website_news:2017011907

ពលរដ្ឋរស់នៅជិតព្រំដែនកម្ពុជា-ឡាវសាទរចំពោះការធ្វើប័ណ្ណឆ្លងព្រំដែន

(http://www.rfa.org/khmer/news) ដោយ ម៉ែន សុធីរ 2017-01-18

ពលរដ្ឋរស់នៅជិតព្រំដែនកម្ពុជា-ឡាវ នៅឃុំព្រែកមាស ស្រុកសៀមប៉ាង ខែត្រស្ទឹងត្រែង សាទរវិធានការប្រមុខរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យពលរដ្ឋប្រើប្រាស់ប័ណ្ណព្រំដែនសម្រាប់ជាឯកសារផ្លូវការឆ្លងកាត់ច្រកទ្វារព្រំដែន ប្រយោជន៍បង្កលក្ខណៈងាយស្រួលទំនាក់ទំនងសេដ្ឋកិច្ចរវាងពលរដ្ឋប្រទេសទាំងពីរ។ អាជ្ញាធរខែត្រស្ទឹងត្រែង និងអាជ្ញាធរខែត្រចម្ប៉ាសាក់ ប្រទេសឡាវ កំពុងសិក្សារួមគ្នា ដើម្បីកំណត់ប្រភេទប័ណ្ណព្រំដែនរួមគ្នាមួយផ្អែកតាមកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលប្រទេសទាំងពីរ។ អាជ្ញាធរខែត្រស្ទឹងត្រែង ឲ្យដឹងនៅថ្ងៃទី១៧ មករា ថា សមត្ថកិច្ចពាក់ព័ន្ធកំពុងប្រជុំបន្តពិភាក្សារវាងភាគីកម្ពុជា និងឡាវ លើការប្រើប្រាស់នីតិវិធី និងការប្រើប្រាស់ប្រភេទប័ណ្ណរួមគ្នាមួយ។

អ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង លោក ម៉ែន គុង មានប្រសាសន៍បញ្ជាក់ថា មន្ត្រីជំនាញនឹងចុះអប់រំផ្សព្វផ្សាយពលរដ្ឋរស់នៅតំបន់ព្រំដែន ឲ្យយល់ពីរបៀបប្រើប្រាស់ប័ណ្ណព្រំដែន និងទទួលយកប័ណ្ណឆ្លងដែន។ លោកថា អាជ្ញាធរខែត្រនៅមិនទាន់កំណត់ពេលវេលាជាក់លាក់ ក្នុងការផ្តល់ប័ណ្ណជូនពលរដ្ឋនោះទេ ហើយសមត្ថកិច្ចពាក់ព័ន្ធកំពុងសិក្សាឲ្យគ្រប់ជ្រុងជ្រោយ ព្រោះពុំមែនតែពលរដ្ឋរស់នៅតំបន់ព្រំដែនទេ ក៏ប៉ុន្តែពលរដ្ឋរស់នៅទីរួមខែត្រមានបំណងឆ្លងកាត់ព្រំដែន តើគួរប្រើប្រាស់មធ្យោបាយរបៀបណា?៖ «យើងមិនទាន់កំណត់ពេលជាក់លាក់នៅឡើយទេ តែសមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងតែសិក្សារួមគ្នាហើយ»។

ពលរដ្ឋរស់នៅក្បែរព្រំដែនឡាវ នៃឃុំព្រែកមាស ស្រុកសៀមប៉ាង ខែត្រស្ទឹងត្រែង លោក ទា សន ចាត់ទុកការផ្តល់ប័ណ្ណព្រំដែនឲ្យពលរដ្ឋប្រើប្រាស់ ថាបង្កលក្ខណៈងាយស្រួលគ្រប់គ្រងច្រកព្រំដែន ខណៈពលរដ្ឋឡាវ តែងតែលួចឆ្លងដែនមកទឹកដីកម្ពុជា នៅឃុំព្រែកមាស តាមអំពើចិត្តទាំងថ្ងៃ និងយប់ ដើម្បីបរបាញ់សត្វព្រៃដោយខុសច្បាប់ និងសត្វពាហនៈអ្នកស្រុក។ លោកថា ប្រសិនបើពលរដ្ឋខ្មែរចង់ឆ្លងដែនទៅឡាវ មានការលំបាកជាងពលរដ្ឋឡាវ ឆ្លងមកកម្ពុជា ដោយសារតែប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនរបស់ខ្មែរនីមួយៗធូររលុង។ លោកបន្តថា កន្លងទៅបើអ្នកភូមិចង់ឆ្លងព្រំដែនទៅប្រទេសឡាវ ទាល់តែស្នើសុំលិខិតបញ្ជាក់ពីអាជ្ញាធរភូមិ-ឃុំ ហើយការធ្វើសំបុត្រពីភូមិ-ឃុំមានលក្ខណៈស្មុគស្មាញច្រើន ចំណាយពេលវេលា និងថវិកា៖ «ចេញចូលតាមព្រំដែនធ្វើឲ្យយើងស្រួលគ្រប់គ្រងច្រកព្រំដែននីមួយៗ កុំឲ្យយើងចេញចូលតាមអំពើចិត្តបរបាញ់សត្វ។ បើឡាវ ចូលមកស្រួល តែបើខ្មែរយើងចូលទៅពិបាក»។

កាលពីព្រឹកថ្ងៃទី១០ មករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ខែត្រស្ទឹងត្រែង និងខែត្រចម្ប៉ាសាក់ ប្រទេសឡាវ បញ្ជាក់ថា ចាប់ពីខែមករា ឆ្នាំ២០១៧ តទៅ រដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពគ្នាអនុញ្ញាតឲ្យពលរដ្ឋរស់នៅតំបន់ព្រំដែនប្រើប្រាស់ប័ណ្ណឆ្លងកាត់ព្រំដែន ដើម្បីសម្រួលទំនាក់ទំនងសេដ្ឋកិច្ចពលរដ្ឋប្រទេសទាំងពីរ៖ «ខ្ញុំសូមអាជ្ញាធរខែត្រ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងកម្លាំងសមត្ថកិច្ចធ្វើការអប់រំផ្សព្វផ្សាយជូនប្រជាជនអំពីការប្រើប្រាស់ប័ណ្ណព្រំដែន»។

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ មើលឃើញថា កម្ពុជា ហាក់ដូចជាដើរយឺតក្នុងការសម្របសម្រួលព្រំដែនប្រទេសទាំងពីរ។ លោកចង់ឃើញសមត្ថកិច្ចពាក់ព័ន្ធ ប្រតិបត្តិការងារសកម្ម អនុវត្តគោលនយោបាយរបស់ថ្នាក់ជាតិឲ្យបានល្អ ជាពិសេសរកមធ្យោបាយផ្តល់ប្រយោជន៍ឲ្យពលរដ្ឋកម្ពុជា ដែលធានាថា ពលរដ្ឋនឹងទទួលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងការទំនាក់ទំនងទាញប្រយោជន៍ពីឡាវ៖ «យើងចង់ឲ្យមានការអនុវត្តស្អាតស្អំត្រឹមត្រូវ មិនមានបញ្ហាយកលុយកាក់អី ដែលផ្ទុយពីគោលការណ៍ ឬគេហៅថាកិច្ចព្រមព្រៀងរួមរវាងកម្ពុជា និងឡាវ។ នេះជាបទពិសោធន៍ពុំមែនលើកទីមួយទេ ដែលបរទេស ពិសេសខាងខ្មែរយើង គេថាកន្ទេលធំច្រឡំដេក ហើយអ្នកខាតប្រយោជន៍នោះ គឺពលរដ្ឋខ្មែរ»។ លោក សន ជ័យ ចង់ឃើញសមត្ថកិច្ចរបស់កម្ពុជា មិនធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋខ្លួនឯង ដូចជាតម្រូវឲ្យបង់ប្រាក់ និងបំពេញឯកសារស្មុគស្មាញ។ លោករិះគន់ថា ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលព្រំដែនរបស់ប្រទេសកម្ពុជា ហាក់ខ្សោយនៅឡើយ ធ្វើឲ្យប្រទេសជាប់ព្រំដែនរបស់កម្ពុជា តែងតែមានប្រៀបជាងទាក់ទិនការទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការជាដើម៕

website_news/2017011907.txt · Last modified: 2017/09/07 11:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki