website_news:2017011906

ទូតខ្មែរស្នើឲ្យថៃផ្ដល់ព័ត៌មានផ្លូវការពីការចាប់ផ្សឹកសង្ឃ ៨ អង្គ

(http://www.postkhmer.com) Thu, 19 January 2017 ឃុត សុភចរិយា

ភ្នំពេញៈ មន្ត្រីការទូតកម្ពុជាប្រចាំទីក្រុងបាងកកកាលពីម្សិលមិញបានទាមទារឲ្យថៃផ្ដល់ព័ត៌មានជាផ្លូវការចំពោះករណីថាមានព្រះសង្ឃខ្មែរ ៨ អង្គត្រូវបានតុលាការខេត្តសាមុតប្រាកានរបស់ថៃចោទពីឆ្លងដែន និងប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ បន្ទាប់ពីត្រូវតម្រួតថៃចាប់ និងផ្សឹកដោយមន្ត្រីធម្មការថៃកាលពីថ្ងៃអង្គារ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងថាពេលនេះមន្ត្រីការទូតកម្ពុជាប្រចាំទីក្រុងបាងកកទាមទារឲ្យថៃផ្ដល់ព័ត៌មានផ្លូវការពីករណីនេះ និងស្នើសុំការអនុញ្ញាតពីអាជ្ញាធរថៃដើម្បីចូលជួបសួរសុខទុក្ខជនសង្ស័យទាំងនោះ។ ប៉ុន្តែលោកថាមកទល់ពេលនេះនៅមិនទាន់ទទួលបានការឆ្លើយតបពីអាជ្ញាធរថៃនៅឡើយទេ។

តាមព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយកាលពីម្សិលមិញថានៅល្ងាចថ្ងៃទី ១៦ ខែមករាតម្រួតថៃបានឃាត់ខ្លួនសង្ឃខ្មែរ ៨ អង្គ បន្ទាប់ពីពលរដ្ឋរាយការណ៍ពីការប្រទះឃើញបាននិមន្តបិណ្ឌបាត និងប្រព្រឹត្តល្បែងស៊ីសងក្នុងព្រៃក្បែរផ្លូវលួងផែង សង្កាត់ឡតក្រាក់បាំង ក្នុងខេត្តសាមុតប្រាកាន។ ពាក់ព័ន្ធនឹងព័ត៌មាននេះកាលពីម្សិលមិញលោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាកម្ពុជាបានថ្លែងថាលោកបានទាក់ទងទៅមន្ទីរធម្មការខេត្តកម្ពុជាទាំងអស់ឲ្យស្រាវជ្រាវពីសាវតារក្រុមសង្ឃទាំងនោះហើយ ប៉ុន្តែមិនទាន់ទទួលបានព័ត៌មាននៅឡើយទេ។ ប៉ុន្តែលោកបានបញ្ជាក់ថា៖ មកទល់ពេលនេះមិនទាន់ដឹងច្បាស់ថាក្រុមសង្ឃដែលថៃចាប់ផ្សឹក និងចោទទាំងនោះជាសង្ឃពិត ឬគ្រាន់តែក្លែងភេទបំភាន់ភ្នែកអ្នកដទៃដើម្បីប្រកបមុខរបរទទួលទានខ្លួនឯងនោះទេ។ ទោះយ៉ាងណាលោកថាការល្មើសនឹងធម្មវិន័យគឺមានទោសរួចទៅហើយ ហើយបើប្រព្រឹត្តខុសផ្លូវច្បាប់ប្រទេសណាមួយនោះបុគ្គលនោះទោះជាសង្ឃពិត ឬក្លែងភេទក៏ត្រូវមានទោសតាមច្បាប់ប្រទេសនីមួយៗដែរ៕

website_news/2017011906.txt · Last modified: 2017/09/07 11:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki