website_news:2017011102

តម្រួតថៃឃាត់ខ្លួនពលករខ្មែរ៤៤នាក់ ដែលលបឆ្លងដែនខុសច្បាប់

(http://police.gov.kh/blog) 4:34 pm 10 មករា 2017 20

ប្រទេសថៃ ៖ ពលករខ្មែរចំនួន៤៤នាក់ ត្រូវបានកំលាំងតម្រួតថៃដេញស្ទាក់និងឃាត់ខ្លួនបន្ទាប់ពីពលករ ខ្មែរទាំងនេះបានលបលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅក្នុងប្រទេសថៃ តាមរយៈរថយន្តថៃចំនួនពីរគ្រឿង មកចាំទទួល ដោយសារតែមានការធានាពីសំណាក់មេខ្យល់ផងដែរ ។ យោងតាមរបាយការរបស់សមត្ថកិច្ចដែលយើងទទួលបានគឺ នៅល្ងាចថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៧ ក្រុម តម្រួតថៃក្នុងខេត្តស្រះកែវ បានសហការជាមួយនឹងយោធាការពារព្រំដែនចេញល្បាត ដើម្បីត្រួតពិនិត្យតាមខ្សែ បន្ទាត់ព្រំដែនកម្ពុជា-ថៃ ក៏បានប្រទះឃើញរថយន្តចំនួនពីរគ្រឿង ដែលបានបើកបរយ៉ាងលឿនក្នុងទិសដៅពី ព្រំដែនកម្ពុជា ឆ្ពោះទៅក្នុងប្រទេស ត្រង់ចំណុចគោកខ្យូង ក្នុងឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ។

ភ្លាមៗនោះដែរ កំលាំងតម្រួតបានដេញតាមរថយន្តទាំងនោះ ដោយបានផ្តល់សញ្ញាអោយរថយន្តបញ្ឈប់ ផ្ទុយទៅវិញរថយន្តទាំងពីរនេះបានបន្ថែមល្បឿន ព្រមទាំងបានបំបែកផ្លូវគ្នាថែមទៀត ដែលបញ្ហានេះតម្រូវអោយ សមត្ថកិច្ចដេញស្ទាក់តែម្តង រហូតឈានដល់ការឃាត់បានរថយន្តទាំងពីរគ្រឿងនេះដើម្បីត្រួតពិនិត្យ ។

រថយន្តទី១ គឺអ្នកបើកបរមានឈ្មោះ ស៊ុំ សាក់ ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅខេត្តឈុនបុរី ដោយក្នុង រថយន្តមានផ្ទុកពលករខ្មែរសរុបចំនួន ១៧ នាក់ ដោយឡែក រថយន្តទី២ អ្នកបើកបរមានឈ្មោះ យុទ្ធឆ័យ ថងខាវ ហៅស៊ីង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅខេត្តឈុនបុរីដូចគ្នា ដោយនៅក្នុងរថយន្តគេបានញាត់មនុស្ស ណែនហួសពីការស្មាន ព្រោះមានរហូតដល់ ២៧ នាក់ ដែលក្នុងរថយន្តនីមួយៗសុទ្ធតែមាន កាបូបនិងសាក់ កាដូដាក់ខោអាវផង ។

តាមការរៀបរាប់ពីពលករខ្មែរម្នាក់ឈ្មោះ ប៉ាក់ ថង ភេទប្រុស អាយុ២៤ឆ្នាំ បាននិយាយថា ពួកគេទាំង ៤៤នាក់នេះ សុទ្ធតែមានក្រុមគ្រួសារ និងសាច់ញាតិគ្នាទាំងអស់ដោយរស់នៅក្នុងខេត្តសៀមរាប ។ គេបានបន្ថែម ថា ការធ្វើដំណើរមកនេះដោយសារតែមានការទាក់ទងជាមួយនឹងមេខ្យល់ខ្មែរម្នាក់ ដោយគេបានប្រាប់ថា អោយ នាំគ្នាចូលតាមច្រករបៀងឆ្លងដែនចូលទៅក្នុងទឹកដីថៃ គឺមានរថយន្តនៅចាំជាស្រេច រួចគេនឹងជូនទៅដល់ទីក្រុង បាងកករកការងារអោយធ្វើដោយគ្រាន់តែចំណាយអោយទៅមេខ្យល់នោះក្នុងម្នាក់ៗ ២ ៥០០ បាត ។

ដោយឡែកអ្នកបើកបររថយន្ត ក៏បានសារភាពថា ពួកគេគ្រាន់តែជាអ្នកស៊ីឈ្នួលបើក រថយន្ត អោយគេតែ ប៉ុណ្ណោះ គឺគេអោយមកចាំដឹកពលករខ្មែរពីខ្សែបន្ទាត់ព្រំដែន ឆ្ពោះទៅកាន់ទីក្រុងបាងកក ទើបអាចបានទទួល ប្រាក់កម្រៃ ។

លោក ប៊ិនផុន រ៉តសាវ៉ាត នាយរងការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋានតម្រួតខេត្តស្រះកែវ បានមាន ប្រសាសន៍ថា បច្ចុប្បន្នតាមផែនការរដ្ឋាភិបាលគឺ ត្រូវរឹតបន្តឹងទៅលើការលបលួចឆ្លងដែនខុសច្បាប់របស់ ពលករ ក្រៅប្រទេស និងចាប់អោយបានមេខ្យល់ដែលដឹកនាំពលករអោយចូលទៅរកការងារធ្វើដោយគ្មាន ច្បាប់អនុញ្ញាត ។ លោកបានសង្កត់ធ្ងន់ថា បញ្ហាខាងលើនេះ សម្រាប់ពលករខ្មែរដែលញាត់ណែននៅក្នុងរថយន្តបែបនេះ វាអាច ប្រឈម មុខនឹងគ្រោះថ្នាក់ខ្លាំងណាស់ ហើយលោកនឹងធ្វើការស្រាវជ្រាវរកមុខមេខ្យល់ទាំងខ្មែរដែលកំពុងរស់នៅ ក្នុង ប្រទេសថៃ ក៏ដូចជាមេខ្យល់ដែលឈរបញ្ជាអោយគេដឹកពលករទៅអោយខ្លួននោះដែរ ដើម្បីនាំខ្លួនពួកគេទៅដោះស្រាយនៅចំពោះមុខច្បាប់ ៕

website_news/2017011102.txt · Last modified: 2017/02/14 10:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki