website_news:2017011802

ចិន និងម៉ាឡេ នាំមុខជាប្រទេសមានករីណីបំពានសិទ្ធិស្រ្តីខ្មែរនៅឆ្នាំ២០១៦

(http://mekongjournal.com/archives) neang kannitha January 14, 2017

ប្រទេសចិន និងប្រទេសម៉ាឡេស៊ី ត្រូវបានអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អះអាងថាជាប្រទេសដែលមានករណីធ្វើទុក្ខបុកម្នេញ និងរំលោភបំពានសិទ្ធិស្រ្តីច្រើនជាងគេនៅឆ្នាំ២០១៦ ដោយចិនភាគច្រើនបានបំពានលើស្រ្តីដែលបានរៀបការជាមួយស្វាមីជនជាតិចិន ហើយម៉ាឡេស៊ីនាំមុខលើការបំពានសិទ្ធិស្រ្តីបំរើការងារតាមផ្ទះ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី ប្រទេសចិនមិនសូវមានករណីបំពានសិទ្ធិស្រ្តីជាពលករខ្មែរនោះទេ ដោយសារតែប្រទេសមហាយក្យមួយនេះ មិនសូវត្រូវការកម្លាំងពលកម្មពីកម្ពុជា ប៉ុន្តែបែរជាមានកំណើនលើករណីរៀបអាពាហ៍ពិពាហ៍រវាងបុរសជាជនជាតិចិនជាមួយស្រ្តីខ្មែរទៅវិញ។

ក្នុងចំណោមអ្នករៀបការជាមួយស្វាមីជនជាតិចិន មានស្រ្តីមួយចំនួនបានក្លាយជាជនរងគ្រោះដោយសារតែវាយធ្វើបាបពីស្វាមី ឬមួយពីក្រុមគ្រួសារខាងស្វាមី ខណៈខ្លះទៀតបានក្លាយជាជនដែលត្រូវបានគេជួញដូរដូចទំនិញ បន្ទាប់ពីត្រូវបានសន្យាថានឹងយកធ្វើជាភរិយានោះ។

ដោយឡែកសម្រាប់ប្រទេសម៉ាឡេស៊ី ធាតុពិតកម្ពុជាបានផ្អាកកិច្ចព្រមព្រៀងបញ្ជូនពលកររយៈពេលប្រមាណ៣ឆ្នាំមកហើយ ប៉ុន្តែមិនមែនមានន័យថាពលករដែលកំពុងធ្វើការនៅម៉ាឡេស៊ីត្រូវតែវិលមកវិញទេ។ ប្រទេសមួយនេះមានពលរដ្ឋខ្មែរបន្តធ្វើការច្រើន ប៉ុន្តែក្នុងចំណោមនោះស្រ្តីបំរើការងារតាមផ្ទះបានក្លាយជាគោលដៅនៃការរងគ្រោះពីការបំពានសិទ្ធិ ពិសេសការវាយធ្វើបាបពីក្រុមម្ចាស់ផ្ទះរហូតពួកគេលួចសុំកិច្ចអន្តរាគមន៍ឲ្យបានវិលមកប្រទេសកំណើតវិញ។

គួរបញ្ជាក់ថា នៅឆ្នាំ២០១៦ កន្លងទៅ អាជ្ញាធរកម្ពុជា បានសហការជាមួយប្រទេសម្ចាស់ផ្ទះ ជួយអន្តរាគមន៍បញ្ជូនពលរដ្ឋខ្មែរវិលត្រឡប់មកប្រទេសកំណើតវិញបានជាច្រើនរយនាក់ដូចជាពីប្រទេសចិន ម៉ាឡេស៊ី ថៃ វៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី និងរុស្ស៊ីជាដើម។ សម្រាប់ចិន មានពលរដ្ឋខ្មែរជាង៦០នាក់ត្រូវបានអន្តរគមន៍បញ្ជូនមកវិញ ហើយម៉ាឡេស៊ីមានប្រមាណជាង២០០នាក់។ ក្នុងចំណោមពួកគេមានមួយចំនួនជាស្រ្តីដែលត្រូវបានគេធ្វើបុកម្នេញរហូតមិនអាចទ្រាំទ្របន្តរស់នៅជាមួយស្វាមី ឬជាមួយម្ចាស់ផ្ទះដែលខ្លួនបានទៅបំរើការងារ៕

website_news/2017011802.txt · Last modified: 2017/09/07 11:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki