករ-ពលការិនីខ្មែរ និងស្ត្រីខ្មែរឲ្យរួចផុតពីទុក្ខលំបាកនោះរួមមានប្រទេសថៃ វៀតណាម ឡាវ ម៉ាឡេស៊ី សិង្ហបូរី ឥណ្ឌូនេស៊ី ហ្វីលីពីន កូរ៉េ ចិន រុស្ស៊ី អារ៉ាប៊ីសាអូឌីត អូស្ត្រាលីនិងជប៉ុនជាដើម៕

website_news/2017011101.txt · Last modified: 2017/02/14 10:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki