website_news:2017011801

តុលាការកាត់ទោសម៉ែយ៉ែម និងបក្ខពួកម្នាក់ ករណីសញ្ចារកម្ម

(http://ann.com.kh/blog/detail) ដោយ: ឡុក សំរិតថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧

រាជធានីភ្នំពេញ៖ នៅរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នេះ លោកស្រី ថ្លាង ផាណែត ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសស្ត្រីជាម៉ែយ៉ែម និងមេកា ហាងម៉ាស្សាបង្កប់សេវផ្លូវភេទ នៅខណ្ឌឬស្សីកែវ។

ជនជាប់ចោទទី១.ឈ្មោះ ង៉ុន សុខណា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរម្ចាស់ហាង ម៉ុមម៉ាស្សា មានទីតាំងនៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ និងទី២.ឈ្មោះ អៀប ដារ៉ា ហៅប៊ុនតឺម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាមេកាហាង ម៉ុមម៉ាស្សា ត្រូវបានលោក ហ៊ឹង ប៊ុនថន តំណាងអយ្យការចោទប្រកាន់ពីបទ សញ្ចារកម្ម ប្រព្រឹត្តផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ យោងតាមមាត្រា២៨៤ នៃក្រមព្រហ្មទណ្ឌ។

ជនជាច់ចោទឈ្មោះ អៀប ដារ៉ា បានបដិសេធថា ខ្លួនមិនបានដឹងនោះទេ ដោយខ្លួនមកហាងម៉ាស្សានោះ ដើម្បីលេងមីងជាម្ចាស់ហាងតែប៉ុណ្ណោះ។ ចំណែកជនជាប់ចោទឈ្មោះ ង៉ុន សុខណា បានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយខ្លួនតែងតែអប់រំស្ត្រីម៉ាស្សារបស់ខ្លួន កុំឱ្យដេកជាមួយភ្ញៀវជាដាច់ខាត។

ផ្ទុយពីការអះអាងខាងលើ ចម្លើយរបស់សាក្សី និងជាស្ត្រីរងគ្រោះចំនួន៤នាក់ បានបញ្ជាក់ប្រាប់អង្គសវនាការថា ជនជាប់ចោទឈ្មោះ អៀប ដារ៉ា គឺជាមេកាហាងម៉ាស្សានោះ ហើយពួកគេអាចដេកជាមួយភ្ញៀវនៅក្នុងហាង ក៏បាន ឬក្រៅហាងក៏បាន ដោយយកតម្លៃពី៦ម៉ឺន ទៅ៨ម៉ឺនរៀល ពីភ្ញៀវ ប៉ុន្តែត្រូវបង់លុយឱ្យជនជាប់ចោទឈ្មោះ ង៉ុន សុខណា ជាម្ចាស់ហាងចំនួន២ម៉ឺនរៀល។ សំណុំរឿងនេះ នឹងត្រូវតុលាការប្រកាសសាលក្រម នៅរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ខាងមុខ៕

website_news/2017011801.txt · Last modified: 2017/09/07 11:34 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki