website_news:2017011204

កម្ពុជា-វៀតណាម ឯកភាពពង្រឹងការគ្រប់គ្រងសន្តិសុខ និងការជួញដូរមនុស្ស

(http://bayontv.com.kh) 12/01/2017

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម បានឯកភាពថា នឹងបង្កើនកិច្ចសហប្រតិបត្តិការ ធ្វើការងាររួមគ្នាបង្ក្រាបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ពិសេសផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក លើការងារបង្រ្កាបបទល្មើស ជួញដូរមនុស្ស និងជួយជនរងគ្រោះដោយសារអំពើជួញដូរមនុស្សនៃប្រទេសទាំងពីរ។ ថ្លែងក្នុងឱកាសសម្តេចក្រឡាហោម ស ខេង ដឹកនាំប្រតិភូ ត្រឡប់មកពីបំពេញទស្សនកិច្ចនៅក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី១១ ខែមករា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឧត្តមសេនីយទោ ផាត សុផានិត ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិក្រសួងមហាផ្ទៃ បានថ្លែងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានចុះហត្ថលេខាព្រមព្រៀងគ្នាអនុវត្តផែនការគ្រប់គ្រងសន្តិសុខឆ្នាំ២០១៧ ដោយផ្តោតធ្វើយ៉ាងណាឲ្យប្រទេស ទាំងពីរមានសុខសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរដូចៗគ្នា។

ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សនេះដែរ កន្លងមក មានស្តី្រខ្មែរជាច្រើន បានចាញ់បោកមេខ្យល់ បានធ្វើដំណើរទៅការរៀបអាពាហ៍ពិពាហ៍ និងទៅធ្វើការនៅប្រទេសចិន និងប្រទេសនានា ដោយឆ្លងកាត់ប្រទេសវៀតណាម។

តាមរបាយការណ៍ឆ្នាំ២០១៦ របស់ក្រសួងការបរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា សា្ថនទូតកម្ពុជានៅប្រទេសវៀតណាម បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចប្រទេស វៀតណាម ជួយសង្គ្រោះ និងបានសម្របសម្រួលធ្វើមាតុភូមិនិវត្តជនជាតិខ្មែររងគ្រោះដោយអំពើជួញដូរបានប្រមាណ២៣១នាក់៕

website_news/2017011204.txt · Last modified: 2017/09/06 14:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki