website_news:2017012306

កូរ៉េ ផ្អាកវគ្គធ្វើតេស្តពិសេស សម្រាប់រើសពលករ

(http://www.postkhmer.com) Mon, 23 January 2017 ទូច សុខា

ភ្នំពេញៈ ភាគីកូរ៉េ បានផ្អាកជាបណ្តោះអាសន្ន ចំពោះការប្រឡងធ្វើតេស្តសមត្ថភាពភាសាកូរ៉េវគ្គពិសេសក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ តាមប្រព័ន្ធកុំព្យូទ័រក្នុងឆ្នាំ ២០១៧ នេះសម្រាប់ពលករដែលធ្លាប់ទៅធ្វើការនៅកូរ៉េ តែថា ពួកគេនៅតែអាចប្រឡងទៅបម្រើការនៅកូរ៉េជាថ្មីជាមួយអ្នកដែលមិនធ្លាប់បានទៅបម្រើការនៅកូរ៉េ។ កន្លងមកអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស នៃសាធារណរដ្ឋកូរ៉េ បានអនុញ្ញាតឲ្យអ្នកដែលធ្លាប់ទៅធ្វើការនៅ កូរ៉េ អាចធ្វើតេស្តសមត្ថភាពបានតាមប្រព័ន្ធកុំព្យូទ័រ ដោយមិនចាំបាច់រង់ចាំប្រឡងជាមួយអ្នកថ្មី។ បើតាមក្រសួងការងារ ការធ្វើតេស្តពិសេសនេះ ធ្វើឡើងសម្រាប់តែអ្នកធ្លាប់ទៅធ្វើការនៅកូរ៉េប៉ុណ្ណោះ។

កាលពីថ្ងៃទី ២០ ខែកមរា ឆ្នាំ ២០១៧ ក្រសួងការងារកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយថា ក្នុងឆ្នាំ ២០១៧ នេះ នឹងមិនមានការធ្វើតេស្តសមត្ថភាពភាសាកូរ៉េតាមប្រព័ន្ធកុំព្យូទ័រសម្រាប់ពលករដែលផុតអាណត្តិនោះទេ។ បើតាមក្រសួងការងារ ការធ្វើតេស្តពិសេសនេះនឹងត្រូវផ្អាកបណ្តោះអាសន្នសិន ហើយការផ្អាកនេះ មិនសម្រាប់តែកម្ពុជាទេ គឺសម្រាប់ទាំង ១៥ ប្រទេស ដែលបញ្ជូនពលកររបស់ខ្លួនទៅកាន់ប្រទេស កូរ៉េ ផងដែរ។ បើតាមព័ត៌មាននៅលើវេបសាយអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស នៃសាធារណរដ្ឋកូរ៉េ (HDR-Korea) ប្រទេសទាំង ១៥ នោះ មានដូចជា វៀតណាម ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន ស្រីលង្កា ម៉ុងហ្គោលី កម្ពុជា នេប៉ាល់ និងបង់ក្លាដែស ជាដើម ហើយបើតាមក្រសួងការងារ ការផ្អាកនេះដោយសារចំនួនកូតាសម្រាប់ពលករវិលត្រឡប់មានចំនួនកំណត់។

អ្នកនាំពាក្យ ក្រសួងការងារ លោក ហេង សួរ បានថ្លែងថា ការធ្វើតេស្តសមត្ថភាពវគ្គពិសេសនេះរៀបចំ បីដងក្នុងមួយឆ្នាំ ដែលខុសពីតេស្តធម្មតា មានតែម្តងក្នុងមួយឆ្នាំ។ ថ្វីដ្បិតតែមានការផ្អាកបែបនេះក្តី ក៏លោកថា ពលករទាំងនោះ នៅតែអាចដាក់ពាក្យប្រឡងទៅធ្វើការនៅកូរ៉េវិញដដែល ដោយប្រឡងជាមួយអ្នកដែលកំពុងរៀនសព្វថ្ងៃ។ លោកបន្ថែមថា៖ «ជាទូទៅ គាត់មានអាទិភាពជាងអ្នកដទៃដោយសារតែគាត់ដាក់ពាក្យគាត់បានសរសេរពីបទបិសោធរបស់គាត់នៅកូរ៉េ ហើយនិយោជកកូរ៉េ ពេលពិនិត្យបញ្ជីឈ្មោះពលករពីប្រទេសមួយៗហ្នឹង ច្រើនតែជ្រើសរើសអ្នកមានបទពិសោធចេញទៅធ្វើការនៅកូរ៉េហ្នឹង…អ៊ីចឹងបងប្អូនដែលធ្លាប់ចេញទៅធ្វើការប្រទេសកូរ៉េនេះ ទោះបីប្រឡងតាមវគ្គពិសេស ឬវគ្គធម្មតាក៏ដោយជាទូទៅគាត់មានអាទិភាព…»។

ពលករខ្មែរនៅកូរ៉េម្នាក់ ដែលជិតផុតអាណត្តិនិងត្រូវត្រឡប់មកកម្ពុជាវិញ លោក គង់ សារី ថ្លែងថា ការលុបចោលវគ្គធ្វើតេស្តពិសេសនេះ បានធ្វើឲ្យអ្នកដែលធ្លាប់ទៅធ្វើការនៅកូរ៉េមិនអាចវិលត្រឡប់ទៅវិញបានលឿនដូចលើកមុនៗ។ លោកពន្យល់ថា ពលករដែលចប់អាណត្តិអាចធ្វើតេស្តពិសេសនេះ ដោយមិនចាំបាច់រង់ចាំយូរទម្រាំមានការប្រឡងវគ្គធម្មតា ដែលលោកថា ធ្វើឡើងអំឡុងខែមេសា ឬ ក៏ខែឧសភា រាល់ឆ្នាំ។ លោកបន្តថា ពលករខ្លះពេលចប់អាណត្តិបានទទួលការសន្យាពីថៅកែឲ្យត្រឡប់ទៅធ្វើការនៅរោងចក្រដើមវិញ នៅពេលគេធ្វើតេស្តសមត្ថភាពវគ្គពិសេសនេះជាប់ ដោយមិនបាច់រង់ចាំការជ្រើសរើសពីអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណ រដ្ឋកូរ៉េ ពោលគឺថៅកែទាក់ទង និងរៀបចំឯកសារយកទៅបម្រើការវិញ។ ដោយឡែកលោកថា នៅពេលធ្វើតេស្តវគ្គធម្មតា ថៅកែមិនអាចជ្រើសរើសពលករចាស់របស់ខ្លួនវិញបានទេ ត្រូវជ្រើសរើសតាមការបញ្ជូនឈ្មោះរបស់ អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ហើយដូចគ្នាពលករក៏មិនអាចទាក់ទងផ្ទាល់ទៅថៅកែ ដើម្បីបានការងារដើមវិញនោះដែរ។ «ខ្ញុំសឹងតែមិនជឿ(ព័ត៌មាន)ហ្នឹងដែរដំបូង…យើងបាត់បង់អាទិភាព…ត្រូវរង់ចាំគេជ្រើសរើសឈ្មោះចំ…យើងមិនដឹងតវ៉ាយ៉ាងម៉េចទេនេះជាការសម្រេចរបស់ HRD-Korea (ភាគីកូរ៉េ)»។

បើតាមលោកហេង សួរ តម្លៃក្នុងការធ្វើតេស្តនៃវគ្គទាំងពីរនេះ មានតម្លៃ ២៤ ដុល្លារដូចគ្នា ហើយបេក្ខជនដែលចូលរួមប្រឡងវគ្គពិសេសក្នុងមួយឆ្នាំគិតជាមធ្យមមានប្រមាណជា ១០០០ នាក់ ខណៈដែលលោកថា អ្នកប្រឡងវគ្គធម្មតា មានចំនួនរហូតដល់លើសពី ៣ ម៉ឺននាក់។ កាលពីឆ្នាំ ២០១៦ ភាគីកូរ៉េ ទទួលពលករខ្មែរទៅធ្វើការចំនួន ៩៤០០ នាក់ ខណៈបេក្ខជនដាក់ពាក្យប្រឡងមានចំនួន ៥៤ ០០០ នាក់៕

website_news/2017012306.txt · Last modified: 2017/09/07 11:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki