website_news:2017012301

ភ្នាក់ងារផ្ដល់សេវាពពោះ ផ្ដាច់ទំនាក់ទំនងជាមួយឪពុកម្ដាយ

(http://www.postkhmer.com) Fri, 20 January 2017 Cristina Maza and គង់ មេត្ដា

ភ្នំពេញៈ ទីភ្នាក់ងារសេវាស្រ្តីពពោះឈ្មោះ New Life Global Network បានផ្តាច់ទំនាក់ទំនងជាមួយឪពុកម្តាយជនជាតិហូឡង់ Johan និង Pieter បន្ទាប់ពីកាសែតភ្នំពេញប៉ុស្តិ៍បានចុះផ្សាយព័ត៌មានអំពីបទពិសោធរបស់ពួកគេជាមួយនឹងស្រ្តីផ្តល់សេវាពពោះជនជាតិកម្ពុជា។ New Life អះអាងថាប្តីប្រពន្ធ ២ នាក់នេះបានបំពានលើលក្ខខណ្ឌរក្សាការសម្ងាត់នៅក្នុងកិច្ចសន្យារបស់ពួកគេតាមរយៈការផ្តល់ព័ត៌មានអំពីទំនាក់ទំនងរបស់ពួកគេជាមួយទីភ្នាក់ងារនេះទៅអ្នកកាសែត។

អ៊ីមែលមួយពី New Life ដែលឃើញដោយកាសែត ភ្នំពេញ ប៉ុស្តិ៍ បានសរសេរថា៖ «New Life Global Network LLP នៅទីបំផុតផ្តាច់កិច្ចសន្យាដោយចូលជាធរមានភ្លាមៗ។ ជាមួយគ្នានេះដែរខ្ញុំសូមជម្រាបអ្នកថាអ្នកបកប្រែបានបដិសេធមិនប្រាស្រ័យទាក់ទងជាមួយអ្នក និងស្រ្តីផ្តល់សេវាពពោះរបស់អ្នករួមទាំងមន្ទីរពេទ្យបដិសេធមិនផ្តល់សេវាគាំពារពេលមានផ្ទៃពោះ និងឆ្លងទន្លេដល់អ្នក»។

អត្ថបទដើមបានប្រាប់អំពីសាច់រឿងនៃរបៀបដែលប្តីប្រពន្ធជនជាតិហូឡង់នេះស្វែងរកស្រ្តីពពោះរបស់ពួកគេបន្ទាប់ពីភ្នាក់ងារនេះបានបដិសេធមិនភ្ជាប់ទំនាក់ទំនងរបស់ពួកគេជាមួយនាង។ អត្ថបទនោះបានរៀបរាប់ផងដែរអំពីការប្រាស្រ័យទាក់ទងរបស់ប្តីប្រពន្ធនេះជាមួយនឹងទីភ្នាក់ងារនេះបន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជាចេញប្រកាសហាមប្រាមមិនឲ្យមានឧស្សាហកម្មនេះកាលពីខែតុលា។

ប្រទេសកម្ពុជាបច្ចុប្បន្ននេះមិនមានច្បាប់ដាក់បញ្ញត្តិលើសេវាពពោះបែបពាណិជ្ជកម្មនេះទេ ប៉ុន្តែរដ្ឋាភិបាលបាននិយាយថាខ្លួនគ្រោងនឹងធ្វើសេចក្តីព្រាងច្បាប់មួយដើម្បីហាមប្រាមមិនឲ្យមានឧស្សាហកម្មនេះនាឆ្នាំនេះ។

អត្ថបទនេះបានលើកឡើងអំពីអ៊ីមែលពី New Life ដែលបង្ហាញថាទីភ្នាក់ងារនេះកំពុងលាក់បាំងយ៉ាងសកម្មចំពោះការងាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដោយសារមានការប្រកាសហាមឃាត់មិនឲ្យមានសេវាពពោះ។

កិច្ចសន្យារបស់ប្តីប្រពន្ធ ២ នាក់នេះជាមួយទីភ្នាក់ងារដែលធ្វើឡើងនៅទីក្រុង ប៊ីលិស៊ី ប្រទេស ហ្សកហ្ស៊ី កាលពីខែ ឧសភា ឆ្នាំ ២០១៦ ចែងថាព័ត៌មានណាក៏ដោយដែលដាក់ដោយភាគីទៅវិញទៅមកមិនអាចផ្ទេរទៅភាគីទីបីដោយគ្មានការព្រមព្រៀងជាលាយលក្ខណ៍អក្សរជាមុននោះទេ។ ទីភ្នាក់ងារឥឡូវនេះកំពុងកាត់ផ្តាច់ទំនាក់ទំនងជាមួយប្តីប្រពន្ធនេះភ្លាមៗ។ នេះបើតាមអ៊ីមែលដែលទទួលបានដោយភ្នំពេញប៉ុស្តិ៍។

Pieter បានថ្លែងថា៖ «ពួកគេទើបតែចេញពីរឿងទាំងមូល។ ប៉ុន្តែពួកគេមិនមែនកំពុងធ្វើអ្វីមួយ [ដើម្បីជួយយើងទេ] ដូច្នេះវាពិតជាមិនអាចផ្លាស់ប្តូរច្រើនទេ»។ ប្តីប្រពន្ធទាំង ២ នាក់នេះបានអះអាងថាទីភ្នាក់ងារនេះបានធ្វើឲ្យពួកគេមានការយល់ច្រឡំអំពីភាពស្របច្បាប់នៃឧស្សាហកម្មផ្តល់សេវាពពោះនៅកម្ពុជាដោយលាក់ព័ត៌មានអំពីការហាមប្រាមមិនឲ្យមានសេវានេះ។

ស្រ្តីផ្តល់សេវាពពោះជនជាតិកម្ពុជាដែលពាក់ព័ន្ធក្នុងករណីនេះបានបញ្ជាក់ពីម្សិលមិញថាអ្នកនាងត្រូវបានទាក់ទងដោយទីភ្នាក់ងារ New Life ហើយបានជម្រាបថាទីភ្នាក់ងារនេះនឹងលែងនិយាយជាមួយអ្នកនាង ឬផ្តល់ការពិនិត្យសុខភាពតាមកាលកំណត់ទៀតហើយ។ អ្នកនាងបានថ្លែងដោយសំដៅទៅមន្ទីរពេទ្យដែលអ្នកនាងកំពុងទទួលការស្កេនថា៖ «ខ្ញុំបារម្ភខ្លាំងណាស់ឥឡូវនេះពីព្រោះពួកគេនិយាយថាពួកគេនឹងលែងឲ្យមន្ទីរពេទ្យកាល់ម៉ែតព្យាបាលខ្ញុំទៀតហើយ»។ តំណាងពីទីភ្នាក់ងារ New Life មិនអាចទាក់ទងសុំអត្ថាធិប្បាយបាន៕ PS

website_news/2017012301.txt · Last modified: 2017/09/07 11:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki