website_news:2017012307

នគរបាលកម្ពុជាថា ភាគីវៀតណាមមិនទាន់ឆ្លើយតបជុំវិញការបញ្ជូនខ្លួនជនដៃដល់ធ្វើទារុណកម្មកុមារខ្មែរ

(http://vodhotnews.com) ដោយ កញ្ញា យួង ចន្នី ថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១៧ ម៉ោង 5:30 PM

មន្ត្រីអគ្គស្នងការនគរបាលជាតិ បានថ្លែងថា រហូតមកទល់ពេលនេះ ភាគីវៀតណាមនៅមិនទាន់ឆ្លើយតបចំពោះការស្នើសុំឱ្យបញ្ជូនខ្លួនជនល្មើសដែលបានធ្វើទារុណកម្មលើកុមារកម្ពុជានៅខេត្តមណ្ឌលគិរីនៅឡើយទេ។

លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានប្រាប់វីអូឌីនៅរសៀលនេះថា កម្ពុជាកំពុងបន្តជំរុញទៅភាគីវៀតណាមឲ្យបញ្ជូនខ្លួនជនដៃដល់ ង្វៀន ថាញ់ដុង មកផ្តន្ទាទោសនៅកម្ពុជា ប៉ុន្តែ រហូតមកទល់ពេលនេះ ភាគីវៀតណាមនៅតែបង្អូសពេលវេលា មិនឆ្លើយតបចំពោះការស្នើរសុំ និងមិនបញ្ជូនខ្លួនជនដៃដល់ មកកម្ពុជាឱ្យបានឆាប់នោះទេ។ លោកបានបញ្ជាក់ថា៖ “គេអត់ទាន់ឆ្លើយយើងកំពុងតែទាមទារដែរ គេថា ចាំសួរថ្នាក់លើគេ អីចឹងអត់ទាន់ឆ្លើយ ដូចជាគេចេះតែអូសពេលម៉េចមិនដឹង យើងកំពុងតែសួរនាំគាត់ ជំរុញឱ្យគាត់ ប៉ុន្តែ មិនដឹងថា ច្បាប់ស្រុកគេទាក់ទងនិតិវិធី មិនដឹងយ៉ាងមេច”។ លោកបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជានឹងបន្តជម្រុញឲ្យមានការឆ្លើយតប និងបញ្ជូនជនល្មើសខាងលើមកផ្តន្ទាទោសតាមច្បាប់នៅកម្ពុជា។

កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦កន្លងមក អាជ្ញាធរវៀតណាមបានឃាត់ខ្លួនជនល្មើសឈ្មោះ ង្វៀន ថាញ់ដុង ពីបទធ្វើទារុណកម្មក្មេងប្រុសកម្ពុជាម្នាក់នៅខេត្តមណ្ឌលគិរី ដែលជនល្មើសរូបនោះបានបង្ហោះវីដេអូបង្ហាញសកម្មភាពធ្វើទារុណកម្មលើក្មេងប្រុសខាងលើនោះនៅតាមបណ្តាញសង្គមពីរខែមុនការចាប់ខ្លួនជនល្មើសរូបនេះ៕

website_news/2017012307.txt · Last modified: 2017/08/24 13:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki