website_news:2017011304

ព្រឹកនេះ កកកុញលើស្ពានប៉ោយប៉ែតដោយសារថៃមិនឲ្យឆ្លងព្រំដែន

ដោយ ៖ ម៉ុត សារុន ថ្ងៃសុក្រ (https://kohsantepheapdaily.com.kh) (13-01-2017 09:11)

ខេត្តបន្ទាយមានជ័យ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា អាជីវករនិងពលរដ្ឋខ្មែរដែលតែងតែឆ្លងព្រំដែនទៅលក់ដូរនិងប្រកបរបររកស៊ីនៅផ្សាររុងក្លឿ ស្រុកអារញ្ញប្រទេសថៃ បានត្រូវអាជ្ញាធរថៃមិនអនុញ្ញាតឲ្យចូល ដោយសារពលរដ្ឋទំាងនោះមិនមានសំបុត្រដូចសព្វមួយដង បណ្តាលឲ្យមានការស្ទះកកកុញជ្រួលច្រាលទៅមកនៅលើស្ពានមិត្តភាពកម្ពុជា-ថៃប៉ោយប៉ែតតំាងពីម៉ោងប្រមាណ៦ដល់៧ព្រឹកថ្ងៃទី១៣ មករានេះ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ មករាម្សិលមិញ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ បានចេញបញ្ជាជាលាយលក្ខណ៍អក្សរដោយតម្រូវឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ឋប្រចំាច្រកទ្វារអន្តរជាតិបញ្ឈប់ការលក់សំបុត្រតម្លៃ១០០០រៀល ឬ ១០បាតរូបិយប័ណ្ណថៃ(លិខិតអនុញ្ញាតបណ្តោះអាសន្ន) ជូនប្រជាពលរដ្ឋនិងអាជីវករខ្មែរ ដែលចេញចូលប្រទេសថៃ ។ បទបញ្ជាដែលធ្វើឡើងតាមអនុសាសន៍របស់លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យខាងលើនេះគឺចាប់អនុវត្តន៍ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ទើបនៅព្រឹកថ្ងៃតី១៣ មករានេះ អាជីវករនិងពលរដ្ឋខ្មែរមិនទិញសំបុត្រ ហើយក៍ត្រូវភាគីថៃមិនអនុញ្ញាតឲ្យចូល ។ សេចក្តីរាយការណ៍បានបន្តថា ក្រោយហេតុការណ៍នេះកើតឡើង អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន បានចុះទៅអន្តរាគមន៍ដោយចែកសំបុត្រដោយមិនយកលុយពីប្រជាពលរដ្ឋនិងអាជីវករ ទើបស្ថានការណ៍បានធូរស្បើយនិង វិលទៅរកប្រក្រតីភាពឡើងវិញដូចសព្វដង ។ បើតាមលោក ង៉ោ ម៉េងជ្រួន នៅវេលាម៉ោង៩ព្រឹកថ្ងៃសុក្រដដែលនេះអាជ្ញាធរខ្មែរនិងថៃ ជួបគ្នាដោះស្រាយបញ្ហាសំបុត្រតម្លៃ១០០០រៀលនេះ ដោយក្នុងនោះភាគីខ្មែរនឹងស្នើទៅថៃឲ្យពលរដ្ឋ និងអាជីវករខ្មែរប្រើអ៊ីកាត ដោយមិនបាច់ទិញសំបុត្រ ៕

website_news/2017011304.txt · Last modified: 2017/09/06 14:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki