website_news:2017011903

ឆ្នាំ២០១៦ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៩២ករណី

(http://www.cen.com.kh/local) (ថ្ងៃទី 19 មករា 2017, ម៉ោង 04:02:PM) | ដោយ: ដាវុធ

ភ្នំពេញ: អគ្គស្នងការនគរបាលជាតិ បានស្នើ ឲ្យសមាជិកក្រុមអ្នកអនុវត្តច្បាប់មានរបបរបាយការណ៍ឲ្យបានទៀងទាត់ និងចរិតរបាយការណ៍ឲ្យបានច្បាស់លាស់ ព្រោះថាសមាជិកក្នុងក្រុមនេះ មានសមាសភាពមកពីអន្តរស្ថាប័ន ខណៈ ឆ្នាំ២០១៦ សមត្ថកិច្ចជំនាញ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទបានចំនួន ៩២ករណី ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងបានចំនួន ១១៣នាក់។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ក្រុមអ្នកអនុវត្តច្បាប់ ឆ្នាំ២០១៦ និងទិសដៅអនុវត្តឆ្នាំ២០១៧ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ លោក នាយឧត្តមសេនីយ៍ នេត សាវឿនអគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមអ្នកអនុវត្តច្បាប់ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ថ្លែងថា ឆ្លងតាមការស្តាប់របាយការណ៍យើងឃើញថា មានស្ថាប័នខ្លះបានធ្វើ និងមានស្ថាប័នខ្លះមិនធ្វើ ដូច្នេះហើយសមាជិកក្នុងក្រុមអ្នកអនុវត្តដែលតំណាងឲ្យអន្តរស្ថាប័ន ត្រូវមានរបបរបាយការណ៍ឲ្យច្បាស់លាស់ និងទៀងទាត់។

ក្នុងនាមសមាជិកក្រុមអ្នកអនុវត្តយើងមានភារកិច្ចបញ្ជូនព័ត៌មាន យើងមានភារកិច្ចបំពេញថែម យើងបញ្ជូនរបាយការណ៍ និងមានភារកិច្ចមួយទៀតជូនព័ត៌មានទៅប្រធានស្ថាប័នដើម្បីឲ្យគាត់យល់បានបណ្តើរៗ ថាក្រសួងស្ថាប័នយើងពាក់ព័ន្ធជាមួយក្រុមអ្នកអនុវត្តច្បាប់ យើងបានធ្វើអីខ្លះ និងមិនទាន់បានធ្វើអីខ្លះ។ លោក នាយឧត្តមសេនីយ៍ នេត សាវឿន មានប្រសាសន៍បញ្ជាក់ថា អំពីរបាយការណ៍ត្រូវសរសេរយ៉ាងម៉េចក្រុមការងារត្រូវគិត អំពីស្ថាប័នដែលបានធ្វើ និយាយពីស្ថាប័នដែលធ្វើ អ្នកមិនបានធ្វើកុំនិយាយតែម្តង ឬក៏និយាយពីស្ថាប័នដែលបានធ្វើ និងស្ថាប័នដែលមិនបានធ្វើ ឬក៏សរសេរតែស្ថាប័នដែលបានធ្វើ ហើយស្ថាប័នដែលមិននិយាយ ច្បាស់ជាស្ថាប័ននោះមិនធ្វើ តែគ្រាន់តែមិនបញ្ជាក់ មិនរំលេចប៉ុណ្ណឹង អញ្ចឹងអ្នកអត់បានធ្វើដឹងខ្លួនហើយ អញ្ចឹងចរិតរបាយការណ៍និយាយពីស្ថាប័នដែលពាក់ព័ន្ធព្រោះយើងអន្តរស្ថាប័ន។ ក្នុងឱកាសនោះដែរ លោក នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានដាក់ចេញនូវទិសដៅ និងផែនការសម្រាប់អនុវត្តបន្តឆាំ២០១៧នេះ ផងដែរ។

តាមរបាយការណ៍បូកសរុបសភាពការណ៍ការងារប្រចាំឆ្នាំ២០១៦ (គិតពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦) របស់ក្រុមការងារអ្នកអនុវត្តច្បាប់ បានឲ្យដឹងថា នាយកដ្ឋានជំនាញ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខិតខំតាមដានស្រាវជ្រាវបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទបានចំនួន ៩២ករណី/៩៤ករណី (បើប្រៀបធៀបឆ្នាំ២០១៥ មានការថយចុះចំនួន ២ករណី ស្មើ២,១២% ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងបានចំនួន ១១៣នាក់/១២៤នាក់ ស្រី ៤៦នាក់) ក្នុងនោះជនសង្ស័យជាអនីតិជនចំនួន ១២នាក់ និងបរទេសចំនួន ៨នាក់ (សញ្ជាតិឥណ្ឌា ១នាក់ ហូឡង់ ២នាក់ កូរ៉េ ១នាក់ ប៉ាគីស្ថាន ១នាក់ ថៃ ១នាក់ វៀតណាម ១នាក់ និងអូស្ត្រាលី ១នាក់)។ សង្គ្រោះជនរងគ្រោះបានចំនួន ២៩៨នាក់/២៤៤នាក់ ក្នុងនោះអាយុក្រោម១៥ឆ្នាំ ៤៧នាក់ អាយុ១៥-១៧ឆ្នាំ ៤៤នាក់ និងអាយុ១៨ឆ្នាំឡើង ២០៧នាក់ (ដោយប្រគល់ឲ្យមន្ទីរសង្គមកិច្ចចំនួន១៦១នាក់ អង្គការ ៧នាក់ និងប្រគល់ឲ្យគ្រួសារគ្រប់គ្រង់វិញចំនួន ១៣០នាក់)។ អំពើជួញដូរមនុស្សបង្ក្រាបបានសរុបចំនួន ២៧ករណី/៤៤ករណី ឃាត់ជនសង្ស័យចំនួន ៣៩នាក់(ស្រី២១នាក់) ជនបរទេសចំនួន ៣នាក់(សញ្ជាតិប៉ាគីស្ថាន១នាក់ ថៃ ១នាក់ និងកូរ៉េ ១នាក់) សង្គ្រោះជនរងគ្រោះចំនួន ១១១នាក់ អាយុក្រោម ១៥ឆ្នាំ ៧នាក់ អាយុ១៥-១៧ឆ្នាំ ២៣នាក់ អាយុ ១៨ឆ្នាំឡើង ៨១នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច ៣៣នាក់ និងគ្រួសារ ៧៨នាក់)។ អំពើធ្វើអាជីវកម្មផ្លូវភេទ បង្ក្រាបសរុបចំនួន ៦៥ករណី/៥០ករណី ឃាត់ជនសង្ស័យចំនួន ៧៤នាក់(ស្រី២៥នាក់) ក្នុងនោះជនសង្ស័យជាអនីតិជនចំនួន ១២នាក់ និងជនបរទេសចំនួន ៥នាក់ (សញ្ជាតិឥណ្ឌា ១នាក់ ហូឡង់ ២នាក់ វៀតណាម ១នាក់ និងអូស្ត្រាលី ១នាក់) សង្គ្រោះជនរងគ្រោះចំនួន ១៨៧នាក់ អាយុក្រោម១៥ឆ្នាំ ៤០នាក់ អាយុ១៥-១៧ឆ្នាំ ២១នាក់ និងអាយុ១៨ឆ្នាំឡើង១២៦នាក់(ប្រគល់ឲ្យមន្ទីរសង្គមកិច្ច១២៨នាក់ អង្គការ ៧នាក់ និងប្រគល់ឲ្យគ្រួសារគ្រប់គ្រងវិញចំនួន៥២នាក់) ៕

website_news/2017011903.txt · Last modified: 2017/09/07 11:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki