website_news:2017012302

អ្នកជួល និងអ្នកស៊ីឈ្នួលពពោះ កំពុងប្រឈមនឹងឧបសគ្គស្មុគស្មាញជាច្រើន

(http://www.postkhmer.com) Mon, 23 January 2017 Cristina Maza and គង់ មេត្ដា

ដោយក្ដីទន្ទឹងរង់ចាំព្រមទាំងចិត្តអន្ទះសាផងធ្វើឲ្យស្ដ្រីមានផ្ទៃពោះឈ្មោះអ្នកស្រី បុប្ផា មិនបានគេងអស់ពីរយប់។ នៅពេលរថយន្តភីកអាប់ (SUV) បានចូលមកដល់មុខផ្ទះរបស់គាត់ អ្នកស្រីបានស្ទុះចេញពីផ្ទះដោយគ្មានការស្ទាក់ស្ទើររួចបើកទ្វាររថយន្តខាងក្រោយចូលទៅអង្គុយនៅកៅអីជិតបុរសជនជាតិហូឡង់ដ៍ម្នាក់ ដែលបានធ្វើដំណើរក្នុងចម្ងាយផ្លូវ ៦០០០ ម៉ាយដើម្បីមកជួបគាត់។ លោកចង់ស្ទុះទៅឱបអ្នកស្រី បុប្ផា ខ្លាំងណាស់ ប៉ុន្តែលោកខ្លាចវាមិនសមរម្យ។ ពួកគេទាំងពីរនាក់មិនដែលបានជួបមុខគ្នាផ្ទាល់ទេពីមុនមក។ ប៉ុន្តែនៅពេលនេះលោកបានអង្គុយនៅពីមុខស្ត្រីម្នាក់ដែលគាត់បានចំណាយប្រាក់ដើម្បីឱ្យពពោះជំនួសសម្រាប់កូនរបស់គាត់។ គាត់ចាប់ផ្តើមសួរតាមរយៈអ្នកបកប្រែថា៖ «តើអ្នកមានអារម្មណ៍យ៉ាងម៉េច? តើទារកនៅក្នុងផ្ទៃនោះយ៉ាងម៉េចដែរ?»។ អ្នកស្រីឆ្លើយថា៖«ខ្ញុំដេកមិនសូវបានប៉ុន្មានទេព្រោះទារកនៅក្នុងផ្ទៃវាធាក់ខ្លាំងពេក» ។ អ្នកស្រីបានប្រាប់អំពីអាការដែលគាត់ចាញ់កូនគឺគាត់ឃ្លាននំបុ័ងខ្លាំងមែនទែន។

នៅពេលដែលលោក Johan និងដៃគូរបស់គាត់លោក Pieter បានសម្រេចចិត្តដើម្បីក្លាយជាឪពុកម្តាយគេ ពួកគាត់ទាំងពីរមិនបានគិតថានៅទីបំផុតពួកគាត់អាចមានកូន ដោយជាប់ហ្ស៊ែនជាមួយម្នាក់ក្នុងចំណោមពួកគាត់នោះទេ។ ពួកគាត់បានដឹងថាគូស្នេហ៍ស្រឡាញ់ភេទដូចគ្នាដទៃទៀតពួកគេមានកូនតាមរយៈអាជីវកម្មស៊ីឈ្នួលពពោះជំនួសដែលស្ត្រីម្នាក់ត្រូវបានគេជួលឲ្យពពោះជំនួស ប៉ុន្តែទារកនោះមិនមែនជាកម្មសិទ្ធិរបស់នាងទេ។ ដូច្នេះពួកគាត់បានទៅរកភ្នាក់ងារផ្តល់សេវាកម្មស៊ីឈ្នួលពពោះជំនួសឈ្មោះ New Life Asia ដែលជាសាខាមួយរបស់បណ្តាញ New Life Global Network ពិភពលោក។

លោក Johan បានពន្យល់ថា៖ «នៅក្នុងស្ថានភាពនេះយើងត្រូវតែផ្ទេរប្រាក់ឲ្យគេជាមុនដូច្នេះទើបខ្ញុំមានការព្រួយបារម្ភខ្លាចគេបោកប្រាស់ ហើយខ្ញុំបានទៅរកភ្នាក់ងារស៊ីឈ្នួលពពោះជំនួស ដែលមិត្តភក្តិរបស់ខ្ញុំបានប្រើសេវារបស់គេកាលពីឆ្នាំមុន»។ លោក Pieter បានបន្ថែមថា៖ «ខ្ញុំចង់ធ្វើវានៅប្រទេសលោកខាងលិចដែរដូចជាអាមេរិក ឬកាណាដា ប៉ុន្តែវាមានតម្លៃប្រហែល ១៥ ម៉ឺនដុល្លារឯណោះ ខណៈការជួលស្ត្រីឲ្យពពោះជំនួសនៅកម្ពុជាមានតម្លៃប្រហែល ៥ ម៉ឺនដុល្លារ។

ភ្នាក់ងារផ្តល់សេវាពពោះជំនួស New Life Asia បានរៀបចំអ្នកស្រី បុប្ផា ជនជាតិខ្មែរអាយុ ៣៥ ឆ្នាំម្នាក់មកពីខេត្តកំពង់ស្ពឺឲ្យពពោះជំនួសតាមរយៈការចាក់អំប្រ៊ីយ៉ុងដែលយកពីមេជីវិតឈ្មោលរបស់លោក Johan និងស៊ុតបង្កកំណើតពីស្ដ្រីជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ដើមកំណើតហូឡង់ដ៍។ លោក Johan និងអ្នកផ្តល់ស៊ុតបង្កកំណើតស្ត្រីបានជួបគ្នានៅឯមន្ទីរព្យាបាលកម្ពុជា (FCC) ក្នុងរាជធានីភ្នំពេញកាលពីឆ្នាំមុន។ វាជាការធ្វើដំណើរលើកដំបូងបំផុតរបស់គាត់មកកាន់ទ្វីបអាស៊ី ។ ការសន្ទនារបស់ពួកគាត់មានរយៈពេលប្រមាណ ១៥ នាទី ដែលត្រូវបានសម្របសម្រួលដោយអ្នកបកប្រែមកពីភ្នាក់ងារ New Life។

លោក Johan បញ្ជាក់ថា៖ «ខ្ញុំចង់ដឹងថាតើគាត់ពិតជាចង់ធ្វើការនេះមែន ឬមិនមែនហើយថាអ្វីទៅដែលជាមូលហេតុ?»។ អ្នកស្រី បុប្ផា បានអះអាងប្រាប់លោក Johan ថា គាត់ជាអ្នកស្ម័គ្រចិត្តធ្វើជាអ្នកពពោះជំនួសនេះប៉ុន្តែគាត់មិនបានប្រាប់លោក Johan ថាគាត់ធ្វើនេះគឺដើម្បីប្រាក់នោះទេ។ ប្រាក់ចំនួន ៣០០ ដុល្លារក្នុងមួយខែដែលអ្នកស្រីទទួលបានក្នុងនាមជាម្តាយស៊ីឈ្នួលពពោះជំនួសឱ្យគេនេះ គឺធ្វើឲ្យអ្នកស្រីបោះបង់ការងារនៅរោងចក្រកាត់ដេរហើយអ្នកស្រីចង់ចាប់ផ្តើមធ្វើអាជីវកម្មផ្ទាល់ខ្លួនមួយ បន្ទាប់ពីកូនប្រុសនៅក្នុងផ្ទៃអ្នកស្រីសម្រាលរួចរាល់នៅក្នុងខែមេសាខាងមុខ។

អំប្រ៊ីយ៉ុងត្រូវបានគេផ្សាំបញ្ចូលខ្លួនអ្នកស្រី បុប្ជា នៅប្រាំថ្ងៃក្រោយនៅឯមន្ទីរសម្រាកព្យាបាលកម្ពុជា (FCC)។ បន្ទាប់ពីនោះមកកិច្ចការដែលនៅសេសសល់គឺភ្នាក់ងារជាអ្នកជួយសម្រួល។ លោក Johan គ្រាន់តែត្រូវបង់ប្រាក់រំលស់ប្រចាំខែ និងរង់ចាំស្តាប់ដំណឹងពីកូនរបស់គាត់តែប៉ុណ្ណោះ។ ប៉ុន្តែលោក Johan និងលោក Pieter មិនបានដឹងថា រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមបង្ក្រាបករណីធ្វើអាជីវកម្មស៊ីឈ្នួលពពោះជំនួសនេះទេ។ ដោយព្យាយាមលាក់បាំងសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ភ្នាក់ ងារនេះបានស្នើសុំឲ្យឪពុកម្តាយដែលមានបំណងចង់បានកូនតាមរយៈការពពោះជំនួសនេះគឺមិនឱ្យទាក់ទងមកពួកគេទេ ប៉ុន្តែសម្រាប់អ្នកស្រី បុប្ផា បន្ទាប់ពីពពោះអស់រយៈពេលប៉ុន្មានខែកន្លងមកនេះគាត់អាចទាក់ទងតំណាងរបស់ពួកគេបាន។

អ្នកស្រី បុប្ជា បានឲ្យដឹងថាមានមនុស្សម្នាក់មកពីភ្នាក់ងារ New Life បានទូរស័ព្ទមកគាត់មួយខែម្តងដោយប្រើលេខទូរស័ព្ទឯកជន ប៉ុន្តែការហៅទូរស័ព្ទបានបញ្ឈប់នៅចុងខែតុលាបន្ទាប់ពីក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសហាមឃាត់មិនឲ្យមានករណីស៊ីឈ្នួលពពោះជំនួសនេះ។ អ្នកដែលធ្លាប់បានទាក់ទងមកអ្នកស្រីបានប្រាប់គាត់ថាគេឈប់ធ្វើការនៅក្នុងភ្នាក់ងារ New Life ទៀតហើយ ប៉ុន្តែបានបដិសេធមិនផ្តល់លេខទូស័ព្ទផ្សេងដើម្បីឲ្យអ្នកស្រីទាក់ទងទៅទេ។ ទន្ទឹមនឹងនេះដែរទីភ្នាក់ងារ New Life បានបដិសេធមិនអនុញ្ញាតឱ្យអ្នកស្រី បុប្ផា និងលោក Johan ទាក់ទងគ្នានោះទេ។ អ្នកស្រី បុប្ជា ពន្យល់ថា៖ «ខ្ញុំបានផ្ដល់ព័ត៌មានឱ្យភ្នាក់ងារនោះតាមរយៈហ្វេសប៊ុកផ្ទាល់របស់ខ្ញុំដូច្នេះឪពុកកូនក្នុងផ្ទៃខ្ញុំគាត់អាចទាក់ទងមកខ្ញុំបានប៉ុន្តែពួកគេមិនប្រាប់ទំព័រហ្វេសប៊ុករបស់ខ្ញុំទៅឲ្យគាត់ទេ»។

ខណៈដែលលោក Johan និង Pieter កំពុងរត់ឯកសារដើម្បីបញ្ជូនកូនរបស់ពួកគេទៅប្រទេសហូឡង់ដ៍បន្ទាប់ពីសម្រាលរួចរាល់នោះភ្នាក់ងារនេះបានផ្តល់ការណែនាំតិចតួចបំផុត។ ពេលវេលាចេះតែកន្លងទៅបុរសទាំងពីរមានការខ្វល់ខ្វាយយ៉ាងខ្លាំងព្រោះពួកគាត់ភ័យខ្លាចមិនអាចនាំយកកូនរបស់ពួកគាត់ទៅផ្ទះគាត់បានហើយអ្នកស្រី បុប្ជា ចាប់ផ្តើមមានការព្រួយបារម្ភខ្លាចឪពុកម្តាយរបស់ទារកនេះមិនមកទទួល។ អ្នកស្រី បុប្ផា និយាយថា៖ «ខ្ញុំមិនបានឮដំណឹងអ្វីពីភ្នាក់ងារនោះចាប់តាំងពីខែវិច្ឆិកាមករហូតដល់ខែធ្នូដូច្នេះខ្ញុំមានគម្រោងរួចហើយថា នឹងចិញ្ចឹមកូននេះដោយខ្លួនឯង»។ មុនពេលឪពុកម្តាយដែលជួលឲ្យគេពពោះជំនួសអាចចាកចេញពីប្រទេសកម្ពុជាជាមួយនឹងកូនរបស់ពួកគេបានឪពុកម្តាយត្រូវតែមានសំបុត្រកំណើតពីមន្ត្រីក្នុងមូលដ្ឋានត្រូវបកប្រែ និងធ្វើឲ្យស្របច្បាប់ដោយក្រសួងការបរទេស។

នៅក្នុងករណីរបស់លោក Johan និង Pieter ឯកសារបញ្ជាក់អត្ដសញ្ញាណ និងស្ថានភាពគ្រួសាររបស់ម្តាយដែលស៊ីឈ្នួលពពោះជំនួសក៏ត្រូវទាមទារឲ្យមានដែរ ដើម្បីផ្ទេរសញ្ជាតិហូឡង់ដ៍ដល់កូននោះមុនពេលកើតហើយម្តាយដែលស៊ីឈ្នួលពពោះជំនួសត្រូវតែចុះហត្ថលេខាលើឯកសារមួយ ដើម្បីផ្ទេរសិទ្ធិធ្វើជាអាណាព្យាបាលកូនទៅឲ្យឪពុកម្តាយជួលឲ្យពពោះជំនួសនេះ។ ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះក្រសួងបានចាប់ផ្តើមធ្វើ ការយ៉ាងសកម្មដើម្បីកំណត់ឲ្យបាននូវករណីស៊ីឈ្នួលពពោះ និងទប់ស្កាត់មិនឲ្យចេញឯកសារចាំបាច់មួយចំនួន។

ខណៈដែលលោក Johan និង Pieter បានព្យាយាមស្វះស្វែងតាមផ្លូវច្បាប់ដើម្បីឲ្យបានសញ្ជាតិជាពលរដ្ឋហូឡងដ៍សម្រាប់កូននៅក្នុងផ្ទៃរបស់ពួកគេនោះ វាបានក្លាយជារឿងច្បាស់លាស់មួយដែលថាអ្វីៗគឺមិនត្រឹមត្រូវ។ ពួកគេបានផ្ទេរប្រាក់ ២៧ ០០០ ដុល្លារទៅក្នុងគណនីធនាគារ Georgian ដែលជាផ្នែកមួយនៃកញ្ចប់ថវិការួមបញ្ចូលទាំងការគាំទ្រផ្នែកច្បាប់ផងដែរ ប៉ុន្តែមេធាវីរបស់ភ្នាក់ងារ New Life បានផ្តល់ឱ្យពួកគេនូវបុរសម្នាក់ដែលមានឈ្មោះថា Phary Duch ដែលបានដើរតួនាទីដូចជាកំពុងធ្វើអ្វីៗសម្រាប់ពួកគេអ៊ីចឹង។

មេធាវីក៏បានប្រាប់ទៅបុរសទាំងពីរនោះថាគាត់មិនខ្វល់អំពីអារម្មណ៍របស់ពួកគេនោះទេ។ បន្ទាប់ពីព្យាយាមម្តងហើយម្តងទៀតពួកគាត់ហាក់មានអារម្មណ៍ថាមិនទទួលបានការគោរពពីមេធាវីនោះទេហើយបុរសទាំងពីរបានទាក់ទងអ្នកគ្រប់គ្រងភ្នាក់ងារ New Life ប្រចាំតំបន់អាស៊ីអ្នកស្រី Nana Tskhondia ដោយផ្ទាល់។

Pieter ថ្លែងថា៖ «យើងបាននិយាយជាមួយលោកស្រី Nana តាមប្រព័ន្ធ Skype និងបានពន្យល់ពីឯកសារដែលយើងត្រូវការ ប៉ុន្តែភ្នាក់ងារ [New Life] មិនចង់ឲ្យមានឯកសារណាមួយត្រូវបានបោះត្រាដោយរដ្ឋាភិបាលនោះទេ។ ពេលនោះបានធ្វើឱ្យខ្ញុំចាប់ផ្តើមមានការសង្ស័យភ្លាមៗតែម្តង។ គេបាននិយាយថាវាមិនមែនជារឿងខុសច្បាប់នោះទេ ប៉ុន្តែជាក់ស្តែងវាក៏មិនស្របច្បាប់ដែរ»។ ក្រោយមកមិនយូរប៉ុន្មានបុរសទាំងពីរបានដឹងថាករណីស៊ីឈ្នួលពពោះជំនួសគឺត្រូវជិតបានគេដាក់ឲ្យជាករណីខុសច្បាប់ទៅហើយនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងសប្តាហ៍នេះកាសែតភ្នំពេញប៉ុស្តិ៍បានព្យាយាមទាក់ទងទៅលោកស្រី Tskhondia តាមទូរស័ព្ទ និងអ៊ីមែល ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ។

លោក Pieter ថ្លែងថា៖ «យើងបានឮអំពីការហាមឃាត់នេះហើយពេលនេះលោកដឹងថាវាជាមូលហេតុដែលពួកគេតែងតែព្យាយាមពន្យារពេលរហូតមក។ ពួកយើងមានអារម្មណ៍ថាពួកយើងដូចជាវិលវល់អស់ហើយ»។ មួយខែបន្ទាប់ពីដំណឹងនៃការហាមឃាត់បានលេចឮជាសាធារណៈភ្នាក់ងារ New Life បានអ៊ីមែលប្រាប់អតិថិជនរបស់ខ្លួនថាកំពុងដោះស្រាយការផ្លាស់ប្តូរក្របខ័ណ្ឌច្បាប់មួយចំនួននៅក្នុងប្រទេសកម្ពុជា។

នៅក្នុងអ៊ីមែល មួយដែលកាសែតភ្នំពេញប៉ុស្តិ៍ទទួលបានភ្នាក់ងារនេះបានអះអាងថាករណីពពោះជំនួសដែលមិនមែនជាលក្ខណៈធ្វើអាជីវកម្ម ឬគេស្គាល់ថាជាការពពោះជំនួសដែលគិតពីប្រយោជន៍អ្នកដទៃគឺនៅតែស្របច្បាប់នៅក្នុងប្រទេសកម្ពុជាហើយកិច្ចសន្យារវាងម្តាយដែលពពោះជំនួស និងឪពុកម្តាយដែលជួលឲ្យគេពពោះជំនួសដែលបង្ហាញថាកិច្ចសន្យានោះគឺធ្វើឡើងដោយគ្មានការផ្លាស់ប្តូរដើម្បីប្រាក់។ តាមរយៈអ៊ីមែលដែលបានផ្ញើទៅឪពុកម្តាយជាអ្នកដែលជួលឲ្យគេពពោះជំនួសមានអត្ថន័យថា៖ «សេចក្ដីពិតអំពីករណីពពោះជំនួសគឺថាឥឡូវនេះវាត្រូវបានគេដាក់កម្រិតឲ្យមានលក្ខណៈត្រឹមត្រូវ និងត្រូវបានអនុញ្ញាតសម្រាប់ហេតុផលដែលមិនមែនជាការធ្វើអាជីវកម្ម ខណៈពេលដែលការបរិច្ចាគមេ ជីវិត/ស៊ុត សម្រាប់ការពពោះជំនួសត្រូវបានហាមឃាត់សម្រាប់ហេតុផលនៃការធ្វើអាជីវកម្ម។ នេះជាហេតុផលដែលអនុញ្ញាតឱ្យភ្នាក់ងារ New Life នៅបន្តទទួលយកកម្មវិធីបរិច្ចាគស៊ុត/មេជីវិតសម្រាប់ការពពោះជំនួសពីឪពុកម្តាយដែលមានបំណងចង់បានកូនតាមវិធីនេះ។ ដោយហេតុផលនេះយើងបានកែសម្រួលកិច្ចសន្យារវាងម្តាយដែលពពោះជំនួស និងឪពុកម្តាយដែលចង់បានកូនតាមរយៈវិធីនេះហើយយើងបានកែសម្រួលវាបានដោយជោគជ័យ ដើម្បីធានាថាវាបានអនុលោមទៅតាមតម្រូវការថ្មីនៃការពពោះជំនួសដែលមិនមែនជាការធ្វើអាជីវកម្ម»។ អ៊ីមែលនោះក៏បានបញ្ជាក់ផងដែរថាលោកស្រី Mariam Kukunashvili ដែលជាស្ថាបនិករបស់ភ្នាក់ងារ New Life អាចមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ១៤ ខែវិច្ឆិកាដើម្បីជួបជាមួយ «ស្ថាប័នដែលពាក់ព័ន្ធ និងគ្លីនិកដែលជាដៃគូ»។ លោកស្រី Kukunashvili បានអះអាងម្តងហើយម្តងទៀតថាភ្នាក់ងារ New Life បានចាកចេញពីកម្ពុជាកាលពីពាក់កណ្ដាលឆ្នាំ ២០១៦ ហើយថាភ្នាក់ងារមួយនេះមិនមានប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជាទៀតទេ។ សំណួរដែលបានផ្ញើជូនលោកស្រី Kukunashvili នៅក្នុងសប្តាហ៍នេះតាមអ៊ីមែលគឺមិនមានការឆ្លើយតបទេទោះបីជាយ៉ាងណានៅក្នុងបទសម្ភាសមួយជាមួយជនជាតិហូឡង់ដ៍ ដែលត្រូវបានចេញផ្សាយរួចលោកស្រី Kukunashvili បានឱ្យដឹងថាបច្ចុប្បន្ននេះមានករណីពពោះជំនួសចំនួន ៣៤ ករណី។

នៅថ្ងៃទី ២៤ ខែវិច្ឆិកាបន្ទាប់ពីមានករណីចាប់ខ្លួនជនជាតិអូស្ត្រាលីម្នាក់ពាក់ព័ន្ធនឹងករណីពពោះជំនួស ឪពុកម្តាយដែលជួលឲ្យគេពពោះជំនួសបានទទួលអ៊ីមែលមួយផ្សេងទៀត ដែលបានបង្ហាញថាភ្នាក់ងារនេះកំពុងព្យាយាមយ៉ាងខ្លាំងដើម្បីលាក់បាំងការងាររបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។ អ៊ីមែលនោះ កាសែតភ្នំពេញ ប៉ុស្តិ៍ ក៏បានឃើញដែរ ដែលបានពន្យល់ថាមេធាវីរបស់ភ្នាក់ងារ New Life បានផ្តល់អនុសាសន៍ថា ភ្នាក់ងារនេះបានកាត់បន្ថយទំនាក់ទំនងជាមួយឪពុកម្តាយដែលជួលឲ្យគេពពោះជំនួសហើយបុគ្គលិកនៅក្នុងមូលដ្ឋានកំពុងធ្វើការ ដើម្បីលាក់បាំងភ័ស្ដុតាងនៃការជាប់ពាក់ព័ន្ធរបស់ពួកគេជាមួយនឹងភ្នាក់ងារមួយនេះ។ ដើម្បីធ្វើឱ្យពួកគេស្ងប់ចិត្ត ប្រធានការិយាល័យកណ្តាលរបស់ភ្នាក់ងារ New Life បានអនុញ្ញាតឱ្យពួកគេផ្លាស់ប្តូរអាសយដ្ឋានអ៊ីមែល និង លេខទូរស័ព្ទដូច្នេះសូមកុំមានការងឿងឆ្ងល់ប្រសិនបើអ្នកទទួលបានអ៊ីមែលពីឈ្មោះ សាវតី,លីនដា និងសុជាតានៅក្រោមឈ្មោះផ្សេងគ្នាដោយមិនមានការបញ្ជាក់ពី New Life។ បន្ទាប់ពីទទួលបានអ៊ីមែលលោក Johan និង Pieter មានការព្រួយបារម្ភ។ លោក Pieter ថា៖ «ពីរសប្តាហ៍ដំបូងបន្ទាប់ពីយើងបានឮដំណឹងអំពីការហាមឃាត់នេះពួកយើងពិតជាមានអារម្មណ៍តានតឹងខ្លាំងណាស់។ យើងមិនដឹងថាតើម្តាយដែលពពោះជំនួសនោះត្រូវបានគេប្រព្រឹត្តចំពោះគាត់យ៉ាងម៉េចទេ ឬក៏ចាត់ទុកថាស្របច្បាប់»។ ពួកគាត់ចាប់ផ្តើមគិតថាតើអ្នកស្រី បុប្ផា នឹងទៅលាក់ខ្លួន ឬក៏គាត់សម្រេចចិត្តពន្លូតកូននោះចេញដោយសារតែការភ័យខ្លាច។ ពួកគាត់ពិតជាចង់និយាយជាមួយអ្នកស្រី បុប្ជា និងចង់ប្រាប់គាត់ថាពួកគេនឹងថែរក្សាគាត់ និងកូននោះ ប៉ុន្តែភ្នាក់ងារ New Life មិនអើពើទៅនឹងសាររបស់ពួកគេដែលបានស្នើសុំលេខទំនាក់ទំនងជាមួយអ្នកស្រី បុប្ជា ទេ។ Johan មានជំងឺគាំងបេះដូងកាលពីឆ្នាំមុនគឺភាពតានតឹងអាចជាមូលហេតុមួយដែលធ្វើឲ្យគាត់មានជំងឺនេះផងដែរ។ Pieter និយាយថា៖ «អ្នកត្រូវតែជួបប្រទះភាពតានតឹងខ្លះនៅក្នុងអំឡុងពេលមានផ្ទៃពោះ»។ Johan តបថា៖ «ប៉ុន្តែភាពតានតឹងគឺវាច្រើនពេក»៕ PS

website_news/2017012302.txt · Last modified: 2017/09/07 11:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki