website_news:2017011104

លោក ឡុង ឌីម៉ង់៖ ទឹកប្រាក់ជាង៥០០លានដុល្លារ ត្រូវបានផ្ញើមកស្រុក តាមរយៈពលករខ្មែរធ្វើការនៅកូរ៉េក្នុងឆ្នាំ២០១៦

(http://www.freshnewsasia.com) 2017-01-11

(កូរ៉េខាងត្បូង)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានថ្លែងថា នៅក្នុងឆ្នាំ២០១៦កន្លងទៅនេះ ទឹកប្រាក់មានរហូតជាង៥០០លានដុល្លារ ត្រូវបានផ្ញើមកស្រុក តាមរយៈពលករខ្មែរដែលកំពុងបម្រើការងារនៅកូរ៉េខាងត្បូង។

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ក្រុមការងារស្ថានទូតកម្ពុជា ប្រចាំនៅសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត បានចុះសួរសុខទុក្ខ និងស្វាគមន៍ បងប្អូនពលករកម្ពុជាចំនួន៤៣នាក់ ផ្នែកឧស្សាហកម្មដែលទើបមកដល់សាធារណរដ្ឋកូរ៉េ ហើយកំពុងចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេល៣ថ្ងៃនៅវិទ្យាស្ថាន Ansung ខេត្តGyeonggi នៃសាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ មុននឹងចេញទៅបម្រើការងារនៅតាមរោងចក្រ។ ជាមួយគ្នានោះ លោក ឡុង ឌីម៉ង់ និងក្រុមការងារ ក៏បានជួបពិភាក្សាការងារជាមួយនឹង លោក Kim Yong Boo នាយកផ្នែកបណ្ដុះបណ្ដាលពលករបរទេស នៃវិទ្យាស្ថាន Ansung និងសហការី។ លើកឡើងក្នុងកិច្ចប្រជុំនោះ លោកឯកអគ្គរាជទូត បានចាត់ទុកថាការបញ្ជូនពលករពីកម្ពុជា មកបម្រើការងារគីមានសារសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍ប្រទេសទាំងពីរ និងការអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា។ «ជាក់ស្ដែង នៅក្នុងឆ្នាំ២០១៦ ទឹកប្រាក់ប្រមាណជាង៥០០លានដុល្លា បានហូរចូលកម្ពុជា តាមរយៈបងប្អូនពលករខ្មែរ ដែលបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ផ្ញើជូនទៅក្រុមគ្រួសារ»។

បន្ថែមពីលើនេះ លោកបានចាត់ទុកថា សាធារណរដ្ឋកូរ៉េ គឺជាសាលាដ៏ធំមួយ ដែលបានបណ្ដុះបណ្ដាលវិជ្ជាជីវៈបច្ចេកទេស ដល់ពលករកម្ពុជាប្រមានជាង៥ម៉ឺននាក់ ដែលកម្ពុជាកំពុងមានតម្រូវការពលករជំនាញបែបនេះ។ ឆ្លៀតក្នុងឱកាសនោះលោក ឡុង ឌីម៉ង់ និងក្រុមការងារ បានបន្ដអប់រំផ្សព្វផ្សាយពីការថែរក្សាសុខភាព សុវត្ថិភាព ក្នុងការរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ការផ្ដល់សេវាសាធារណៈរបស់ស្ថានទូត និងការរៀបចំទុកដាក់សន្សំថវិការ ជូនបងប្អូនពលករដែលទើបនឹងមកដល់សាធារណរដ្ឋកូរ៉េ៕

website_news/2017011104.txt · Last modified: 2017/02/14 11:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki