website_news:2017011606

ស្ត្រីខ្មែរដែលត្រូវមេខ្យល់ជួញដូរទៅចិនស្វែងរកអន្តរាគមន៍ត្រឡប់មកស្រុកកំណើតវិញ

(http://www.rfa.org/khmer/news) ដោយ ប្រាជ្ញ ចេវ 2017-01-15

ស្ត្រីខ្មែរដែលចាញ់បោកមេខ្យល់ យកទៅជួញដូរលក់ឲ្យបុរសចិន កំពុងស្វះស្វែងរកអន្តរាគមន៍ដើម្បីអាចវិលត្រឡប់មកស្រុកកំណើតវិញ។ ចំណែកមន្ត្រីរដ្ឋាភិបាលធ្វើការងារទាក់ទងរឿងនេះ ថានឹងអន្តរាគមន៍ក្រោយទទួលបានព័ត៌មាននេះ ប៉ុន្តែក៏បង្ហាញពីការលំបាកមួយចំនួន ដោយសារបញ្ហាផ្លូវច្បាប់រវាងប្រទេសទាំងពីរចែងផ្សេងគ្នា។ ស្ត្រីដែលអះអាងថាត្រូវមេខ្យល់លក់ដូរឲ្យបុរសចិន ឲ្យអាស៊ីសេរីដឹងតាមទូរស័ព្ទពីប្រទេសចិន កាលពីថ្ងៃទី១២ ខែមករា ថា មេខ្យល់ជាស្ត្រីខ្មែរបានប្ដីជនជាតិចិន នាំលោកស្រីទៅប្រទេសចិន ឆ្លងតាមប្រទេសវៀតណាម ដោយសន្យាថានឹងទៅធ្វើការងារនៅទីនោះ។ លោកស្រីបន្តថា មេខ្យល់លក់លោកស្រីក្នុងតម្លៃជាង ១០ម៉ឺនយ័ន្ត ឬជាង ២ម៉ឺនដុល្លារឲ្យបុរសចិន ក្នុងគ្រួសារដាច់ស្រយាលមួយនៃក្រុងជាងស៊ី ប្រទេសចិន៖ «គេលក់យើងចឹង គេលក់ឲ្យមកយកប្ដីស្រុកចិន ខ្ញុំស្មានថាបានមកធ្វើការ។ ដល់នេះគេយកមកលក់ឲ្យស្រុកចិន ហ្នឹង ហីដល់ពេលម្តាយឈឺអត់មានលុយផ្ញើឲ្យម្តាយទៀត»។ ស្ត្រីដដែលរៀបរាប់ថា នាងបានទៅប្រទេសចិន ជាង ៣ខែមកហើយ និងធ្លាប់បានរត់គេចដែរ ប៉ុន្តែមិនបានសម្រេច ព្រោះមិនស្គាល់ភូមិសាស្ត្រ។ ស្ត្រីមានវ័យ ៣២ឆ្នាំ សព្វថ្ងៃមានកូន ៤នាក់កំពុងរស់នៅក្នុងខេត្តបាត់ដំបង រូបនេះ ឲ្យដឹងទៀតថា នៅក្នុងតំបន់លោកស្រីកំពុងរស់នៅនោះ មានស្ត្រីខ្មែរជាង ៣០នាក់ផ្សេងទៀត ក៏សុទ្ធតែជួបរឿងចាញ់បោកមេខ្យល់ដូចនេះដែរ និងចង់វិលត្រឡប់មកប្រទេសកម្ពុជា វិញ។

ទាក់ទងរឿងនេះ អនុប្រធានអចិន្ត្រៃយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា ករណីនេះអាចជួបការលំបាក ប្រសិនស្ត្រីរូបនេះបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយបុរសចិន នោះ ព្រោះច្បាប់ប្រទេសចិន នៅពេលចុះសំបុត្រអាពាហ៍ពិពាហ៍ ស្ត្រីខ្មែរនោះនឹងក្លាយជាពលរដ្ឋចិន ដែលធ្វើឲ្យមន្ត្រីខ្មែរពិបាកធ្វើការងារនេះ។ ទោះជាយ៉ាងនេះក្តី អ្នកស្រីថា ក្រុមការងារលោកស្រីនឹងសិក្សាករណីនេះ រួមទាំងសហការជាមួយក្រសួងការបរទេស ដើម្បីជួយអន្តរាគមន៍៖ «ពេលទៅដល់នោះដូចចូលទៅក្នុងស៊ងគេចឹង ដោយសារគាត់ស្ថិតនៅក្នុងច្បាប់របស់គេហើយ ហើយគេរករឿងយើងបានទៀតពីរយ៉ាង។ ទីមួយយើងជាគ្រួសាររបស់គេដែលទទួលស្គាល់ តែបើយើងនៅក្រៅគ្រួសារ យើងចូលប្រទេសគេដោយខុសច្បាប់។ ចឹងទីបំផុត បើកាលណាចូលទៅក្នុងច្បាប់អាពាហ៍ពិពាហ៍ គាត់ក្លាយជាគ្រួសាររបស់គេដែលគេអនុវត្តច្បាប់របស់ប្រទេសគេ»។ អាស៊ីសេរី មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បាននៅឡើយទេថ្ងៃទី១៤ ខែមករា។

ចំណែកលោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) និយាយថា ប្រសិនបើអង្គការរបស់លោករកឃើញថា ការរៀបការរបស់ស្ត្រីខ្មែរនោះមិនមែនកើតចេញពីឆន្ទៈ អង្គការរបស់លោកនឹងស្វែងរកដើម្បីជួយសង្គ្រោះ។ លោកថា កន្លងមកអង្គការរបស់លោកជួបការលំបាកក្នុងការជួយសង្គ្រោះស្ត្រីរងគ្រោះ ព្រោះចិន ជាប្រទេសកុម្មុយនីស្ត អាជ្ញាធរនៅប្រទេសនេះខ្លះពុករលួយ ហើយស្ត្រីរងគ្រោះខ្លះមិនស្គាល់ទីតាំង ឬស្លាកសញ្ញាដែលពិបាកក្នុងការស្វែងរក៖ «ពួកខ្ញុំមានលេខទូរស័ព្ទចឹង យើងអាចព្យាយាមទាក់ទងគាត់ ដើម្បីអាចដឹងថាគាត់នៅទីណា? យើងនឹងផ្តល់សេវាជូនគាត់បាននៅពេលមានការស្នើសុំពីគ្រួសារ ឬទំនាក់ទំនងពីជនរងគ្រោះចឹង»។

អនុប្រធានអចិន្ត្រៃយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង បញ្ជាក់ថា ករណីស្ត្រីខ្មែររៀបការជាមួយបុរសនៅប្រទេសចិន តាមរយៈមេខ្យល់ និងត្រូវរងទុក្ខបុកម្នេញ ត្រូវជួយសង្គ្រោះកាលពីឆ្នាំ២០១៦ មានជាង ៦០នាក់។ អ្នកស្រីស្នើពលរដ្ឋទូទៅ ជាពិសេសស្ត្រី ប្រយ័ត្នប្រយែងក្នុងការស្វែងរកការងារនៅក្រៅប្រទេស។

នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ថាស្ត្រីខ្មែរដែលត្រូវជួញដូរនៅចិន ភាគច្រើនរងគ្រោះបានក្លាយទៅជាទាសករផ្លូវភេទ ទាសករការងារដោយមិនមានប្រាក់កម្រៃ និងគ្មានអាហារហូបចុកគ្រប់គ្រាន់ និងមានជំងឺ។ មន្ត្រីសង្គមស៊ីវិល ស្នើរដ្ឋាភិបាលផ្សព្វផ្សាយឲ្យទូលំទូលាយឲ្យពលរដ្ឋបានដឹង និងស្វែងរកមេខ្យល់ចាប់ដាក់ទោស៕

website_news/2017011606.txt · Last modified: 2017/09/07 11:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki