website_news:2017012305

មន្ត្រីរដ្ឋាភិបាលថាពលករខ្មែរនៅកូរ៉េជួយសេដ្ឋកិច្ចប្រទេសជាតិនិងកាត់បន្ថយភាពក្រីក្រ

(http://www.rfa.org/khmer/news) ដោយ ខែ សុណង 2017-01-21

មន្ត្រីរដ្ឋាភិបាលអះអាងថា ពលករចំណាកស្រុកដែលកំពុងបំពេញការងារនៅក្រៅប្រទេសបច្ចុប្បន្ន បានជួយសេដ្ឋកិច្ចប្រទេសជាតិយ៉ាងច្រើន។ ទន្ទឹមនឹងគ្នានេះ សង្គមស៊ីវិលដែលធ្វើការលើកស្ទួយសិទ្ធិពលករចំណាកស្រុក ស្នើឲ្យស្ថាប័នពាក់ព័ន្ធពង្រឹងយន្តការច្បាប់គាំពារពលករខ្មែរដែលកំពុងបំពេញការងារនៅក្រៅប្រទេស ដើម្បីកាត់បន្ថយហានិភ័យ និងការរំលោភសិទ្ធិការងារ។ ដោយឡែកទីភ្នាក់ងារអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងការងារកូរ៉េខាងត្បូង ដែលជាប្រទេសមួយទទួលពលករខ្មែរក្នុងចំណោមពលករពីប្រទេសដទៃទៀត បានផ្ដល់ចំណាត់ថ្នាក់លេខ១ ដល់ពលករកម្ពុជា ថាជាពលករមានអត្តចរិតអត់ធ្មត់ តស៊ូ និងមានភាពអំណត់ក្នុងការងារ។ មួយឆ្នាំៗពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង បានផ្ញើលុយមកឲ្យក្រុមគ្រួសារនៅប្រទេសកម្ពុជា មិនតិចជាង ៣០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងចំណោមពលករជាង ៥ម៉ឺននាក់។

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ បានផ្ដល់សម្ភាសន៍ពីប្រទេសកូរ៉េ មកដោយអះអាងថា ជាមធ្យមពលករខ្មែរម្នាក់បានផ្ញើលុយមកអ្នកផ្ទះយ៉ាងហោច ៥០០ដុល្លារក្នុងមួយខែ។ លោកថា នេះជាចំនួនដ៏ច្រើនដែលអាចជួយដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេសជួយសម្រួលដល់ជីវភាពក្រុមគ្រួសាររបស់ពួកគេ។ លោកថា ការបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេស មិនមែនជាការជំរុញឲ្យពលរដ្ឋទៅបម្រើប្រទេសជាតិគេនោះទេ តែផ្ទុយទៅវិញ កម្ពុជាបានទទួលផលប្រយោជន៍ជារួមយ៉ាងច្រើនមកវិញ៖ «ចាក់ចូលទៅក្នុងថវិកានៅក្នុងស្រុក បង្កើនជីវភាពគ្រួសារ បង្កើតជីវភាពជួយខ្លួនគាត់។ ទី២ ដែលសំខាន់ជាងនេះទៅទៀត គឺធនធានមនុស្ស និងវិជ្ជាជីវៈរបស់គាត់»។ លោកឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ឲ្យដឹងថា បច្ចុប្បន្នមានពលករកំពុងធ្វើការនៅប្រទេសកូរ៉េ ចំនួន ៥៣.០០០នាក់ និងពលករមិនស្របច្បាប់ប្រមាណជា ៣ពាន់ ទៅ ៤ពាន់នាក់ផ្សេងទៀត។ ពួកគេទាំងនោះកំពុងធ្វើការក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យសំណង់។ ដោយឡែក ក៏មានស្ត្រីខ្មែររៀបការជាមួយស្វាមីកូរ៉េ ជាង ១ម៉ឺននាក់ និងនិស្សិត ៤០០នាក់កំពុងសិក្សា និងរស់នៅប្រទេសកូរ៉េ។

ចំណែកប្រធានមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក មឿន តុលា ថ្លែងថា លោកមិនបដិសេធទេថា តាមរយៈការចេញទៅធ្វើការនៅក្រៅប្រទេស ពិតណាស់កម្ពុជា នឹងបានទទួលចំណូល ប៉ុន្តែបើគិតពីមួយជ្រុងទៅទៀតនោះ តើពលករខ្មែរបានជួយអ្វីខ្លះទៅដល់សេដ្ឋកិច្ចនៃប្រទេសម្ចាស់ផ្ទះ ដែលពួកគេទៅបម្រើការនោះ? លោកបានឲ្យឧទាហរណ៍ថា នៅប្រទេសថៃ ពលករខ្មែរបានជួយដល់សេដ្ឋកិច្ចថៃ រាប់កោដ្ឋដុល្លារក្នុងមួយឆ្នាំៗ បើសិនជារដ្ឋាភិបាលអាចផ្ដល់ជម្រើសការងារដែលធ្វើបាននៅក្នុងស្រុក ពលករក៏មិនចាំបាច់ចេញទៅក្រៅប្រទេស ដែលពេលនោះ សេដ្ឋកិច្ចជាតិនឹងល្អប្រសើរជាង។ លោក មឿន តុលា៖ «យើងមើលឃើញពលករខ្មែរយើង និងពលរដ្ឋខ្មែរយើងទៅធ្វើការនៅក្រៅប្រទេសហ្នឹង នៅក្នុងការងារដែលគាត់អាចធ្វើបាននៅក្នុងប្រទេស។ ឧទាហរណ៍ថា នៅថៃ គាត់ទៅធ្វើការនៅវិស័យកសិកម្ម ទៅដាំបន្លែឲ្យគេ ទៅបេះបន្លែផ្លែឈើ ទៅមើលចម្ការឲ្យគេ ។ល។ ហើយទៅធ្វើការនៅសំណង់។ បើសិនជាយើងជួយពលរដ្ឋយើង ជួយកសិករឲ្យមានរបបនៅក្នុងស្រុកហ្នឹង ខ្ញុំគិតថា យើងជួយសេដ្ឋកិច្ចក្នុងស្រុកយើងច្រើនជាង ជាជាងបញ្ជូនពលរដ្ឋយើងទៅ»។

ប្រភពពីពលករដែលធ្វើការនៅប្រទេសកូរ៉េ បានឲ្យដឹងថា អ្នកធ្វើផ្នែកកសិកម្មនៅប្រទេសនេះ អាចបានប្រាក់ខែក្នុងមួយខែពី ៧០០ដុល្លារ ដល់ ១.៣០០ដុល្លារ។ ចំណែកអ្នកធ្វើផ្នែកឧស្សាហកម្មអាចបានពី ១.៥០០ដុល្លារ ដល់ ២.៥០០ដុល្លារក្នុងមួយខែ។

ពលករមួយរូបដែលកំពុងធ្វើការនៅប្រទេសកូរ៉េ ខាងផ្នែកកសិកម្ម គឺយុវជន ពៅ មីណា ថ្លែងថា គាត់ទៅធ្វើការនៅប្រទេសនេះជាង ៣ឆ្នាំមកហើយ។ ជារៀងរាល់មួយខែ ឬ ៣ខែម្ដង គាត់តែងផ្ញើប្រាក់ឈ្នួលមកឲ្យម្ដាយរបស់គាត់នៅស្រុកខ្មែរ។ លោកទទួលស្គាល់ថា ក្រៅអំពីប្រាក់ឈ្នួលខ្ពស់ កូរ៉េមានលក្ខខណ្ឌការងារល្អច្រើន ប៉ុន្តែជៀសមិនរួចពីថៅកែកេងប្រវ័ញ្ចកម្លាំងពលករឡើយ។ លោកបន្តថា នៅពេលជួបទុក្ខលំបាកក្នុងការងារ លោកពិបាកនឹងស្វែងរកកិច្ចអន្តរាគមន៍ណាស់។ ជាងនេះទៅទៀត ប្រសិនជាមានសហជីពក្នុងរោងចក្រ ឬស្ថាប័នការងារនោះអាចនឹងជួយសម្រួលដល់ពួកគេថែមទៀត៖ «ជួយដោះស្រាយបញ្ហា ដូចជាំថៅកែធ្វើបាប កេងកិបលុយ វាយដំអីទៅ តេទៅគឺក្រសួង ដោះស្រាយអត់ចេញហ្មង តែបានពួកកូរ៉េ ជឿព្រះយេស៊ូអីនៅព្រះវិហារ គេខំប្ដឹងផ្ដល់ឲ្យយើងជាងអាចឈ្នះក្ដី។ សំណូមពរដាក់ក្រសួងការងារខ្មែរមួយមកបានហើយ ព្រោះខ្ញុំទៅដូរការងារម្ដងៗ ពិបាកណាស់ អត់មានខ្មែរទៅបកប្រែឲ្យទេ ទៅទាំងងងឹតងងល់ហ្មង។ ថៅកែធ្វើបាបភាគច្រើនគឺស្រីៗហ្មង»។

ជុំវិញដំណើរការបញ្ជូនពលករទៅប្រទេសកូរ៉េនេះ ប្រធានមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា មើលឃើញថា ការបញ្ជូនពលករទៅធ្វើការនៅប្រទេសកូរ៉េ មានចំណុចល្អត្រង់ថា ជាការបញ្ជូនតាមរយៈប្រព័ន្ធរដ្ឋនិងរដ្ឋ ដែលជាប្រព័ន្ធច្បាស់លាស់ មានការប្រឡងភាសា និងធ្វើតេស្តត្រឹមត្រូវ ដែលការធ្វើដូច្នេះ នាំឲ្យហានិភ័យនៃការកេងប្រវ័ញ្ច ការរំលោភបំពាន និងការធ្វើបាបមានកម្រិតតិចតួចជាងប្រទេសដែលបញ្ជូនពលករតាមភាគីទី៣ គឺមានន័យថា រដ្ឋផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនជ្រើសរើសជាអ្នកបញ្ជូនទៅប្រទេសភាគីទី៣។ លោក មឿន តុលា អះអាងថា ការអនុវត្តច្បាប់នៅប្រទេសកូរ៉េ ល្អច្រើន សូម្បីតែប្រាក់ឈ្នួលក៏បានខ្ពស់ គឺនៅសេសសល់ចំណុចខ្វះចន្លោះតិចតួចដែលគួរកែលំអ ដើម្បីជួយឲ្យលក្ខខណ្ឌការងារនៅទីនោះកាន់តែមានភាពល្អប្រសើរថែមទៀត ដូចជាពលករគួរតែត្រូវបានអនុញ្ញាតឲ្យបង្កើតសហជីព។ លោកថា សង្គមស៊ីវិលកំពុងធ្វើការជាមួយសហជីពនៅប្រទេសកូរ៉េ ដើម្បីឆ្លើយតបពីសិទ្ធិដែលថា កម្មករ ពលករចំណាកស្រុកត្រូវមានសិទ្ធិចូលរួមសហជីពដើម្បីឲ្យពួកគេមានសិទ្ធិក្នុងការចរចាជាមួយថៅកែពាក់ព័ន្ធនឹងម៉ោងធ្វើការ និងប្រាក់ឈ្នួលរបស់ពួកគេ៖ «សិទ្ធិក្នុងការចូលរួមសហជីពនៅក្នុង MOU ហ្នឹង ហើយនៅក្នុងកិច្ចសន្យាជាមួយជនអន្តោប្រវេសន្តរបស់គេហ្នឹង ពលករចំណាកស្រុក គឺគេមិនអនុញ្ញាតឲ្យចូលរួមសហជីពទេ កន្លែងហ្នឹងដែលខាងសហជីពគេកំពុងតែតស៊ូមតិដើម្បីទាមទារសិទ្ធិ។ នៅកូរ៉េខាងត្បូងនេះ សហជីពនៅកូរ៉េខ្លាំងដែរ សហជីពគេមិនដូចនៅម៉ាឡេស៊ី នៅថៃ អីទេ។ ទោះបីជាច្បាប់ហាមឃាត់ក៏ដោយ មានពេលខ្លះក៏សហជីពអាចជួយបានដែរ អ៊ីចឹងបានជាចេះតែព្យាយាមភ្ជាប់ (Connect) សហជីពនៅកូរ៉េហ្នឹងទៅ។ ពេលខ្លះក៏យើងពឹងឲ្យគេជួយទៅ ពួកហ្នឹងក៏អាចជួយបានខ្លះដែរ។ ឥឡូវគេកំពុងតែទម្លុះឧបសគ្គមួយដែលហាមឃាត់ពលករចំណាកស្រុកក្នុងការចូលរួមសហជីពហ្នឹង»។

តែទោះជាយ៉ាងណា ដំណើរការនៃការតស៊ូមតិឲ្យអាចបង្កើតសហជីពក្នុងរោងចក្រនោះ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ យល់ឃើញថា ការទាមទារខ្លះ អាចនាំឲ្យកូរ៉េអាចនឹងកាត់កូតាក្នុងការផ្ដល់ពលករទៅធ្វើការនៅកូរ៉េ ដែលឆ្នាំ២០១៧ នេះ មានពលករឡាវ ទើបបានបញ្ចូលទៀត។ លោកថា កម្ពុជានៅឆ្នាំ២០១៦ មានកូតាជិត ១ម៉ឺននាក់ ដែលលោកបារម្ភថា នៅឆ្នាំ២០១៧ កម្ពុជាអាចធ្លាក់កូតាក្រោម ៩ពាន់នាក់ ដោយសារមានពលករបរទេសប្រទេសថ្មីៗទៀតចូលមក។ ក្រៅអំពីបានចំណូលខ្ពស់ លោកមានមោទនភាពថា ក្នុងចំណោមពលករពីប្រទេសចំនួន១៥ ដែលធ្វើការនៅប្រទេសកូរ៉េ ទីភ្នាក់ងារអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងការងារកូរ៉េ បានចាត់ទុកពលករកម្ពុជា ជាពលករលេខ១ ដែលថៅកែ និងមេការរោងចក្រជាទូទៅ គេចូលចិត្តពលករកម្ពុជា ទាំងអត្តចរិត ការអត់ធ្មត់ តស៊ូ និងមានភាពអំណត់ក្នុងការងារ៖ «មានការអី ជួយជំរុញគ្នាជាមួយស្ថានទូតមក ដើម្បីជួយជីវភាព និងជួយបញ្ហារបស់ពលករកើតឡើង សុំធ្វើបែបហ្នឹង»។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានឲ្យដឹងកាលពីចុងឆ្នាំ២០១៦ ថា ពលករខ្មែរកំពុងធ្វើការនៅបរទេសមាន ១,១លាននាក់ ក្នុងនោះធ្វើការនៅប្រទេសថៃ ច្រើនជាងគេមានប្រមាណ ១លាននាក់ បន្ទាប់មកគឺនៅកូរ៉េ និងនៅម៉ាឡេស៊ី ជប៉ុន និងប្រទេសសិង្ហបុរី។ នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ របស់ក្រសួងការងារ លោក អ៊ិត សំហេង អះអាងថា នៅឆ្នាំ២០១៥ កន្លងទៅនេះ ជាការប៉ាន់ប្រមាណដោយសុទិដ្ឋិនិយម មិនខ្ពស់ពេក មិនទាបពេក ចំណូលដែលពលករបានសន្សំពីការងារហើយផ្ញើមកប្រទេសវិញ ផ្ញើមកក្រុមគ្រួសារសរុបទៅប្រហែលជាជាង ១ពាន់លានដុល្លារ៕

website_news/2017012305.txt · Last modified: 2017/09/07 11:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki