website_news:2017012308

ករណីវៀតណាមឆ្លងដែនខុសច្បាប់៦២នាក់មានមន្ត្រីខ្មែរនៅពីក្រោយខ្នង

(http://www.rasmeinews.com/local) ដោយ ៖បាយ៉ង់ ថ្ងៃទី 22 មករា 2017 ម៉ោង 11:07:AM

(មណ្ឌលគិរី)៖ករណីជនជាតិវៀតណាមឆ្លងដែនខុសច្បាប់ចំនួន៦២នាក់ ត្រូវបានសមត្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនទាំងកណ្តាលយប់ថ្ងៃទី១៩ ខែមករាត្រង់ចំណុចទឹកខួបក្នុងភូមិស្រែខ្ទុម ស្រុកកែវសីមា ខែត្រមណ្ឌលគិរីរួចហើយក៍បានបញ្ជូនជនទាំងនោះទៅស្រុកកំណើតដើមវិញលឿនៗ។ រឿងនេះត្រូវបានប្រភពដ៏ទុកចិត្តមួយបង្ហើបប្រាប់នៅថ្ងៃទី២១ខែមករាថាមានមន្ត្រីយោធាម្នាក់ជាអ្នកនៅពីក្រោយខ្នងនៃការដឹកនាំពួកគេមកធ្វើអាជីវកម្មរ៉ែមាសទ្រង់ទ្រាយធំខុសច្បាប់។

ក្រោយពីធ្វើការឃាត់ខ្លួនជនទាំង ៦២នាក់ នោះភ្លាមសមត្ថកិច្ចបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកែវសីមាជាអ្នកគ្រប់គ្រង។មិនយូរប៉ុន្មានមនុស្សទាំង៦២នាក់ ក៏បានបណ្តេញចេញទៅប្រទេសដើមគេវិញអស់តាមច្រកព្រំដែនអន្តរជាតិឡាប៉ាខេនិងកែវសីមា។ រឿងនេះបែកការណ៍ដោយសារថៅកែរ៉ែមាសមិនព្រមបើកប្រាក់ខែឱ្យពួកគេក៍នាំគ្នាជិះរថយន្តបីគ្រឿងវិលត្រឡប់ទៅវៀតណាមវិញទាំងយប់។ នៅពេលឃាត់ខ្លួនជនទាំង៦២នាក់នោះភ្លាមៗលោកតែគឹមសានបានចេញមុខមកអះអាងជាមួយកម្លាំងចម្រុះ។លោកគឹមសានមានការនិយាយជាមួយអធិការស្រុកកែវសីមាយ៉ាងស្ងៀមបំផុត។ លោកខៀវសុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី២១ ខែមករាថា ជា គោលការណ៍យើងត្រូវពិនិត្យមើលទៅលើលិខិតស្នាមអ្នកឆ្លងដែនទាំងនោះ។ សម្រាប់អ្នកនាំមនុស្ស៦២នាក់មកកម្ពុជាជារឿងផ្សេងមួយទៀត។ ក៍ប៉ុន្តែបើសិនជាអ្នកទាំង៦២នាក់នោះប្តឹងគាត់(តែគឹមសាន) ប្រាកដជាមានទោសធ្ងន់ធ្ងរចំពោះមុខច្បាប់ពីការជួញដូរកម្លាំងពលកម្មមនុស្សខុសច្បាប់។

អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលលោកម៉េងកក្កដាបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែមករាថាលោកតែគឹមសានជាប្រធានសហគមន៍រ៉ែមាសចុងផ្លាស់ជាលក្ខណៈគ្រួសារដែលនាំកម្មករទាំងនោះមកធ្វើអាជីវកម្មរ៉ែមាសឱ្យខ្លួនគាត់មែន។ លោកគឹមសានមានអាជ្ញាបណ្ណធ្វើអាជីវកម្មរ៉ែមាសលក្ខណៈគ្រួសារទ្រង់ទ្រាយតូចគឺមិនតម្រូវឱ្យគាត់ធ្វើអាជីវកម្មរ៉ែមាសជាទ្រង់ទ្រាយធំចឹងទេ។ លោកកក្កដាបានបន្តទៀតថាលោកតែគឹមសានគ្មានសិទ្ធិនាំពលករពីក្រៅប្រទេសចូលមកធ្វើការក្នុងស្រុកលក្ខណៈទ្រង់ទ្រាយធំឡើយ។ លោកគិតថា បើសិនជារកឃើញថាគាត់នាំពលករវៀតណាមមកមែនវាជារឿងខុសច្បាប់ធ្ងន់។ លោកកំពុងរង់ចាំខាងមន្ទីររ៉ែនិងថាមពលខែត្រមណ្ឌលគិរីធ្វើរបាយការណ៍ស្រាវជ្រាវច្បាស់លាស់។ លោកបានលើកយកសម្តីប្រធានមន្ទីររ៉ែមណ្ឌលគិរីថា កម្មករចំនួន៦២នាក់នោះបានចេញមកពីខែត្រក្រចេះ។ដូច្នេះវាមានព័ត៌មានពីរផ្ទុយគ្នាដែលលោកបានទទួល។

យោងតាមប្រភពពីទាហានម្នាក់សុំមិនបញ្ចេញឈ្មោះនៅមណ្ឌលគិរីបានឱ្យដឹងថាករណីដែលមានជនជាតិវៀតណាមឆ្លងដែនខុសច្បាប់មកកម្ពុជាគ្មានលិខិតឆ្លងដែននេះ ក៏ព្រោះតែលោក តែ គឹមសាន្តមានខ្នងបង្អែក។វៀតណាមទាំងអស់នេះចេញចូលទឹកដីខ្មែរយូរខែមកហើយធ្វើជាកម្មកររ៉ែមាស។ ប្រភពឱ្យដឹងថាវាជាការត្រូវរ៉ូវជាមួយលោកមេឃុំចុងផ្លាស់ដែរព្រោះលោកមេឃុំចុងផ្លាស់ក៍កំពុងតែធ្វើអាជីវកម្មរ៉ែមាសនៅក្នុងឃុំនោះដែរ។ ជុំវិញករណីនេះលោកតែគឹមសានប្រធានសហគមន៍រ៉ែមាសចុងផ្លាស់នៅរសៀលថ្ងៃទី២១ខែមករាមិនអាចធ្វើការទំនាក់ទំនងសុំបំភ្លឺបានទេ៕

website_news/2017012308.txt · Last modified: 2017/08/24 13:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki