website_news:2017011905

ថៃឃាត់ខ្លួនព្រះសង្ឃខ្មែរ៨អង្គ លបចូលដោយខុសច្បាប់ និងប្រព្រឹត្តល្បែងស៊ីសង

(http://www.cen.com.kh/world) ថ្ងៃទី 18 មករា 2017, 10:11:AM

ព្រះសង្ឃចំនួន ខ្មែរចំនួន៨ អង្គ ត្រូវបានក្រុមតម្រួតថៃចាប់ផ្សឹក និងបញ្ជូនទៅកាន់ អង្គភាពជំនាញនៃប្រទេសថៃ ដោយចោទប្រកាន់ពីបទ លបចូលទៅក្រុង ប្រទេសថៃ ដោយខុសច្បាប់ ព្រមទាំងបានប្រព្រឹត្ត ល្បែងស៊ីសង ខណៈដែលព្រះសង្ឃទាំងអស់កំពុងវាតវង់លេងល្បែង ស៊ីសងនៅក្នុងព្រៃ ។ យោងតាមប្រភពព័ត៌មាន ដែលទទួលបានគឺ នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋ រាយការណ៍ ទៅកាន់ស្ថានីយ៍តម្រួតថា គេបានប្រទះឃើញមាន ព្រះសង្ឃជាច្រើនអង្គ កំពុងនិមន្តបិណ្ឌបាត ដូចជាមានការសង្ស័យ គឺស្ថិតនៅត្រង់ចំណុចផ្លូវលួងផែង សង្កាត់ឡតក្រាក់បាំង ក្នុងខេត្តសមុទ្រប្រាកាន ជិតទីក្រុងបាងកក ប្រទេសថៃ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កំលាំងតម្រួតថៃ បាននាំកំលាំង ចុះប្រតិបត្តិការ ទៅកាន់ទីតាំងខាងលើ ដោយបានពិនិត្យ ឃើញជាក់ស្តែង គឺមានប្រទះសង្ឃ ចំនួន៨អង្គ បាននាំគ្នាវាតវង់ នៅក្នុងព្រៃក្បែរផ្លូវ ដោយបានយកស្បង់ចីវរ ក្រាលនៅចំកណ្តាល ដើម្បីប្រព្រឹត្តល្បែងស៊ីសង យ៉ាងអនាធិបតេយ្យ ។

គ្រាន់តែឃើញតម្រួតភ្លាម ព្រះសង្ឃទាំងអស់ បាននាំគ្នារត់គេចរៀងៗខ្លួន ដើម្បីជៀសអោយផុត ពីការចាន់ខ្លួន ប៉ុន្តែក្រុមតម្រួត បានធ្វើការស្ទាក់ចាប់ រហូតបានទាំងអស់ ទើបដឹងថា ព្រះសង្ឃទាំងអស់ គឺជាជនជាតិខ្មែរ ហើយការលបចូល ទៅក្នុងទឹកដីថៃ គឺគ្មានច្បាប់អនុញ្ញាត ត្រឹមត្រូវនោះឡើយ ដោយនៅពេលនោះដែរ តម្រួតថៃ បានដកហូតនូវបៀ ចំនួនមួយហ៊ូ ព្រមទាំងថវិកាមួយចំនួន ។

សង្ឃទាំងអស់នោះ មាន៖ ១.ឈ្មោះ ឯម រឿង ២.ឈ្មោះ ឆាន់ ស៊ីណា ៣.ឈ្មោះ ឆាន់ កៀត ៤.ឈ្មោះ ស៊ឹម សារៈ ៥.ឈ្មោះ ង៉ែត ផ្លយ ៦.ឈ្មោះ ឆាត់ កុត ៧.ឈ្មោះ ឈួន ប៊ុនរិទ្ធ និង៨.ឈ្មោះ ក្រេង ចិត្រា។ ដោយនៅពេលនោះដែរ កំលាំងតម្រួតថៃ បាននាំព្រះសង្ឃទាំងអស់ ទៅប្រគល់អោយ អង្គភាពធម្មការ ដើម្បីធ្វើការផ្សឹក និងបញ្ជូនខ្លួនទៅកាន់តុលាការ ដោយតម្រួតថៃ បានចោទប្រកាន់លើ ២ ចំណុច គឺការឆ្លងដែនចូល ទៅប្រទេសថៃ ដោយខុសច្បាប់ និងការប្រព្រឹត្តល្បែងស៊ីសងខុសនឹងផ្លូវច្បាប់ ៕N/S

website_news/2017011905.txt · Last modified: 2017/09/07 11:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki