website_news:2017011205

ទូតខ្មែរនៅម៉ាឡេស៊ី អន្តរាគមន៍ ឲ្យមានការដោះលែង ពលការិនីខ្មែរ ១៥នាក់ ដែលជាប់ ឃុំនៅជំរុំ Pukit Aman

(http://dap-news.com/kh) ព្រហស្បតិ៍, ១២ មករា ២០១៧ 14:19 ដោយ: អេង ប៊ូឆេង ID:013

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ឲ្យមានការដោះលែង ដែលជាប់ឃុំនៅជំរុំ Pukit Aman ប្រទេសម៉ាឡេស៊ី និងរៀបចំមាតុភូមិនិវត្តន៍ ពលការិនីខ្មែរ ចំនួន១៥នាក់ ឲ្យត្រឡប់មកកម្ពុជា។

យោងតាមសេចក្តីជូនដំណឹង របស់ ក្រសួងការបរទេសខ្មែរ បានឲ្យដឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ថា ពលការិនីទាំង១៥នាក់ បានមកម៉ាឡេស៊ី ក្នុងឆ្នាំ២០១៥ តាមរយៈក្រុមហ៊ុនមួយនៅភ្នំពេញ ធ្វើជាអ្នកបោសសំអាត នៅក្រុមហ៊ុន H2O Cleaning Services Snd Bhd ក្នុងរដ្ឋ Selangor ហើយត្រូវបានឃាត់ខ្លួន នៅផ្ទះថៅកែឈ្មោះ Chin នៅក្រុង Sha Alam រដ្ឋ Selangor ក្នុងខែមករា ឆ្នាំ២០១៦ ដោយសារគ្មានលិខិតអនុញ្ញាតការងារ (Work permit) និងលិខិតឆ្លងដែន។

ក្រោយទទួលបានដំណឹងពីការឃុំខ្លួននេះ ស្ថានទូតបានចាត់មន្ត្រី ទៅសួរសុខទុក្ខ តាមដានពីការ ស្នាក់នៅ/ហូបចុក និងសុខភាព និងចូលរួមក្នុងសវនាការ ជាមួយ ពលការិនីទាំងនោះ ជាច្រើនលើក តាមការកោះហៅរបស់តុលាការ។ នីតិវិធីរបស់តុលាការ មានការអូសបន្លាយយូរ ទោះបីមានការខិតខំជំរុញរបស់ស្ថានទូត ដោយសារត្រូវទុកពេលឲ្យក្រុមហ៊ុន H2O Cleaning Services Snd Bhd និងនិយោជកឈ្មោះ Chin ចូលមកបំភ្លឺ។ បច្ចុប្បន្ន តុលាការនៅពុំទាន់ចេញសាលក្រម បាននៅឡើយ ហើយដោយនីតិវិធី អាចនឹងចំណាយពេលយូរតទៅទៀត តុលាការបានយល់ព្រម តាមសំណើស្ថានទូតអនុញ្ញាត ឲ្យពលការិនី ទាំង១៥នាក់ ត្រឡប់មកកម្ពុជាវិញ ក្រោយពីការផ្តល់ចម្លើយ លើកចុងក្រោយ ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៦។ ស្ថានទូតនឹងតំណាងឲ្យពលការិនី ទាំង១៥នាក់ ក្នុងការបន្តទាមទារប្រាក់ខែ ដែលនៅសល់ពីនិយោជក។

តាមការសម្របសម្រួលរបស់ស្ថានទូត ពលការិនីទាំង១៥នាក់ បានមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ១៦:០០នាទី តាមជើងយន្តហោះ AK534។ មុនពេលចេញដំណើរមកកម្ពុជាវិញ ពលការិនីទាំង១៥នាក់ ត្រូវបានបញ្ជូនមកស្នាក់នៅ Central Zone Shelter Home ក្នុងក្រុងគួឡាឡាំពួរ៕

website_news/2017011205.txt · Last modified: 2017/09/06 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki