website_news:20170116010

មាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរ៤នាក់ ពីម៉ាឡេស៊ី និងស្ត្រីខ្មែរម្នាក់ពីចិន

(http://www.rasmeinews.com/local) ដោយ ៖មុនីរ័ត្ន ថ្ងៃទី 14 មករា 2017 ម៉ោង 07:20:AM

(ភ្នំពេញ)៖ លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយដោះស្រាយបញ្ហា និងរៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន៤នាក់ និងបានជួយសង្គ្រោះស្ត្រីខ្មែរម្នាក់ ដែលរៀបការជាមួយបុរសជនជាតិចិន អោយបានវិលត្រឡប់មកកម្ពុជាវិញ។ លោកបានបន្តថា ពលករ-ពលការិនី ខ្មែរចំនួន៤នាក់ មានដូចជា ១.ពលការិនី ឈ.ច អាយុ២៨ឆ្នាំ មកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ២.ពលការិនី ធ.ច អាយុ២៩ឆ្នាំ មកពីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ៣.ពលករ ជ.ក.ស អាយុ២៩ឆ្នាំ មកពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និង៤.ពលករ ឆ.ច អាយុ២៤ឆ្នាំ មកពីស្រុកបាកាន ខេត្តពោធិសាត់។

ពលករ-ពលការិនីទាំង៤នាក់ បានទៅម៉ាឡេស៊ីខុសច្បាប់ដោយខ្លួនឯង ហើយធ្វើការនៅរោងចក្រផលិតតុទូ និងគ្រឿងសង្ហារឹមនៅឆ្នាំ២០១៥។ ដោយចង់ត្រឡប់មកកម្ពុជាវិញ អ្នកទាំង៤ បានទៅស្ថានទូតនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ស្នើជួយរៀបចំមាតុភូមិនិវត្តន៍។ ស្ថានទូតបាន ចេញលិខិតធ្វើដំណើរ សម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ីព្រមទាំងផ្តល់ការស្នាក់នៅនិងអាហារបរិភោគ ជូនដល់ពួកគេ ក្នុងអំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ។ ពលករ-ពលការិនីទាំង៤នាក់ ត្រូវមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ២០១៧ វេលាម៉ោង០៧:៥០នាទីព្រឹក តាមជើងយន្តហោះAK536 ។

ចំណែកស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានរៀបចំមាតុភូមិនិវត្តន៍ស្ត្រីខ្មែរ ម្នាក់ឈ្មោះ ឃ.ស.ម អាយុ២៤ឆ្នាំ មកពីស្រុកបាភ្នំ ខេត្តព្រៃវែង ដែលត្រូវបានមេខ្យល់នាំចូលប្រទេសចិន ឆ្លងកាត់តាមប្រទេសវៀតណាម ដើម្បីទៅរៀបការជាមួយបុរសជន ជាតិចិនក្នុងខេត្តជាំងស៊ី ដោយពុំមានចុះលិខិតអាពាហ៍ពិពាហ៍។ ដោយរស់នៅមិនចុះសំរុងជាមួយប្តីនាងបានស្នើអន្តរាគមន៍ពីស្ថានអគ្គកុងស៊ុល នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៦ ជួយអោយបានត្រឡប់មកកម្ពុជាវិញ។

ស្ថានអគ្គកុងស៊ុល បានសហការជាមួយអាជ្ញាធរទីក្រុងសៀងហៃ និងអាជ្ញាធរខេត្តជាំងស៊ី រៀបចំ បែបបទធ្វើដំណើរជូនស្ត្រីរងគ្រោះ ហើយនាងបានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧ វេលាម៉ោង០៣:៤៥នាទីទៀបភ្លឺ តាមជើងយន្តហោះK6 867 ៕

website_news/20170116010.txt · Last modified: 2017/09/07 11:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki