website_news:2017011105

លោក ឡុង ឌីម៉ង់ ទទួលស្វាគមន៍ ពលករខ្មែរ៤៣នាក់ ផ្នែកឧស្សាហ៍កម្ម ដែលទើបមកដល់កូរ៉េ

(http://dap-news.com/kh) ថ្ងៃពុធ, ១១ មករា ២០១៧ 11:18 ដោយ: ស៊ាន កុសល ID:013

ភ្នំពេញ៖ ក្រុមការងារស្ថានទូត ដឹកនាំដោយ លោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងស្វាគមន៍ បងប្អូនពលករកម្ពុជាចំនួន ៤៣នាក់ ផ្នែកឧស្សាហកម្ម ដែលទើបមកដល់សាធារណរដ្ឋកូរ៉េ ហើយកំពុងចូលរួម វគ្គបណ្ដុះបណ្ដាល រយៈពេល ៣ថ្ងៃ នៅវិទ្យាស្ថាន Ansung ខេត្តខ្យងគី មុននឹងចេញទៅបម្រើការងារ នៅតាមរោងចក្រ។

ជាមួយគ្នានោះ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋក៉រ៉េ និងក្រុមការងារ ក៏បានជួបពិភាក្សាការងារ ជាមួយនឹង លោក Kim Yong Boo នាយកផ្នែកបណ្ដុះបណ្ដាល ពលករបរទេស នៃវិទ្យាស្ថាន Ansung និងសហការី។ ក្នុងកិច្ចប្រជុំនោះ លោក ឡុង ឌីម៉ង់ បានចាត់ទុកថា ការបញ្ជូនពលករពីកម្ពុជា មកបម្រើការងារនៅកូរ៉េ គឺមានសារសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍន៍ប្រទេសទាំងពីរ និងការអភិវឌ្ឍន៍ធនធានមនុស្ស របស់កម្ពុជា ជាក់ស្ដែងនៅក្នុងឆ្នាំ២០១៦ ទឹកប្រាក់ប្រមាណ ៥០០លានដុល្លារ បានហូរចូលកម្ពុជា តាមរយៈបងប្អូនពលករខ្មែរ ដែលបម្រើការងារ នៅសាធារណរដ្ឋកូរ៉េ ផ្ញើជូនទៅក្រុមគ្រួសារ បន្ថែមពីលើនេះ។

ជាមួយគ្នានោះ លោក ឡុង ឌីម៉ង់ ក៏បានចាត់ទុកថា សាធារណរដ្ឋកូរ៉េ គឺជាសាលាដ៏ធំមួយ ដែលបានបណ្ដុះបណ្ដាលវិជ្ជាជីវៈបច្ចេកទេស ដល់ពលករកម្ពុជា ប្រមាណ ៥ម៉ឺននាក់ ដែលកម្ពុជាកំពុងមានតម្រូវការ ពលករជំនាញបែបនេះ។ ឆ្លៀតក្នុងឱកាសនោះលោកឯកអគ្គរាជទូត និងក្រុមការងារ បានបន្ដអប់រំផ្សព្វផ្សាយ ពីការថែរក្សាសុខភាព សុវត្ថិភាព ក្នុងការរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ការផ្ដល់សេវាសាធារណៈ របស់ស្ថានទូត និងការរៀបចំទុកដាក់ សន្សំថវិកា ជូនបងប្អូនពលករ ដែលទើបនឹងអញ្ជើញមកដល់ សាធារណរដ្ឋកូរ៉េ៕

website_news/2017011105.txt · Last modified: 2017/02/14 11:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki