website_news:2017012303

ជំនួញជនចំណាកស្រុកនៅព្រំដែនថៃលាក់មនុស្សក្នុងព្រៃ

(https://kohsantepheapdaily.com.kh) ដោយ ៖ ម៉ុត សារុន ថ្ងៃសៅរ៏ (21-01-2017 13:27)

ខេត្ដបន្ទាយមានជ័យ ៖ ពលករខ្មែររាប់សិបនាក់ត្រូវបានគេលាក់ទុកក្នុងដីថៃ ដើម្បីរង់ចាំរថយន្តមកដឹកបន្តដំណើរទៅតាមបណ្តាខេត្តនានាក្នុងប្រទេសថៃ បន្ទាប់ពីការលួចឆ្លងដែនដោយរលូនតាមស្ពាន ដែលគេធ្វើពីឈើ កាត់អូរព្រំដែន ។ គេមិនបានស្គាល់ភូមិសាស្ត្រខាងទឹកដីថៃនោះទេ ចំណែកខាងទឹកដីខ្មែរដែលនៅទល់មុខគ្នានោះ គឺភូមិបឹងរាំង ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ដែលនៅទីនោះគ្រប់គ្រងដោយយោធា (ខ២) សឹករងម៉ាឡៃ ។ ពលករទាំងនេះមានគ្នាប្រហែល៤០ទៅ៥០នាក់ មានតាំងពីក្មេងនៅបៅ អង្គុយព្រោងព្រាតតាមមាត់អូរក្នុងដីថៃ ប៉ុន្តែមួយចំនួនទៀតត្រូវបានគេលាក់ទុកក្នុងចំការអំពៅដោយមានសំឡេងឮរញៀវ ។ នៅទីនោះក៏មានទាំងអ្នកលក់ទឹក លក់នំចំណីទៀតផង ។ តាមរយៈការសាកសួររបស់អ្នកយកព័ត៌មាន ក្រុមពលករទាំងនោះប្រាប់ថា ខ្លះទៅក្រុងបាងកក ខ្លះថាទៅខេត្តផ្សេងៗ ដើម្បីរកការងារធ្វើ ។

ពលករម្នាក់មិនប្រាប់ឈ្មោះ បាននិយាយថា រូបគេមកពីភូមិអូរម៉ាល់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឆ្លងដែនតាមរយៈមេខ្យល់ក្នុងគោលបំណងទៅខេត្តឈុនបូរី ដើម្បីធ្វើការជាកម្មករសំណង់ ។ ដោយឡែកស្ត្រីម្នាក់មានកូនតូចទៅជាមួយ និយាយថា ដោយសាគ្រួសារនាងជួបបញ្ហាខ្វះខាតជីវភាព ទើបបង្ខំចិត្តចាកចេញពីស្រុក នាំកូនទៅរកការងារធ្វើលើទឹកដីថៃ ។

ក្រុមពលករបាននិយាយចេញពីមាត់ស្ទើរតែគ្រប់គ្នាខ្លាំងៗថា ការងារនៅស្រុកខ្មែរមិនអត់ទេ ប៉ុន្តែបានកម្រៃថោក ទើបពួកគេទៅធ្វើការនៅទឹកដីថៃវិញ ។ នៅកន្លែងនោះដែរ គេឃើញបុរសម្នាក់សង្ស័យជាសមត្ថកិច្ច ប៉ុន្តែស្លៀកពាក់ស៊ីវិលដេកក្នុងអង្រឹងនៅទីនោះ ។ លុះអ្នកយកព័ត៌មានថតយករូបភាព បែរជាឡូឡាថា គេនឹងប្រមូលពលករទាំងនោះត្រឡប់មកខ្មែរវិញទាំងអស់ ថតធ្វើអី ?

ជុំវិញករណីខាងលើ មន្ត្រីយោធាប្រចាំភូមិសាស្ត្រកើតហេតុ មិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចុចចូលគ្មានអ្នកទទួល ៕

website_news/2017012303.txt · Last modified: 2017/09/07 11:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki