website_news:2017011904

ពលករថៃ-ខ្មែរ១០នាក់ ត្រូវឃាត់ខ្លួនលើទឹកដីថៃ ពីបទឃុបឃិត និងស្នាក់នៅខុសច្បាប់

(https://kohsantepheapdaily.com.kh) ដោយ ៖ ម៉ុត សារុន ថ្ងៃពុធ (18-01-2017 22:04)

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរ និងថៃសរុប១០នាក់ ត្រូវបានសមត្ថកិច្ចចម្រុះថៃធ្វើការចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១៧ មករា ២០១៧ នៅទីតាំងចំនួន២ ក្នុងឃុំ និងស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ដោយជាប់ចោទឃុបឃិត និងស្នាក់នៅខុសច្បាប់។ ជនសង្ស័យខ្មែរថៃទាំង១០នាក់ ខាងលើគេមិនស្គាល់អត្តសញ្ញាណទាំងអស់នោះទេ ហើយពួកគេត្រូវបានសមត្ថកិច្ចចម្រុះថៃឃាត់ខ្លួនខណៈកំពុងនៅជុំគ្នាក្នុងទីតាំង២ក្នុងឃុំស្រុកខាងលើ។ ក្រៅពីស្នាក់នៅខុសច្បាប់ទីតាំងមួយក្នុងចំណោមនេះ ត្រូវបានសមត្ថកិច្ចឆែកឆេររកឃើញម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅក្រហម១គ្រឿង ដែលម្ចាស់គេបាត់ពេលទុកនៅមុខផ្ទះ ហើយកំពុងតាមរកផងដែរ។

ជនជាតិថៃ២នាក់ត្រូវបានជាប់ចោទឃុបឃិតផ្តល់ទីតាំងឲ្យពលករខ្មែរស្នាក់នៅខុសច្បាប់។ ចំពោះម៉ូតូដែលសមត្ថកិច្ចឆែកឆេររកឃើញនោះ ត្រូវពលករខ្មែរម្នាក់ឈ្មោះ សួម យ៉ិន ភេទប្រុស អាយុ៣៩ឆ្នាំ និយាយថាលួចគេមកពីខេត្តចាន់បូរី យកឲ្យម្ចាស់ផ្ទះជាជនជាតិថៃ ដើម្បីទុកដូរថ្នាំញៀនសេព តែត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។ ជនសង្ស័យទាំង១០នាក់ ត្រូវបានបញ្ជូនពីចំណុចកើតហេតុទៅស្នងការនគរបាលខេត្តស្រះកែវ ដើម្បីចាត់ការបន្តទៅតុលាការខេត្ត។

ជុំវិញករណីខាងលើ លោក ប៊ុន សុខវិបុល អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវប្រទេសថៃ មិនអាចទាក់ទងសុំការបំភ្លឺបានទេដោយទូរស័ព្ទចុចមិនចូល។ ដោយឡែកមន្ត្រីទំនាក់ទំនាក់ទំនងព្រំដែនកម្ពុជាថៃប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក យ៉ាល់ប៊ុនពៅ ប្រាប់តាមទូរស័ព្ទថា លោករវល់យកកូនទៅមន្ទីរពេទ្យនៅឯខេត្តសៀមរាបមិនបានទទួលព័ត៌មានហ្នឹងទេ។ គេពុំដឹងថា ជោគវាសនាពលករខ្មែរទាំង៨នាក់ខាងលើ ត្រូវបានគេបញ្ជូនត្រលប់ ឬត្រូវឡើងតុលាការនោះទេ ព្រោះជាប់ពាក់ព័ន្ធនឹងម៉ូតូលួចគេ១គ្រឿងទៀត។

បើរឿងស្នាក់នៅ ឬឆ្លងដែនខុសច្បាប់វាក្លាយជាទម្លាប់ទៅហើយគឺ ក្រោយចាប់បានភាគីថៃតែងតែមានការយោគយល់ដឹកតាមរថយន្តទ្រុងមកប្រគល់ឲ្យអាជ្ញាធរ និងសមត្ថកិច្ចកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតជាបន្តបន្ទាប់ និងជារៀងរាល់ថ្ងៃ៕

website_news/2017011904.txt · Last modified: 2017/09/07 11:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki